Connect with us

ព័ត៌មានជាតិ

លំហាត់ហ្វឹកហ្វឺនកងទ័ពកម្ពុជា-ឡាវ-វៀតណាម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបិទបញ្ចប់ដោយជោគជ័យ

បានផុស

នៅ

លំហាត់ហ្វឹកហ្វឺនរួមគ្នា រវាងកងទ័ពបីប្រទេស កម្ពុជា-ឡាវ-វៀតណាម ឆ្នាំ២០២៤ ក្រោមប្រធានបទ (ប្រតិបត្តិការជួយសង្គ្រោះ គ្រោះមហន្តរាយ បាក់រលំអគារ) រយៈពេល ១០ ថ្ងៃ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ នៅថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបិទបញ្ចប់ត្រូវបានធ្វើឡើងនៅ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ត្រ ភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់យ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណៈរដ្ឋប្រជាធិបេតយ្យ ប្រជាមានិតឡាវ និងនាយឧត្តមសេនីយ៍ ហ្វាង វ៉ាន់ ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណៈរដ្ឋសង្គមនិយម វៀតណាម ។

លំហាត់ហ្វឹកហ្វឺនសមយុទ្ធរួមគ្នាលើកនេះ គឺជាលើកទី៣ នៃការធ្វើលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នា ទាំងបីប្រទេស បន្ទាប់ពីភាគីឡាវ និងវៀតណាម បានធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០២២ និង២០២៣ រួចមកហើយ។ គោលបំណងនៃការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នានេះ គឺដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងចែករំលែកចំណេះដឹង ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ជាពិសេសដើម្បីត្រៀមលក្ខណៈក្នុងការឆ្លើយតបជាបន្ទាន់ និងត្រៀមដោះស្រាយថាហេតុ ដែលកើតចេញពីបម្រែបម្រួលអាកាសធាតុ ដែលអាចបង្កជាគ្រោះមហន្តរាយដោយធម្មជាតិផ្សេងៗ។

ថ្លែងបិទលំហាត់ហ្វឹកហ្វឺនរួមគ្នា កម្ពុជា-ឡាវ-វៀតណាម, លោក ទៀ សីហា បានគូសបញ្ជាក់ថា លំហាត់ហ្វឹកហ្វឺនរួមគ្នានាពេលនេះ ក្នុងគោលបំណងធ្វើឱ្យកងទ័ពទាំងបីប្រទេស ទទួលបានការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក និងបង្កើននូវកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែជិតស្និតថែមទៀត។

លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់ក្រុមការងារកងទ័ពទាំងបីប្រទេស ដែលបានសហការគ្នាយ៉ាងជិតស្និទ អនុព័ន្ធយោធាឡាវ វៀតណាម ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋានខ.ភ.ម និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រៀបចំលំហាត់នេះដោយរលូន និងទទួលបានដោយជោគជ័យតាមកម្មវិធីដែលបានគ្រោងទុក។


លោក ទៀ សីហា សង្កត់ធ្ងន់ថា៖« ជោគជ័យដែលសម្រេចបាននាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍចំណងមិត្តភាពប្រទេសទាំងបី ក្នុងស្មារតីស្ម័គ្រចិត្តរួមគ្នា បន្តអនុវត្តតាមទស្សនរួម ដែលរដ្ឋាភិបាលប្រទេសទាំងបីបានឯកភាពគ្នាពង្រឹងការប្រាស្រ័យទំនាក់ទំនងទៅវិញទៅមកកាន់ស៊ីជម្រៅ លើកិច្ចសហប្រតិបត្តិការវិស័យយោធាឱ្យទទួលបាននូវសមិទ្ធផលថ្មីៗបន្ថែមនៅពេលអនាគត»។

នាយកទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការរដ្ឋាន និងជាប្រធានអនុគណៈកម្មការហ្វឹកហ្វឺន នៃគណៈកម្មការអន្តរក្រសួង កងយោធពលខេមរភូមិន្ទ  លោក  ប៉ែន សុក្រឹតវិទ្យា បានឱ្យដឹងថា លំហាត់ហ្វឹកហ្វឺនរួមគ្នានេះត្រូវបានរៀបចំជាពីរខ្លឹមសារហ្វឹកហាត់ គឺប្រតិបត្តិការសង្គ្រោះបាក់រលំអគារ និងប្រតិបត្តិការសង្គ្រោះសុខាភិបាល ក្នុងនោះមានផ្នែកមន្ទីរពេទ្យកម្រិត១ និងមន្ទីរពេទ្យកម្រិត២។

ពេលវេលាហ្វឹកហាត់ រួមមានរយៈពេលចំនួន ១០ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានកម្លាំងចូលរួមហ្វឹកហាត់សរុបចំនួន ៦៩៨នាក់ ក្នុងនោះ ភាគីកងទ័ពកម្ពុជា ចំនួន ៥៦៣នាក់, ភាគីកងទ័ពឡាវ ចំនួន ៦៤នាក់ និងភាគីកងទ័ពប្រជាជនវៀតណាម ចំនួន ៧១នាក់។

ភាគីកម្ពុជា បានប្រើប្រាស់គ្រឿងសម្ភារបំពាក់ និងបរិក្ខារបាក់រលំអគារ ចំនួន ២៧មុខ, ឧទ្ធម្ភាគចក្រ MI-17 ចំនួន ០១គ្រឿង, ឧទ្ទម្ភាគចក្របំពាក់ និងបរិក្ខារសម្រាប់សង្គ្រោះការបាក់រលំអាគារ ចំនួន ២៧មុខ, រថយន្តសង្គ្រោះបន្ទាន់ ចំនួន០៧គ្រឿង, តង់សុខាភិបាល ចំនួន ១២តង់, សម្ភារបរិក្ខារពេទ្យចំនួន ៣៤មុខ និងបរិក្ខារផ្សេងៗ មួយចំនួនទៀត។
ភាគីវៀតណាម ប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ០១គ្រឿង, រថយន្តវិស្វកម្មចំនួន១គ្រឿង, រថយន្ត១២កៅអី ១គ្រឿង និងបរិក្ខារផ្សេងៗ មួយចំនួន ខណៈភាគីឡាវ ប្រើប្រាស់បរិក្ខារបាក់រលំអគារ មួយចំនួនផងដែរ។

លោក ប៉ែន សុក្រឹតវិទ្យា បានបញ្ជាក់ថា ឆ្លងកាត់ការហ្វឹកហ្វឺនលើប្រធានបទ និងខ្លឹមសារខាងលើ យើងអនុវត្តបានយ៉ាងជោគជ័យទៅតាមផែនការ និងធានាបាននូវសន្តិសុខ សុវត្ថិភាពទាំងមនុស្ស និងសម្ភារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ វិនាទី មុន

លំហាត់ហ្វឹកហ្វឺនកងទ័ពកម្ពុជា-ឡាវ-វៀតណាម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបិទបញ្ចប់ដោយជោគជ័យ

ព័ត៌មានជាតិ៨ នាទីutes មុន

សម្ដេចធិបតី ថា រដ្ឋាភិបាលនៅឈរខាងអ្នកធុរកិច្ចជានិច្ច តាមរយៈការជួយគាំទ្រគ្រប់ជំហាន

ព័ត៌មានជាតិ១០ នាទីutes មុន

ឈានដល់កា​រប្រមូលផលម្ទេសលើកទី២ ឈ្មួញទម្លាក់ថ្លៃម្ទេស​ស្ទើរពាក់កណ្តាល

ជីវិតកម្សាន្ដ១៤ នាទីutes មុន

លោក ទីវ តារារិទ្ធិ ត្រេកអរដែលសាធារណជនទទួលស្គាល់សេចក្តីព្យាយាមខ្លួន ក្នុងបេសកកម្មដើម្បីកុមារកម្ពុជា

ព័ត៌មានជាតិ២១ នាទីutes មុន

ក្រសួងអប់រំ បានប្រកាសពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ទៅសិក្សានៅប្រទេសថៃ

Sokha Hotels

ព័ត៌មានពេញនិយម