Connect with us

ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតបារាំង ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ភាសាបារាំង

បានផុស

នៅ

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា លោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ភាសាបារាំងនៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកសាមាជ និងមហាសន្និបាតសមាគមសាស្ត្រាចារ្យភាសាបារាំងនៃកម្ពុជា លើកទី៨ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។

បើតាមការផ្សាររបស់ក្រសួងអប់រំបង្ហាញថា លោក Jacques PELLET បានប្តេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាគាំទ្រដល់ការលើកកម្ពស់ភាសាបារាំង។ លោកក៏បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលតែងតែយកចិត្តទុកដាក់គាំទ្រដល់កម្មវិធីសិក្សាភាសាបារាំង និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាគមគ្រូបង្រៀនភាសាបារាំងនៃកម្ពុជា (APFC) ក្នុងការរៀបចំសន្និបាតនេះឡើងដើម្បីជាឱកាសឆ្លុះបញ្ចាំងពីលទ្ធផលការងារកន្លងមក ក៏ដូចជារៀបចំផែនការសកម្មភាពបន្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការចូលរួមលើកកម្ពស់ការបង្រៀននិងរៀនភាសាបារាំងក្នុងចំណោមយុវជនកម្ពុជា ដែលទាំងនេះ បង្ហាញច្បាស់ថាភាសាបារាំងបានចាក់ឫស និងបន្តប្រើប្រាស់យ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកទឹកចិត្តឱ្យបន្តលើកកម្ពស់សារៈសំខាន់នៃភាសាបរទេស ជាពិសេសភាសាបារាំងក្នុងចំណោមអ្នកសិក្សារៀនសូត្រ ដោយគូសរំលេចថា យុវជនត្រូវចេះភាសាបរទេសយ៉ាងតិចចំនួនពីរឡើងទៅ ហើយការរៀនភាសាបារាំង និងភាសាបរទេសផ្សេងទៀត នឹងជំរុញឱ្យសិស្ស និស្សិត អ្នកសិក្សាទទួលបានចំណេះដឹងថ្មីៗ ដែលផ្សារភ្ជាប់ជាមួយវប្បធម៌ ទំនៀមទម្លាប់ និងរបៀបរស់នៅ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយក្នុងការបន្តពង្រឹងនិងពង្រីកដែននៃការសិក្សា ចំណេះដឹង និងជំនាញឱ្យកាន់តែទូលំទូលាយឈានទៅកសាងអនាគតដ៏ភ្លឺស្វាង ប្រកបដោយចំណេះដឹង និងចំណេះធ្វើដែលមានឧត្តមភាពប្រៀបធៀបជាមួយប្រទេសក្នុងតំបន់ និងក្នុងពិភពលោក។

ក្រសួងអប់រំ បានបញ្ជាក់ថា ផ្អែកលើឫសគល់ប្រវត្តិសាស្ត្រ កម្ពុជានៅតែបន្តផ្តល់សារៈសំខាន់ដល់ភាសាបារាំងនៅក្នុងប្រព័ន្ធអប់រំ ហើយបច្ចុប្បន្ន ក្រសួងក៏បាននិងកំពុងជំរុញឱ្យសាលារៀនអនុវត្តការសិក្សាពេញមួយថ្ងៃ ដោយមានការណែនាំនូវកម្មវិធីរៀនភាសាបរទេសជាជីវភាសាទី ១ និងទី ២ (ភាសាបារាំង និងអង់គ្លេស) ដែលក្នុងនោះក៏មានភាសាបារាំងសម្រាប់សិស្សានុសិស្សចាប់ពីថ្នាក់ទី៧ ដែលជាឆ្នាំដំបូងនៃសាលាមធ្យមសិក្សា។ ការរៀនភាសាបារាំងជំរុញឱ្យមានការអភិវឌ្ឍការយល់ដឹង បង្កើនជំនាញដោះស្រាយបញ្ហា ដោយសិស្សតែងតែស្វែងរកវិធីដើម្បីយល់ និងទំនាក់ទំនងជាភាសាបរទេស ជំរុញឱ្យមានការច្នៃប្រឌិតខ្ពស់ ដោយអ្នកសិក្សាស្វែងរកវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតដើម្បីជម្នះឧបសគ្គផ្នែកភាសា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៦ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៨ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៩ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម