ព័ត៌មានជាតិ
មន្ទីរពេទ្យកុមារអង្គរ បង្កើតយុទ្ធនាការរៃអង្គាសថវិកា “រួមគ្នាដើម្បីព្យាបាលកុមាររងរបួសធ្ងន់ធ្ងរ”
មន្ទីរពេទ្យកុមារអង្គរ បានប្រកាសអំពីយុទ្ធនាការរៃអង្គាសថវិកា “រួមគ្នាដើម្បីព្យាបាលកុមាររងរបួសធ្ងន់ធ្ងរ” ដែលនឹងដំណើរការចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។ យុទ្ធនាការនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសេវាកម្មរបស់មជ្ឈមណ្ឌលព្យាបាលជំងឺធ្ងន់ និងរបួសប៉ះទង្គិចនៅមន្ទីរពេទ្យកុមារអង្គរ ជាពិសេស ដើម្បីរៃអង្គាសថវិកា ចំនួន១៥០ ០០០ដុល្លារអាមេរិក សម្រាប់ដំណើរការមជ្ឍមណ្ឌលទាំងមូលផងដែរ។

នៅក្នុងស្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៥ ខែវិច្ចិកា ឆ្នាំ២០២៤ នេះ លោក ឡេង ណារ៉ា វេជ្ជបណ្ឌិតវះកាត់នៃមន្ទីរពេទ្យកុមារអង្គរ បានពន្យល់ថា គ្រោះថ្នាក់អាចកើតឡើងចំពោះកុមារគ្រប់ពេលវេលា ប៉ុន្តែមរណៈភាព និងពិការភាពជាច្រើនអាចត្រូវបានចៀសវាងបាន ប្រសិនបើកុមារទទួលបានការថែទាំត្រឹមត្រូវ និងទាន់ពេលវេលា។ លោកបន្តថា កុមារដែលមកទទួលសេវានៅមន្ទីរពេទ្យកុមារអង្គរ ភាគច្រើនគ្មានកន្លែងណាទៀតត្រូវទៅនោះទេ ហើយក្រុមគ្រូពេទ្យនៅទីនោះបានយកចិត្តទុកដាក់ចំពោះកុមារ និងបានចាត់ទុកកុមារគ្រប់រូប ដូចជាកូនៗអញ្ចឹង។
លោកបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ មន្ទីរពេទ្យកុមារអង្គរបានអភិវឌ្ឍ មជ្ឈមណ្ឌលព្យាបាលជំងឺធ្ងន់ និងរបួសប៉ះទង្គិចដំបូងបង្អស់របស់ខ្លួន។ មជ្ឈមណ្ឌលនេះ គឺជាមជ្ឍមណ្ឌលឯកទេសដែលផ្តល់ការថែទាំ និងវះកាត់យ៉ាងទូលំទូលាយសម្រាប់អ្នកដែលមានជំងឺធ្ងន់ធ្ងរ និងរបួសប៉ះទង្គិចនានា។ មជ្ឈមណ្ឌល បានផ្តល់ជូននូវសេវាជាច្រើនដូចជា ការសង្គ្រោះបន្ទាន់ ព្យាបាលជំងឺធ្ងន់ធ្ងរ ការវះកាត់ ការព្យាបាលដោយចលនា អាហារូបត្ថម្ភ និងសេវាសង្គមកិច្ចវេជ្ជសាស្ត្រ។

ចំណែក លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បានមានប្រសាសន៍ថា «មន្ទីរពេទ្យកុមារអង្គរ គឺជាមន្ទីរពេទ្យសម្រាប់កុមារគ្រប់ៗរូប និងជាអនាគតរបស់យើងទាំងអស់គ្នា។ យើងនឹងបន្តរួមចំណែក ដើម្បីអភិវឌ្ឍន៍ សេវាថែទាំសុខភាពដ៏មានសារៈសំខាន់ ជាមួយនឹងឧបករណ៍វេជ្ជសាស្ត្រត្រឹមត្រូវ ដើម្បីឱ្យកុមារគ្រប់រូប អាចទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព»។
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា បានឱ្យដឹងថា មជ្ឈមណ្ឌលព្យាបាលជំងឺធ្ងន់ និងរបួសប៉ះទង្គិចរបស់មន្ទីរពេទ្យកុមារអង្គរ ផ្តល់ការថែទាំ និងវះកាត់ដល់កុមារដែលមានរបួសប៉ះទង្គិច ឬជំងឺដែលគំរាមកំហែងដល់អាយុជីវិត រួមមានអ្នកជំងឺដែលមកពីគ្រោះថ្នាក់ដូចជាការដួល ធ្លាក់ពីទីខ្ពស់ គ្រោះថ្នាក់ចរាចរណ៍ និងរលាកធ្ងន់ធ្ងរ។ នៅឆ្នាំ២០២៤ នេះ លោករំពឹងថានឹងផ្តល់សេវាព្យាបាល និងវះកាត់ ឱ្យកុមារបានប្រហែល ១ ០៦៨នាក់ សង្គ្រោះជីវិតដល់កុមារដែលមានជំងឺធ្ងន់ ចំនួន ១ ៤៧៨នាក់ និងសង្គ្រោះបន្ទាន់ដល់កុមារចំនួន ១ ៧២២នាក់។

លោកបន្តថា ប្រទេសកម្ពុជាមានមន្ទីរពេទ្យមួយចំនួន ដែលផ្ដល់ការព្យាបាលដល់កុមារដែលមានរបួសប៉ះទង្គិច និងជំងឺធ្ងន់ធ្ងរផងដែរ។ ប៉ុន្តែ សម្រាប់មន្ទីរពេទ្យកុមារអង្គរ ផ្តោតលើសេវាឯកទេសរបស់ខ្លួនដោយមានគ្រូពេទ្យឯកទេសផ្នែកវះកាត់ផ្ដោតជាពិសេសលើកុមារ និងវ័យជំទង់ (១៦ដល់ ១៨ឆ្នាំ) និងមានបំពាក់ដោយឧបករណ៍ទំនើបៗ។ មន្ទីរពេទ្យក៏ផ្តល់នូវសេវាគាំទ្របន្ថែមទៀត ដូចជាជំនួយផ្នែកអាហារូបត្ថម្ភ ផ្នែកសង្គមកិច្ចវេជ្ជសាស្រ្ដ និងការព្យាបាលដោយចលនា ដែលទាំងអស់នេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការជាសះស្បើយឡើងវិញយ៉ាងឆាប់រហ័សរបស់កុមារ។
ទន្ទឹមនេះ មន្ទីរពេទ្យកុមារអង្គរសង្ឃឹម និងអំពាវនាវដល់សប្បុរសជន ក្រុមហ៊ុន អាជីវកម្ម សិល្បករ និងប្រជាជនទាំងក្នុងនិងក្រៅប្រទេស ទាំងអស់គ្នានឹងជួយគាំទ្រ ក៏ដូចជាបរិច្ចាគដល់យុទ្ធនាការរៃអង្គាសថវិកា “រួមគ្នាដើម្បីព្យាបាលកុមាររងរបួសធ្ងន់ធ្ងរ” និងជួយកសាងអនាគតដ៏ត្រចះត្រចង់ និងមានសុខភាពល្អសម្រាប់កុមារកម្ពុជា។

សូមបញ្ចាក់ថា មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គភាពសុខភាពមិនស្វែងរកប្រាក់ចំណេញ ដែលផ្តល់សេវាសុខភាពកុមារ មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប។ ចាប់តាំងពីឆ្នាំ១៩៩៩មក មន្ទីរពេទ្យកុមារអង្គរបានជួយសង្គ្រោះជីវិតកុមាររាប់លាននាក់ ផ្តល់ការអប់រំបង្ការសុខភាពដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ សាលារៀន មណ្ឌលសុខភាព និងអប់រំបណ្តុះបណ្តាលវេជ្ជសាស្ត្រដល់មន្ត្រីសុខាភិបាល និស្សិតវេជ្ជសាស្ត្រ គិលានុបដ្ឋាក និងឆ្មប។
ជាទូទៅមន្ទីរពេទ្យកុមារអង្គរ ទទួលពិនិត្យ ព្យាបាល ថែទាំកុមារប្រមាណ ៣០០ ទៅ ៤០០នាក់ ក្នុងមួយថ្ងៃៗ និងត្រូវការជំនួយ ប្រមាណ ៦លានដុល្លារ ជារៀងរាល់ឆ្នាំដើម្បីដំណើរការមន្ទីរពេទ្យ និងសកម្មភាពអប់រំនានា៕
ដោយ៖ជុន កុសល

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី