ព័ត៌មានជាតិ
រាជធានីភ្នំពេញ ទទួលបានជ័យលាភីជារាជធានីបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)
រាជធានីភ្នំពេញទទួលបានជ័យលាភីជារាជធានីបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+) លើកទី១ ដោយគ្រប់ខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន និងមានបង្គន់សាធារណៈប្រើប្រាស់រួមគ្នាផងដែរ។

ពិធីប្រកាសជ័យលាភី ជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+) ត្រូវបានធ្វើឡើងនាព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ រ៉េស៊ីដង់សុខា ភ្នំពេញ ក្រោមអធិបតីភាពលោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
លោក ឆាយ ឬទ្ធិសែន បានមានប្រសាសន៍ថា គិតត្រឹមពេលនេះ រាជធានី និងខេត្តចំនួន១១ហើយ ដែលសម្រេចបានជារាជធានី ខេត្ត ដែលបានបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល រួមមាន ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនៈគីរី សៀមរាប និងខេត្តត្បូងឃ្មុំ ហើយនៅថ្ងៃនេះរាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ពិតជាស័ក្ដិសម ដែលសំរេចបាននូវការបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+)លើកទី១ដោយជោគជ័យ។

លោក ឆាយ ឬទ្ធិសែន បានបន្តទៀតថា មកដល់ពេលនេះ អត្រាគ្រប់ដណ្តប់ទឹកស្អាត និងអនាម័យនៅទូទាំងប្រទេសបានប្រមាណ៨៨,៨% ពោលគឺអត្រាគ្រប់ដណ្តប់ទឹកស្អាត ស្មើនិង៨៦% និងអត្រាគ្រប់ដណ្តប់អនាម័យនៅទូទាំងប្រទេសមានចំនួន៩១% ហើយនៅក្នុងឆ្នាំ២០៣០ខាងមុខ នឹងត្រូវសម្រេចអត្រាគ្រប់ដណ្តប់អោយបាន១០០%។ ការសំរេចបានរាជធានី ខេត្ត (ODF+)និង (ODF) គិតត្រឹមថ្ងៃនេះ មានចំនួន១២រាជធានី ខេត្ត លើសពីនេះ ក្រសួងបានដាក់ចេញជាផែនការនៅឆ្នាំ២០២៤ និងសម្រេចអោយបាន២ខេត្តទៀត នោះគឺខេត្តតាកែវ និងខេត្តស្ទឹងត្រែង ដែលនឹងទៅទទួលពានជាខេត្តបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល ដែលនឹងកើនដល់១៤/២៥រាជធានី ខេត្ត នៅទូទាំងប្រទេស។ ថ្ងៃនេះយើងពិតជាមានមោទនៈភាពដែលរាជធានីភ្នំពេញ សំរេចបានជារាជធានីបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល កម្រិតខ្ពស់ (ODF+) លើទី១ មានន័យថា គ្រប់ខ្នងផ្ទះនីមួយៗមានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន និងមានបង្គន់សាធារណៈប្រើប្រាស់រួមគ្នាផងដែរ។

លោក ឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ និងបានបញ្ជាក់បន្ថែមថា រាជធានីភ្នំពេញបានបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល យូឆ្នាំហើយ។ លោក ឃួង ស្រេង បានបន្តទៀតថា រដ្ឋបាលរាជធានីភ្នំពេញ បានប្តេជ្ញាចិត្តក្នុងផ្តល់នូវសេវាតម្រូវការ និងសេវាសំណូមពរអោយដល់គោលដៅអភិវឌ្ឍន៍ដោយចីរភាពនៅឆ្នាំ២០៣០ រួមមានដូចខាងក្រោម៖
ទី១ ពង្រឹកសេវាគ្របដណ្តប់ប្រព័ន្ធលូមេ ៨០ទៅ៩០ភាគរយក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទី២ បង្កើនអនាម័យនៅតាមខ្នងផ្ទះប្រជាពលរដ្ឋ និងតភ្ជាប់បណ្តាញលូមេអោយបានច្រើន ទី៣ ពង្រឹងការគ្រប់គ្រងអនាម័យនៅតាមខ្នងផ្ទះពិសេសនៅតំបន់ជាយក្រុង ទី៤ បង្កើតស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បន្ថែមទៀតដើម្បីបង្កើតសមត្ថិភាពប្រព្រឹត្តកម្មទឹកកខ្វក់ មុនបញ្ជូលទៅក្នុងប្រភពទឹកធម្មជាតិ ទី៥ ពង្រីកសេវាប្រមូលសំរាម កាកសំណល់រឹងគ្រប់ដណ្តប់លើករាជធានីភ្នំពេញ ទី៦ ជម្រុញការផ្តល់ទឹកស្អាត អគ្គិសនីអោយកាន់តែមានស្ថេរភាពនិងទូលំទូលាយថែមទៀត។

លោក ឃួង ស្រេង ក្នុងឱកាសនោះក៏បានធ្វើការអំពាវនាវអោយភាគីពាក់ព័ន្ធ បន្តចូលរួមជាពហុវិស័យ កែលំអរ អនាម័យ បរិស្ថាន ដោយត្រូវផ្លាស់ប្តូរទំលាប់ តាមរយៈការប្រើប្រាស់បង្គន់អោយបានត្រឹមត្រូវនិងការទុកដាក់ ការញែកសំរាម ការបញ្ចេញសំរាមតាមពេលវេលាកំណត់ និងការលាងដៃនិងសាប៊ូអោយបានស្អាត ដើម្បីអោយរាជធានីភ្នំពេញមានភាពស្រស់ស្អាត បរិស្ថានល្អនិងដើម្បីសុខភាពរបស់យើងទាំងអស់គ្នា ជៀសវាងពីជម្ងឺឆ្លងផ្សេងៗ ហើយក៏ជាការសន្សំសំចៃសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិអោយកាន់តែប្រសើរថែមទៀតផង៕
អត្ថបទ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ