ព័ត៌មានជាតិ
ឈានដល់ការប្រមូលផលម្ទេសលើកទី២ ឈ្មួញទម្លាក់ថ្លៃម្ទេសស្ទើរពាក់កណ្តាល
ការប្រមូលផលម្ទេសដៃនាងឆ្នាំនេះ នៅក្នុងដំណាក់កាលទី១ ប្រជាកសិករថាអាចរកចំណូលបានគ្រាន់បើ ខណៈតម្លៃលើទីផ្សារបានល្អប្រសើរ ដែលអាចទូទាត់ការចំណាយលើកម្លាំងពលករ និងសល់ខ្លះគ្រាន់ផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារ និងសម្រាប់ទុនធ្វើបន្ត។ ប៉ុន្តែឈានដល់ការប្រមូលផលម្ទេសលើកទី២ ឈ្មួញបានទម្លាក់តម្លៃម្ទេសស្ទើរតែពាក់កណ្តាល។

កសិករ បានឱ្យដឹងថា ចំណូលបានមកពីការប្រមូលផលក្នុងដំណាក់កាលទី១ អាចសល់សម្រាប់ទប់ទល់និងការប្រមូលផលនៅដំណាក់កាលទី២។ ប៉ុន្តែ នៅដំណាក់កាលទី២ ពួកគេមិននឹកស្មានថា ទីផ្សារបានស្រុតចុះយ៉ាងឆាប់បែបនេះសោះ ខណៈកាលពីប្រមូលផលលើកទី១ លក់បានក្នុងតម្លៃ ៤ ៥០០ រៀល ក្នុង ១ គីឡូក្រាម ហើយម្ទេសខ្ចីបាន ៣៥០០ រៀល ក្នុង ១ គីឡូក្រាម តែប៉ុន្មានថ្ងៃមកនេះម្ទេសដៃនាងទុំលក់បានតែ ២៥០០ រៀល ហើយ ម្ទេសខ្ចី លក់បាន ១៥០០ រៀល ប៉ុណ្ណោះ។
កសិករនៅស្រុកបាណន់ លោក ប៊ុនធឿន បានឱ្យដឹងថា ចំណូលដែលបានពីការប្រមូលផលលើកទី១ គឺបានចំណាយទៅវិញលើកម្លាំងពលករស្ទើរគ្មានសល់ធ្វើទុន ខណៈលើកទី២ លោកបានបំប៉នជីច្រើនជាងលើកទី១ ដោយសារតែគិតថា តម្លៃម្ទេសនៅរក្សាដូចការប្រមូលផលកាលពីលើកទី១ ដដែល ទើបលោកខំបំប៉នដោយចំណាយលើជីច្រើនជាងមុនបន្តិច តែដល់ពេលប្រមូលផលវគ្គទី២ ប៉ុន្មានថ្ងៃមកនេះ ក៏ស្រាប់តែតម្លៃធ្លាក់ចុះស្ទើរពាក់កណ្តាល។

ការប្រមូលទិញផ្លែម្ទេសពីឈ្មួញ ដែលបានទម្លាក់តម្លៃនេះ លទ្ធផលក៏មិនខុសពីកសិករនៅស្រុកឯកភ្នំប៉ុន្មានទេ កសិករបានឲ្យដឹងថា ឈ្មួញតែងតែឆ្លៀតឱកាសយកចំណេញច្រើនពីពួកគេ ខណៈដែលម្ទេសអាចម៍សត្វ ពួកគេលក់រាល់រដូវកាល មិនក្រោម ៨ ០០០ រៀល នោះទេ ក្នុង ១ គីឡូក្រាម តែពេលនេះឈ្មួញឲ្យតម្លែតែ ៤០០០ រៀល ប៉ុណ្ណោះ ក្នុង ១ គីឡូក្រាម។
អ្នកស្រី ម៉េង សារ៉ាន់ និងលោក ផ្លាន វណ្ណះ ជាកសិករប្រកបរបរដាំម្ទេសអាចម៍សត្វនៅក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ បានឲ្យដឹងថា ពួកគេនិយមដាំម្ទេសអាចម៍សត្វ ដោយសារតែម្ទេសប្រភេទនេះមហាជន និងនៅតាមបណ្តាហាងគុយទាវ ឬហាងបាយគេនិយមបំផុត ទើបវាមានតម្លៃថ្លៃ តែពេលនេះលក់បានតែ ១ គីឡូក្រាម ៤០០០ រៀល ប៉ុណ្ណោះ បើទូទាត់ទាំងជី និងការថែទាំ ស្ទើរតែមិនចង់រួចខ្លួនផង។

ដោយឡែក អ្នកស្រី វណ្ណថា វ័យ ៧៤ឆ្នាំ នៅក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង បានឲ្យដឹងថា បច្ចុប្បន្នអ្នកស្រីលក់ម្ទេសដៃនាងបន្តឲ្យអាជីវករដែលលក់ក្នុងផ្សារនានាក្នុងក្រុង បាន ១ គីឡូក្រាម ៣៥០០រៀល សម្រាប់ម្ទេសទុំ ខណៈដែលគាត់បានឱ្យកូនជួយទៅទិញនៅតាមចម្ការមួយថ្ងៃត្រឹម ៥០ទៅ ១០០ គីឡូក្រាម ប៉ុណ្ណោះ គ្រាន់បានទ្រទ្រង់សេដ្ឋកិច្ច ដោយមិនពឹងលើកូនទាំងស្រុងនោះទេ។

អ្នកស្រីបន្តថា «មុននិងទៅទិញម្ទេសនៅតាមចម្ការ ខ្ញុំបានដើរសួរអាជីវករតាមផ្សារជាស្រេច ខ្លះយក ២០ គីឡូក្រាម ខ្លះយក ៥០ គីឡូ ខ្លះក៏យក ៣០ គីឡូក្រាម អ៊ីចឹងយ៉ាងហោចក្នុង ១ថ្ងៃខ្ញុំលក់បានចន្លោះពី ៥០ ទៅ ១០០ គីឡូក្រាម រាល់ថ្ងៃ ខណៈក្រុមឈ្មួញដើរទម្លាក់តម្លៃម្ចាស់ចម្ការផង ចឹងខ្ញុំអាចរកចំណូលបានចន្លោពី ៥ ទៅ ១០ ម៉ឺនរៀលក្នុងមួយថ្ងៃដែរ»៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា