ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មករ-និយោជិត ថែរក្សាសុខភាពឱ្យបានល្អ ក្នុងរដូវធ្លាក់ខ្យល់
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើការអំពាវនាវដល់កម្មករ-និយោជិត មានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពក្នុងរដូវធ្លាក់ខ្យល់ ឬ រដូវរំហើយនេះ ដើម្បីចៀសវាងការឆ្លងជំងឺដង្កាត់ផ្សេងៗ នាំឱ្យប៉ះពាល់ដល់ការងារ ក៏ដូចជាខ្សែច្រវាក់ផលិតកម្មរោងចក្រ។

លោក កត្តា អ៊ន បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២២ វិច្ឆិកា នេះថា «នៅក្នុងរដូវរំហើយនេះ អាចកើតមានជំងឺផ្ដាសាយនានា អីចឹងបងប្អូនកម្មករ-និយោជិត សូមថែរក្សាសុខភាពរបស់ខ្លួនផងដែរក្នុងការធ្វើដំណើរ ស្នាក់នៅ បរិភោគចំណីអាហារ និងភេសជ្ជៈផ្សេងៗ ត្រូវគិតពីសុខភាព ដើម្បីកុំឱ្យមានឆ្លងជំងឺផ្ដាសាយ និងជំងឺផ្សេងៗ ទៀត ធ្វើឱ្យរំខានដល់ការងាររបស់ខ្លួន»។
ចំណែកមន្ត្រីជំនាញសុខាភិបាល បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺផ្លូវដង្ហើម ជំងឺផ្ដាសាយ និងជំងឺភ្នែកក្រហម ក្នុងរដូវរំហើយនេះ ខណៈតាមការព្យាករ កម្ពុជា នឹងចុះត្រជាក់ចាប់ពីសប្ដាហ៍ទី ២ នៃខែវិច្ឆិកា រហូតដល់ខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ។

លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានមានប្រសាសន៍ថា ជាទូទៅ មកដល់ខែវិច្ឆិកានេះ គឺឈានដល់រដូវរំហើយ ឬ រដូវធ្លាក់ខ្យល់ ដែលទាមទារឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះជំងឺផ្លូវដង្ហើម ជំងឺផ្ដាសាយ និងជំងឺភ្នែកក្រហម។
លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស បានណែនាំថា ក្នុងករណីប្រជាពលរដ្ឋទាំងអស់ជួបនូវបញ្ហាជំងឺខាងលើនេះ សូមអញ្ជើញមកកាន់មន្ទីរពេទ្យឯកទេស ដើម្បីឱ្យគ្រូពេទ្យពិនិត្យ និងព្យាបាលជំងឺកូន ចៅរបស់លោកអ្នកបានទាន់ពេលវេលា។

យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានអង្កេត ពិនិត្យ និងវិភាគទៅលើស្ថានភាពវិវត្តប្រែប្រួល នៃសីតុណ្ហភាព នៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងលិច និងមហាសមុទ្រឥណ្ឌា ព្រមទាំងតំបន់អេក្វាទ័រ បានបង្ហាញឱ្យឃើញថា ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២៤ ដល់ខែមករា ឆ្នាំ ២០២៥ បាតុភូតឡានីញ៉ា (La Nina) មានប្រមាណ ៦០% និងអេនសូ (ENSO) ៤០% តាមសន្ទស្សន៍នេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំង ដែលនាំមកនូវខ្យល់ត្រជាក់ និងទទួលរបបទឹកភ្លៀងមានបរិមាណតិចតួច ហើយនឹងធ្វើឱ្យធាតុអាកាស ចាប់ពីសប្ដាហ៍ទីពីរ ខែវិច្ឆិកា ដល់ខែមករា ឆ្នាំ ២០២៥ ចុះត្រជាក់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?