ព័ត៌មានជាតិ
លោក ហ៊ឹម យ៉ាន ប្រាប់ឱ្យអាជ្ញាធរពាក់ព័ន្ធចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់មូលដ្ឋាន ដើម្បីទប់ស្កាត់គ្រោះថ្នាក់
លោក ហ៊ឹម យ៉ាន រដ្ឋលេខាធិការដ្ឋានក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអះអាងថា ដើម្បីជំរុញការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព និងដើម្បីទប់ស្កាត់កំណើនអ្នកស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ គឺអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្ត ត្រូវចុះផ្ទាល់អប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់មូលដ្ឋាន និងមុខសញ្ញា ដែលតែងកើតឡើងនូវគ្រោះថ្នាក់ចរាចរណ៍ ឬប្រព្រឹត្តបទល្មើសចរាចរណ៍។

លោក ហ៊ឹម យ៉ាន បានអះអាងដូច្នេះនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងខេត្តសៀមរាប។ លោកអះអាងបន្ថែមថា អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្ត ត្រូវបង្កើតយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់សិស្ស កម្មករ មន្ត្រីរាជការ កងកម្លាំង និង ប្រជាពលរដ្ឋ និងត្រូវពង្រឹងយន្តការដឹកនាំថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក ដើម្បីជំរុញអនុវត្តឱ្យបានជោគជ័យនូវផែនការ ជាតិទសវត្សសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករយៈពេល១០ឆ្នាំ ឱ្យបាន៥០% ក្នុងនោះ ត្រូវផ្តោតលើគោលការណ៍បី គឺធានាសុវត្ថិភាពអ្នកប្រើប្រាស់ផ្លូវ ធានាសុវត្ថិភាពផ្លូវ និងធានាសុវត្ថិភាពយានយន្ត។

លោក ហ៊ឹម យ៉ាន បានបន្តទៀតថា ដើម្បីទប់ស្កាត់កំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ចំពោះមុខ គឺត្រូវជំរុញការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព ការរឹតបន្តឹងចំពោះអ្នកបើកបរយានយន្តតាមដងផ្លូវ ដោយផ្តោតលើមុខសញ្ញា មូលហេតុបង្កគ្រោះថ្នាក់ ពេលវេលា និងទីតាំងដែលមានគ្រោះថ្នាក់ច្រើន។ ការរឹតបន្តឹងសណ្តាប់ធ្នាប់តាមដងផ្លូវ ត្រូវចាត់ការបំបាត់ការយកចិញ្ចើមផ្លូវ ឬទ្រូងផ្លូវ ដើម្បីសាងសង់ សំណង់ លក់ដូរ ដាក់តាំងវត្ថុនានា ចតយានជំនិះនៅកន្លែងហាមឃាត់ ដែលអាចបង្កគ្រោះថ្នាក់ និងកកស្ទះចរាចរ ណ៍ ដូចជាការរឹតបន្តឹងចំពោះការប្រឡងផ្តល់បណ្ណបើកបរយានយន្ត ត្រូវបង្កើនការគ្រប់គ្រងសាលាបង្រៀនបើកបរ យានយន្ត និងការប្រឡងផ្តល់បណ្ណបើកបរយានយន្ត និងត្រូវធ្វើការត្រួតពិនិត្យជាប្រចាំ តម្រង់ទិសឱ្យអនុវត្តត្រឹម ត្រូវតាមច្បាប់ និងបទដ្ឋាននានា។
ចំណែក គ្រប់សាលាបង្រៀនបើកបរ ត្រូវមានលិខិតអនុញ្ញាត គ្រូបង្រៀនត្រូវមានវិញ្ញាបនបត្របញ្ជាក់សមត្ថភាព ត្រូវបង្រៀនតាមមេរៀនទាំងទ្រឹស្តី និងជាក់ស្តែងឱ្យគ្រប់ម៉ោង ត្រូវមានយានយន្តតាមស្តង់ដាសម្រាប់ បង្រៀន ត្រូវចាត់ការម៉ឺងម៉ាត់ចំពោះករណីល្មើសតាមវិធានការរដ្ឋបាល និងច្បាប់។ ក្រៅពីនេះ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្ត ត្រូវបង្កើតប៉ាណូ បដា ពាក្យស្លោក អប់រំស្តីពីសុវត្ថិភាពចរាចរណ៍ តាំងនៅកន្លែងគ្រោះថ្នាក់ញឹកញាប់ ដងផ្លូវ ទីសាធារណៈ ប្រមូលមតិ យោបល់ និងប្រតិកម្មនានាពីសាធារណជនពាក់ព័ន្ធការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងធ្វើការបំភ្លឺ ឆ្លើយតប ដោះស្រាយឱ្យបានសមស្រប និងទាន់ពេល ឬវាយបកចំពោះការផ្សព្វផ្សាយមិនពិតក្នុងចេតនាទុច្ចរិត។ បន្ថែមលើនេះទៀត ក៏ត្រូវបំពាក់សញ្ញាចរាចរណ៍ គំនូសសញ្ញា ភ្លើងសញ្ញា ឱ្យបានគ្រប់គ្រាន់ និងអាចមើលឃើញពេលយប់ កំណត់តំបន់ជើងកបដែលមានគ្រោះថ្នាក់ញឹកញាប់ និងធ្វើការកែសម្រួលជាបន្ទាន់ ជួសជុលផ្លូវខូច ដែលអាចមានគ្រោះថ្នាក់ កែលម្អគោលដៅងាយកកស្ទះ និងរៀបចំសណ្តាប់ធ្នាប់ដងផ្លូវ និងកសាងចំណតផងដែរ។

រីឯ លោក លី សារី អភិបាលរងខេត្តសៀមរាបវិញ បានលើកឡើងថា ក្រុមការងារអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត និងក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត បានសហការ និងចូលរួមសកម្មភាពអនុវត្តការងារជាមួយក្រុមការងារថ្នាក់ជាតិ និងចុះត្រួតពិនិត្យ អនុវត្តវិធានការច្បាប់ ចំពោះយានយន្តខុសលក្ខណៈបច្ចេកទេស ចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនិងបង្កាទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដំណើរ និងសិស្សសាលាជាប្រចាំ។ ទោះជាយ៉ាងនេះក្តី ហើយបញ្ហាទាំងនេះ បណ្តាលមកពីកត្តាមួយចំនួន រួមមាន ការរបើកបរហួសល្បឿនកំណត់ ការជិះវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការបើកបរក្នុងស្ថានភាពស្រវឹង និងមានការប្រើប្រាស់គ្រឿងញៀនផ្សេងៗ ការបើកបរដោយខ្វះការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោកបញ្ហាបច្ចេកទេសផ្លូវថ្នល់ ការប្រើប្រាស់រថយន្តកែច្នៃ គ្មានបច្ចេកទេសតាមច្បាប់កំណត់ និងការបើកបរដោយខ្វះការយោគយល់អាធ្យាស្រ័យគ្នា ។ល៕
ដោយ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


