Connect with us

ព័ត៌មានជាតិ

១ ឆ្នាំនេះ ក្រសួងដែនដី ចុះ​បញ្ចីក្បាលដី​ទូទាំងប្រទេស​សម្រេច​បាន ៦៦% គ្រោងបញ្ចប់​​​ត្រឹមឆ្នាំ ២០២៥

បានផុស

នៅ

អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​បង្ហាញលទ្ធផល​នៃ​ការ​វាស់វែង​ចុះបញ្ជីក្បាលដី​ទូទាំង​ប្រទេស ដើម្បីផ្តល់កម្មសិទ្ធិស្របច្បាប់​ក្នុងការកាន់កាប់អចលនទ្រព្យ​ដល់​ប្រជាពលរដ្ឋ​។

នៅក្នុង​សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​បង្ហាញលទ្ធផល​ការងារ​ក្នុងរយៈពេល ១ ឆ្នាំ នៃអាណត្តិទី៧ គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ការងារវាស់វែងចុះបញ្ចីក្បាល​ដី​សម្រេចបាន ៣ ១៤៤ ៤៨៥ ក្បាលដី ស្មើនឹង ៦៦,១៩% ដោយក្នុងនោះក្បាលដីនៅ​សល់​មិនទាន់​វាស់វែងមានចំនួន ១ ៦០៥ ៥២២​ ក្បាល​ដីស្មើនឹង ៣៣,៨១% ដែលនឹងត្រូវវាស់វែងបញ្ចប់នៅឆ្នាំ២០២៥ ខាងមុខ។

ចំពោះការចេញបណ្ណកម្មសិទ្ធិ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រសួងចេញបណ្ណបាន ១ ០៣៤ ៦២៤ បណ្ណ ចុះបញ្ជីដីរដ្ឋតាមនិតិវិធីពិសេសបានចំនួន ៤៤ បណ្ណ ត្រៀមចេញបណ្ណចំនួន ៤ ៤២៣ បណ្ណជូនពលរដ្ឋដែលចាកចេញពីបុរាណដ្ឋាន ក្នុងក្រុងសៀមរាប និងប្រាសាទបាគង និង ២៤ បណ្ណ ជូនរដ្ឋតំណាងដោយ​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនេះ ក្រសួងកំពុងខិតខំជំរុញការងារចុះបញ្ជីដីរដ្ឋ ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងដីគរុភណ្ឌវត្តព្រះពុទ្ធសាសនាឱ្យបានបញ្ចប់ផងដែរ។

អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​កំណត់​ការងារអាទិភាពក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺការកាត់បន្ថយ និងលុបបំបាត់បញ្ហាចម្រូងចម្រាស់ក្នុងសង្គម ដោយក្នុងនោះផ្តោតលើ “ការចុះបញ្ជីដីធ្លី” ស្របតាមទិសស្លោក “ចុះបញ្ជីដីបង្ហើយ បរិយាកាសគ្មានវិវាទ សេវាគាប់​​ចិត្ត” ដើម្បីកាត់បន្ថយវិវាទ ផ្តល់សុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋ និងកសាងសង្គមសុខដុមនីយកម្មនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម