Connect with us

ព័ត៌មានជាតិ

មនុស្ស ៣០០០នាក់ ចូលរួមដង្ហែក្បួន ដើម្បីពិភពលោកគ្មានមីន នៅមុខប្រាសាទអង្គរវត្ត

បានផុស

នៅ

មនុស្សប្រមាណជា៣០០០នាក់ មកពីជុំវិញពិភពលោក បានមកជួបជុំគ្នានៅមុខប្រាសាទអង្គរវត្តរបស់កម្ពុជា ដើម្បីដង្ហែក្បួន បង្ហាញនូវឆន្ទៈរបស់ពួកគេដែលចង់ឃើញពិភពលោកមួយគ្មានគ្រាប់មីន។ ការជួបជុំដង្ហែរក្បួននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយអ្នកចូលរួមត្រូវដើរដង្ហែរលើរយៈចម្ងាយផ្លូវប្រមាណជា ៤គីឡូម៉ែត្រពីមុខប្រាសាទអង្គរវត្តដល់ព្រលានជល់ដំរី នៃក្រុងអង្គរធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ មានប្រសាសន៍ថា ការជួបជុំគ្នានេះ មិនមែនត្រឹមតែដើម្បីដង្ហែក្បួនប៉ុណ្ណោះទេ ប៉ុន្តែនេះ ជាការប្តេជ្ញាចិត្តរួមគ្នារបស់ពិភពលោក ដែលចង់បានសន្តិភាពយូរអង្វែង។ លោកថា រាល់ជំហានដែលបានឈានរួមគ្នា គឺជាការឈានឆ្ពោះទៅរកសុខសុវត្ថិភាព សន្តិភាព និងអនាគតមួយដែលមនុស្សលែងមានក្តីបារម្ភថាដីដែលខ្លួនដើរជាន់ នឹងមិនមានបង្កប់គ្រាប់មីនឡើយ។

លោកបន្តថា «វត្តមានរបស់ព្រះអង្គម្ចាស់ លោក លោកស្រី សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ដែលមកពីគ្រប់ទិសទីក្នុងពិភពលោក គឺមិនមែនត្រឹមតែជាការចូលរួមក្នុងការដង្ហែរក្បួននោះទេ តែវាជាបេះដូងនៃសកម្មភាពរួមមួយរបស់យើងទាំងអស់គ្នា ដែលកំពុងដើរឆ្ពោះទៅរកអនាគតមួយដែលកូនៗរបស់យើងអាចរត់លេងដោយសេរី កសិកររបស់យើងអាចធ្វើស្រែចម្ការដោយមិនមានការភ័យខ្លាច ហើយសហគមន៍របស់យើងនឹងរីកលូតលាស់ប្រកបដោយសុវត្ថិភាព»។

សៀមរាប ជាខេត្តដែលបានបញ្ចប់សង្គ្រាមសស៊ីវិលចុងក្រោយគេបង្អស់នៅក្នុងក្របខណ្ឌប្រទេសកម្ពុជា។ បន្ទាប់ពីកម្ពុជាទទួលបានសន្តិភាពពេញក្រោមនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោហ៊ុនសែន និងបន្តមកដល់នីតិកាលទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រី កម្ពុជាបានរីកចម្រើនគ្រប់វិស័យ។ ជាពិសេស ខេត្តដែលជាកូនពៅនៃការបញ្ចប់សង្គ្រាមនេះ ក៏មានលទ្ធភាពពេញក្នុងការរៀបចំព្រឹត្តការណ៍ធំៗប្រកបដោយសុខសុវត្ថិភាពជាក់ស្តែងដូចជាការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាបអង្គរ ស្តីពីពិភពលោកមួយគ្មានមីន នៃអនុសញ្ញាអូតាវ៉ានេះជាដើម។

ចំណែក លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ថ្ងៃនេះ សៀមរាប គឺជាបេះដូងនៃបេសកកម្មសាកលមួយ គឺការឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន។ ការដើរដង្ហែក្បួនថ្ងៃនេះ ចេញដំណើរពីប្រាសាទអង្គរវត្ត ឆ្ពោះទៅកាន់លានជល់ដំរី មិនមែនជាការដើរធម្មតានោះទេ តែជានិមិត្តរូបដ៏សំខាន់ នៃការប្តេជ្ញាចិត្តរួមគ្នាឆ្ពោះទៅការសម្រេចបានអនាគតមួយ ដែលគ្មានការគំរាមកំហែងដោយសារគ្រាប់មីន។ 

លោកថា «គ្រាប់មីនបានឆក់យកជីវិតមនុស្សជាច្រើន គំរាមកំហែងដល់សហគមន៍ និងបានបំផ្លាញអនាគតមនុស្សជាច្រើនផងដែរ ក៏ប៉ុន្តែ ថ្ងៃនេះយើងនឹងដើរទៅមុខរួមគ្នា ជាមួយជនរងគ្រោះដោយសារមីន សហគមន៍ ស្ថាប័នសាសនា និងអង្គការនានា ដើម្បីជាសក្ខីភាពបង្ហាញថា នៅពេលដែលយើងរួមគ្នា យើងនឹងអាចឆ្ពោះទៅសម្រេចបាន អនាគតមួយដែលមានសុវត្ថិភាព និងសុខសន្តិភាព»។

សូមបញ្ជាក់ថា ការដើរដង្ហែក្បួនេះ គឺជាការចាប់ផ្តើមនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីភពលោកមួយដែលគ្មានមីន ដែលបានបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជា នៅក្នុងចលនាសាកល ក្នុងការលុបបំបាត់គ្រាប់មីន។ ការយកខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ជាទីតាំងនៃកិច្ចប្រជុំដ៏ពិសេសនេះ បានឆ្លុះបញ្ចាំពីការប្តេជ្ញាក្នុងតំបន់ទាំងមូល នៅក្នុងបុព្វហេតុដ៏សំខាន់នេះ និងរំលឹកដល់បុគ្គលជាច្រើន ដែលបានខិតខំប្រឹងប្រែងដោយមិនគិតពីការនឿយហត់ ដើម្បីប្រែក្លាយក្តីស្រមៃឱ្យក្លាយទៅជាការពិត គឺពិភពលោកមួយដែលមិនមានការរងគ្រោះថ្នាក់ និងទុក្ខវេទនា ដោយសារគ្រាប់មីន៕

ដោយ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១១ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម