Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកការងារកែទម្រង់ ជាឱកាសក្នុងការកែលម្អអង្គភាពឱ្យកាន់តែប្រសើរឡើង

បានផុស

នៅ

ក្នុងពិធីបិទសិក្ខាសាលា ស្តីពី «ផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចាត់ទុកការកែទម្រង់ ជាឱកាសកែលម្អខ្លួន និងជាឱកាសក្នុងការកែលម្អអង្គភាពឱ្យកាន់តែប្រសើរឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍ ក្នុងពិធីបិទសិក្ខាសាលានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការងារកែទម្រង់រដ្ឋបាលសាធារណៈ នៅនីតិកាលទី៧ នៃរដ្ឋសភា មិនមែនជារឿងថ្មីនោះទេ គឺជាកិច្ចការដែលបន្តពីនីតិកាលមុនៗ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកសាងគ្រឹះសម្រាប់យើង ដើម្បីអនុវត្តបន្ត។ នៅពេលនេះ ការងារកែទម្រង់រដ្ឋបាលសាធារណៈ នីតិកាលទី៧ នៃរដ្ឋសភា ខុសប្លែកពីនីតិកាលទី៦ ទៅលើវិធីសាស្ត្រនៃការអនុវត្ត និងការកំណត់អាទិភាព នៃវិធានការគន្លឹះតែប៉ុណ្ណោះ។

ឯកឧត្តមបានបន្ថែមថា ការងារកែទម្រង់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាការដឹកនាំដោយផ្ទាល់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការងារកែទម្រង់រដ្ឋបាលសាធារណៈ ក៏មិនមែនជាការងារដោយឡែករបស់ក្រសួងមុខងារសាធារណៈ តែម្នាក់ឯងនោះដែរ គឺជាការងាររបស់ក្រសួង ស្ថាប័នទាំងអស់គ្នា រួមទាំងអង្គភាពថ្នាក់ក្រោមជាតិផងដែរ។

ការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលក្រសួងមុខងារសាធារណៈ កំពុងសហការ និងសម្របសម្រួលនាពេលនេះ គឺមិនមែនជាការដាក់សម្ពាធ មិនមែនជាការវះកាត់ ឬជាដាក់វិធានការតឹងតែងចំពោះក្រសួង ស្ថាប័នទេ ផ្ទុយទៅវិញ នេះគឺជាការផ្តល់នូវការគាំទ្រ និងជំនួយបច្ចេកទេស ចាំបាច់ដើម្បី ធានាដល់ ស្ថាប័ន កាន់តែរឹងមាំ និងអនុវត្តបេសកកម្មរបស់ ក្រសួងស្ថាប័ន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ នេះជាការបញ្ជាក់បន្ថែមរបស់ ឯកឧត្តម ហ៊ុន ម៉ានី។

សូមជម្រាបដែរថា សិក្ខាសាលារយៈ ១ថ្ងៃពេញនេះ បានរៀបចំឱ្យមាននូវបទបង្ហាញចំនួន៣ ពីវាគ្មិនជាថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ព្រមទាំងរៀបចំវេទិការសំណួរ-ចម្លើយ លើប្រធានបទស្តីពី វិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៣ នៃរដ្ឋសភា ដើម្បីបកស្រាយនូវចម្ងល់មង្ទិលរបស់សិក្ខាកាមមកលើវិធានការគន្លឹះទាំង៣ ក្នុងការជំរុញដំណើរការអនុវត្តការជ្រើសរើស គ្រប់គ្រងនិងអភិវឌ្ឍមន្ត្រីរាជការស៊ីវិល ក្នុងការសម្រេចឱ្យបាននូវទស្សនវិស័យ និងគោលដៅរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម