Connect with us

ព័ត៌មានជាតិ

ក្រសួងការបរទេសកម្ពុជា៖ បទឈប់បាញ់អ៊ីស្រាអែល-លីបង់ នឹងឈានទៅបញ្ឈប់ការប្រយុទ្ធគ្នាឆ្លងព្រំដែន

បានផុស

នៅ

កិច្ចព្រមព្រៀងលើបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ នឹងឈានទៅបញ្ឈប់ការប្រយុទ្ធគ្នាឆ្លងព្រំដែនរវាងកម្លាំងប្រដាប់អាវុធប្រទេសទាំងពីរ។ នេះជាការរំពឹងទុករបស់ក្រសួងការបរទេសកម្ពុជា ក្រោយអ៊ីស្រាអែល និងលីបង់ បានប្រកាសបទឈប់បាញ់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមានការសម្របសម្រួលពីសំណាក់សហរដ្ឋអាមេរិក និងបារាំង នៅទីបំផុត គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល បានយល់ព្រមលើបទឈប់បាញ់មួយជាមួយក្រុមហេសបូឡាលីបង់ ដែលបទឈប់បាញ់នេះបានចូលជាធរមាននៅម៉ោង ៤ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

តាមរយៈបទឈប់បាញ់នេះ កងទ័ពអ៊ីស្រាអែលនឹងត្រូវដកចេញពីភាគខាងត្បូងប្រទេ​សលីបង់ ខណៈក្រុមហេសបូឡាក៏នឹងដកថយចេញពីភាគខាងជើងទន្លេ Litani ដូចគ្នា។ មជ្ឈដ្ឋានទូទៅ បានរំពឹងថា កិច្ចព្រមព្រៀងនេះ នឹងឈានទៅរកការបញ្ចប់អំពើហិង្សារយៈពេលជាងមួយឆ្នាំមកនេះ ដែលផ្តើមឡើងនៅពេលក្រុមហេសបូឡា បើកការវាយប្រហារទៅលើអ៊ីស្រាអែល កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣។

លើបញ្ហានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា ក៏បានសម្ដែងការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងលើបទឈប់បាញ់ ដែលប្រកាសដោយអ៊ីស្រាអែល និងលីបង់ ពេលនេះ។ ក្រសួងការបរទេស តាមរយៈ​សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ បានបង្ហាញក្ដីសង្ឃឹមថា កិច្ចព្រមព្រៀងនេះ នឹងនាំទៅដល់ការបញ្ឈប់ជាអចិន្ត្រៃយ៍នៃការប្រយុទ្ធគ្នាឆ្លងព្រំដែនរវាងអ៊ីស្រាអែល-លីបង់។

គួរជម្រាបថា ចាប់តាំងពីការបើកការវាយប្រហារគ្នាទៅវិញទៅមក កាលពីខែតុលា ឆ្នាំ២០២៣មក អ៊ីស្រាអែលបានសម្លាប់ប្រជាជនលីបង់ចំនួន ៣ ៧៦៨នាក់ និងបង្ខំឱ្យ ១.២លាននាក់ទៀតត្រូវជម្លៀសខ្លួន ដោយសារតែសង្គ្រាមដ៏សាហាវនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម