ព័ត៌មានជាតិ
ក្រោយវិលមកកាន់តំណែងចាស់ លោក ប្រាក់ សុខុន ចេញទៅទស្សនកិច្ចនៅចិនមុនគេ
ចិន គឺជាប្រទេសដំបូងគេដែលប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចេញទៅធ្វើទស្សនកិច្ចនៅក្រៅប្រទេស បន្ទាប់ពីលោកបានវិលមកកាន់តំណែងចាស់នេះវិញ។ មុនដំណើរទស្សនកិច្ចនេះ លោក ប្រាក់ សុខុន ក៏បានជួបជជែកគ្នាជាមួយអ្នកការទូតរបស់ចិនប្រចាំនៅភ្នំពេញ លោក វ៉ាង វិនពីន ដែរ។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈទាក់ទងការបរទេសនៃគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២៤ តបតាមការអញ្ជើញរបស់ភាគីចិន។
ក្នុងឱកាសទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងលោក លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន រួមទាំងគ្រោងជួបជាមួយឥស្សរជនចិនផ្សេងទៀត។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។

ក្រសួងការបរទេស បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតកម្ពុជាទៅកាន់ប្រទេសចិន នៅពេលនេះ ក្នុងគោលបំណងដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ ស្របពេលដែលឆ្នាំ២០២៤នេះ គឺជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនកម្ពុជា-ចិន។
ជាការកត់សម្គាល់ មុនដំណើរទស្សនកិច្ច ២ថ្ងៃ ពោលគឺកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដោយបានពិភាក្សាគ្នាពាក់ព័ន្ធនឹងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សំដៅកសាងអនាគតរួមគ្នា និងជជែកគ្នាដើម្បីត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន នាពេលខាងនេះផងដែរ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូត វ៉ាង វិនពីន បានអះអាងពីការប្តេជ្ញាចិត្តក្នុងការអនុវត្តឱ្យបានជោគជ័យនូវកុងសង់ស៊ីស និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ដើម្បីជំរុញគម្រោងសំខាន់ៗដូចជា ច្រករបៀងត្រី និងស្រូវ ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម គម្រោងអភិវឌ្ឍន៍កសិកម្មទំនើប និងគម្រោងថាមពលចម្រុះ ក៏ដូចជាការលើកកម្ពស់ការកសាងសហគមន៍កម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក្នុងការកសាងអនាគតរួមគ្នានៅយុគសម័យថ្មី ដោយចាត់ទុកជាគំរូសម្រាប់មនុស្សជាតិ។
ប្រមុខការទូតកម្ពុជា បានលើកឡើងពីការរួមចំណែកយ៉ាងសំខាន់របស់ភាគីចិនដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ កសិកម្ម ថាមពល និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ ខណៈ លោកឯកអគ្គរដ្ឋទូត បានរំលឹកឡើងវិញនូវការគាំទ្រឥតងាករេរបស់ចិនសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា រួមទាំងគម្រោងព្រែកជីក ហ្វូណនតេជោ និងការប្តេជ្ញាចិត្តរបស់ចិនក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។

អ្នកការទូតប្រទេសទាំងពីរ ក៏បានសាទរចំពោះការកំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ហើយតាមរយៈនេះ ភាគីទាំងពីរបានពិភាក្សាអំពីសារៈសំខាន់នៃការបង្កើនជើងហោះហើរត្រង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ដើម្បីស្តារឡើងវិញនូវចំនួនភ្ញៀវទេសចរចិនមកកម្សាន្តនៅកម្ពុជាឱ្យដូចមុនមានជំងឺរាតត្បាតកូវីដ-១៩។
ពាក់ព័ន្ធនឹងការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាផលប្រយោជន៍រួម លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់លើការគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរជាតិ និងបានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ