ព័ត៌មានជាតិ
ប.ស.ស នឹងជំរុញការផ្លាស់ប្ដូររថយន្តកែច្នៃដឹកកម្មករទៅជារថយន្តដឹកអ្នកដំណើរ សម្រាប់ដឹកកម្មករ យ៉ាងយូរត្រឹមឆ្នាំ ២០២៧
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករ-និយោជិត ស.ផ.ក បានឱ្យដឹងថា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករបស់កម្មករ-និយោជិត ប.ស.ស. នឹងជំរុញការផ្លាស់ប្តូររថយន្តកែច្នៃដឹកកម្មករ-និយោជិតទៅជារថយន្តដឹកអ្នកដំណើរសម្រាប់ដឹកកម្មករ-និយោជិត យ៉ាងយូរត្រឹមឆ្នាំ ២០២៧ ខាងមុខនេះ។

ក្នុងពិធីផ្សព្វផ្សាយ“ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករ-និយោជិត ជូនអ្នកបើកបរយានយន្តដឹកកម្មករ-និយោជិត និងកម្មករ-និយោជិត” នៅរោងចក្រមួយ នាខេត្តកណ្តាល កាលពីថ្ងៃទី ២២ វិច្ឆិកា លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបន្តថា ដើម្បីរៀបចំមធ្យោបាយធ្វើដំណើរសមរម្យសម្រាប់កម្មករ-និយោជិត សំដៅលើកកម្ពស់កម្មវិធីបង្ការហានិភ័យការងារ ដោយត្រូវធ្វើបញ្ជីបច្ចុប្បន្នភាពអ្នកបើកបរយានយន្តដឹកកម្មករ-និយោជិតជាប្រចាំ និងត្រូវធ្វើការសិក្សាសមិទ្ធិលទ្ធភាពអំពីជម្រើសក្នុងការជំរុញការផ្លាស់ប្តូររថយន្តដឹកទំនិញដែលកែច្នៃដឹកកម្មករ-និយោជិត ពេលបច្ចុប្បន្ន ទៅជារថយន្តដឹកអ្នកដំណើរសម្រាប់ដឹកកម្មករ-និយោជិត យ៉ាងយូរត្រឹមឆ្នាំ ២០២៧ ក្នុងគោលបំណងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករបស់កម្មករ-និយោជិត។
លោកបណ្ឌិតប្រធានក្រុមការងារ បានថ្លែងទៀតថា ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាព ប.ស.ស. បានកំណត់សកម្មភាពផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ពេលធ្វើដំណើរ និងលក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ លក្ខខណ្ឌការងារ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម។ ក្នុងន័យនេះ ប.ស.ស. ក៏បានកំណត់នៅកម្មវិធីសិក្សា កិច្ចសហការ ដើម្បីរៀបចំមធ្យោបាយធ្វើដំណើរសមរម្យសម្រាប់កម្មករ-និយោជិត។

លោកបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ដែលតែងតែខិតខំប្រឹងប្រែង ចូលរួមគ្រប់សកម្មភាព ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ និងបានអំពាវនាវដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន រោងចក្រនានា ត្រូវធ្វើបច្ចុប្បន្នភាពកម្មករ-និយោជិតរបស់ខ្លួនដោយប្រកាសបង់ភាគទានមក ប.ស.ស. ដើម្បីឱ្យកម្មករ-និយោជិតដែលជួបគ្រោះថ្នាក់ការងារ និងមានបញ្ហាសុខភាព អាចទៅប្រើប្រាស់សេវានៅតាមមន្ទីរពេទ្យដែលជាដៃគូ ប.ស.ស. បានដោយឥតគិតថ្លៃ។
លោក ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល បានក្រើនរំលឹកដល់អ្នកបើកបរយានយន្តទាំងអស់ ត្រូវមានក្រមសីលធម៌លើការបើកបរនៅលើដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ព្រមទាំងថ្លែងអំណរគុណដល់ ប.ស.ស. និងអង្គភាពពាក់ព័ន្ធនានា ដែលបានសហការរៀបចំកម្មវិធីនេះឡើង ដើម្បីឱ្យកម្មករ-និយោជិតទាំងអស់ បានយល់ដឹងបន្ថែមលើច្បាប់ចរាចរណ៍ទាំងអស់គ្នា។

លោកឧត្ដមសេនីយ៍ទោ ទូច សុភា អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានកណ្តាលសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ ក៏បានធ្វើការអំពាវនាវដល់កម្មករ-និយោជិតទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការធ្វើដំណើរ ទាំងអ្នកធ្វើដំណើរដោយម៉ូតូ និងទាំងអ្នកដែលធ្វើដំណើរដោយរថយន្តដឹកកម្មករ-និយោជិត ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងករណីគ្រោះថ្នាក់ជាយថាហេតុ និងក្រើនរំលឹកផងដែរ ទៅកាន់អ្នកបើកបររថយន្ដដឹកកម្មករ-និយោជិតទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរ៕
អត្ថបទ ៖ សំអឿន





-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់