ព័ត៌មានជាតិ
កងទ័ពកម្ពុជា-ឡាវ-វៀតណាម ឯកភាពពង្រឹងសន្តិសុខព្រំដែន ជាព្រំដែនសន្តិភាព
កងទ័ពកម្ពុជា ឡាវ និងវៀតណាម បានឯកភាពគ្នា ក្នុងការការពារថែរក្សាសន្តិសុខ តាមតំបន់បណ្ដោយព្រំដែននៃប្រទេសទាំងបី ជាព្រំដែនសន្តិភាព ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋរស់នៅតាមព្រំដែនឱ្យកាន់តែមានជីវភាពធូរ ព្រមទាំងពង្រឹងកិច្ចសហការក្នុងការបង្រ្កាបបទល្មើសឆ្លងដែនដោយខុសច្បាប់។
ការឯកភាពនេះ សម្រេចឡើងនាឱកាស ក្រសួងការពារជាតិកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីការពារជាតិបីប្រទេស កម្ពុជា-ឡាវ-វៀតណាម កាលពីថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានការចូលរួមពីគណៈប្រតិភូក្រសួងការពារប្រទេសឡាវ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉្ញាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ និងវៀតណាម ដឹកនាំដោយ នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ ហ្សាងរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។

លោក ទៀ សីហា បានចាត់ទុកថាកិច្ចប្រជុំនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់កងទ័ពនៃប្រទេសទាំងបី ក្នុងការពង្រឹងពង្រីកចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើនសម្រាប់តំបន់ព្រំដែន រវាងប្រទេសទាំងបី ឱ្យមានស្ថិរភាព សន្តិសុខ កាន់តែល្អប្រសើរ និងមានសន្តិភាពដូចអ្វីដែលប្រទេសយើងទាំងបីធ្លាប់មានទំនាក់ទំនងជាប្រពៃណីតាំងពីយូរយាណាស់មកហើយ។
ឆ្លងតាមកិច្ចប្រជុំនេះ កងទ័ពទាំងបីប្រទេសបានឯកភាពសហការគ្នា ក្នុងការការពារថែរក្សាសន្តិសុខ តាមតំបន់បណ្ដោយព្រំដែន នៃប្រទេសទាំងបី ជាព្រំដែនសន្តិភាព ដោយរក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាពតាមបណ្ដោយព្រំដែន ដើម្បីបង្កគ្រប់លក្ខណៈសម្បត្តិដល់ពលរដ្ឋដែលរស់នៅប្រកបរបររកស៊ីតាមព្រំដែន ឱ្យមានជីវភាពកាន់តែធូរធា។

កងទ័ពទាំងបីប្រទេស នឹងពង្រឹងកិច្ចសហការក្នុងការទប់ស្កាត់បទល្មើសឆ្លងដែនដោយខុសច្បាប់ ទប់ស្កាត់រាល់សកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការបរបាញ់សត្វព្រៃ ការជីករុករកសម្បត្តិធម្មជាតិ ការកាប់និងបំផ្លាញព្រៃឈើ ការជួញដូរវត្ថុបុរាណ ការជួញដូរអាវុធយុទ្ធភណ្ឌ និងការប្រព្រឹត្តបទល្មើសខុសច្បាប់ផ្សេងៗទៀត។
រាល់បញ្ហាដែលកើតមានឡើងប្រការណាមួយនៅតំបន់ព្រំដែន ប្រទេសទាំងបី តាមរយៈកងទ័ព និងអាជ្ញាធរពាក់ព័ន្ធតាមតំបន់ព្រំដែនជាប់គ្នានៅតំបន់នោះ នឹងធ្វើការទំនាក់ទំនងល្អជាមួយគ្នា ដោះស្រាយដោយសន្តិវិធី ជួបប្រជុំផ្លាស់ប្តូរព័ត៌មានដោះស្រាយបញ្ហា ដែលកើតមានឡើងតាមបណ្ដោយព្រំដែន ដោយសន្តិវិធី ហើយត្រូវរាយការណ៍ និងសុំមតិយោបល់ពីថ្នាក់លើ។
បន្ថែមពីនេះ កងទ័ពទាំងបី នឹងចូលរួមទប់ស្កាត់រាល់ការឃោសនារបស់ភាគីអមិត្តផ្សេងៗ ដែលបង្កការញុះញង់ឱ្យមានអំពើហិង្សាកើតឡើង ដែលជាការបំបែកបំបាក់នូវចំណងសាមគ្គីភាព មិត្តភាព របស់ប្រជាជាតិ និងកងទ័ពប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម។ ជាមួយគ្នានេះដែរ ភាគីទាំងបី នឹងយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ដើម្បីអប់រំប្រជាពលរដ្ឋប្រទេសនីមួយៗ ដែលរស់នៅតាមបណ្ដោយព្រំដែនប្រទេសទាំងបី ឱ្យមានការយល់ដឹងអំពីច្បាប់ និងសេចក្ដីកំណត់ផ្សេងៗ របស់ប្រទេសនីមួយៗ ចៀសវាងការប្រព្រឹត្តអំពើល្មើសច្បាប់ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពតាមបណ្ដោយព្រំដែន នៃប្រទេសទាំងបី។

គួរជម្រាបថា នេះគឺជាលើកទី៣ហើយ ដែលកងទ័ពប្រទេសទាំងបីប្រទេសកម្ពុជា-ឡាវ-វៀតណាម បានជួបប្រជុំពិភាក្សាផ្លាស់ប្ដូរយោបល់ និងការបញ្ចេញនូវទស្សនៈ បទពិសោធន៍ ពីគ្នាទៅវិញទៅមក និងផ្ដល់ឱកាសឱ្យកងទ័ពប្រទេសទាំងបី បានធ្វើការផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក តាមរយៈនៃការរៀបចំឱ្យមានការធ្វើលំហាត់ហ្វឹកហ្វឺនសមយុទ្ធរួមគ្នា លើប្រធានបទ “សង្គ្រោះគ្រោះមហន្តរាយ ការបាក់រលំអាគារ និងការងារសុខាភិបាលមនុស្សធម៌សង្គ្រោះគ្រោះមហន្តរាយ” សម្រាប់ឆ្នាំ២០២៤នេះ។
រដ្ឋមន្ត្រីការពារជាតិទាំងបី ក៏បានឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីការពារជាតិ និងធ្វើលំហាត់ហ្វឹកហ្វឺនសមយុទ្ធរួមគ្នាកងទ័ពបីប្រទេសកម្ពុជា-ឡាវ-វៀតណាមបន្តទៀត នៅលើទឹកដីប្រទេសឡាវ នៅឆ្នាំ២០២៥ ព្រមទាំងបានចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំនេះ ប្រកបដោយភាពស្និទ្ធស្នាល យោគយល់គ្នា ក្នុងនាមប្រទេសជិតខាងល្អ មិត្តភាពជាប្រពៃណី និងគោរពអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី