ព័ត៌មានជាតិ
ក្រសួងវប្បធម៌រកឃើញម្ចាស់ជ័យលាភីមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ ឆ្នាំ២០២៤
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរកឃើញម្ចាស់ជ័យលាភីមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ ឆ្នាំ២០២៤ ដោយចំណាត់ថ្នាក់លេខ១បានទៅលើរឿង «ទៅអត់» លេខ២បានទៅលើរឿង «នាគមាស» និងលេខ៣បានទៅលើរឿង «ផ្ការីកនាពេលរាត្រី» ។

ថ្លែងបិទមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤ បានឱ្យដឹងថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤នេះ មានរយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខដោយមានភាពយន្តខ្នាតខ្លីសុំចូលរួមប្រកួតប្រជែងចំនួន៤៦ស្នាដៃ ក្នុងនោះ ស្នាដៃ ភាពយន្តខ្លីសម្រាប់ប្រកួតប្រជែងមានចំនួន ៣៤ស្នាដៃ និងស្នាដៃឯកសារភាពយន្តខ្នាតខ្លី សម្រាប់ ប្រកួតប្រជែងមានចំនួន១២ស្នាដៃ។ ជាមួយនេះ មានស្នាដៃភាពយន្តឯកសារខ្លីចំនួន២២ស្នាដៃបានចូលរួមចាក់បញ្ចាំងផងដែរ។
លោកបានបន្តថា អនុគណៈកម្មការមេប្រយោគវគ្គជម្រុះបានពិនិត្យវាយតម្លៃប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សុក្រឹត្យ យុត្តិធម៌ ដោយបានជ្រើសរើសស្នាដៃភាពយន្តខ្នាតខ្លីចំនួន ០៥ស្នាដៃសម្រាប់ដាក់ឲ្យចូលប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រហើយជាលទ្ធផលរកឃើញម្ចាស់ជ័យលាភីលេខ១បានទៅលើរឿង «ទៅអត់» ទទួលបានពាន់រង្វាន់មាស ១
អមដោយទឹកប្រាក់ចំនួន១២លានរៀល លេខ២បានទៅលើរឿង «នាគមាស» ទទួលបានពានប្រាក់មួយ អមដោយទឹកប្រាក់៨លានរៀល និងលេខ៣បានទៅលើរឿង «ផ្ការីកនាពេលរាត្រី» ទទួលបានពានសំរឹទ្ធអមដោយទឹកប្រាក់៤លានរៀល និងពានរង្វាន់ភាពយន្តឯកសារខ្លីទទួលបានពានមួយអមដោយទឹកប្រាក់២លានរៀល។ ក្រៅពីនោះក៏មានពាន រង្វាន់លើកទឹកចិត្តមួយចំនួនទៀតផងដែរ។

លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងនូវការអបអរសាទរជូនចំពោះប្អូនៗដែលទទួលបានជ័យលាភីនៅក្នុងមហោស្រពភាពយន្តខ្នាតខ្លីកម្ពុជានាឆ្នាំនេះ។ លោក ហាប់ ទូច បានមានប្រសាសន៍ថា ទោះបីជាប្អូនៗទទួលបានជ័យលាភីក្តី
ឬមិនទទួលបានក្តី សូមចាត់ទុកថា ព្រឹត្តិការណ៍នេះ គឺជាឱកាសសម្រាប់យើងទាំងអស់គ្នា បានសិក្សាស្វែងយល់
និងចូលរួមចែករំលែកនូវចំណេះដឹង និងបទពិសោធពីគ្នាទៅវិញទៅមកហើយលោកសូមលើកទឹកចិត្តដល់ប្អូនៗ
ឲ្យបន្តការខិតខំប្រឹងប្រែងបណ្តុះការយល់ដឹងអំពីតម្លៃពិតនៃសិល្បៈភាពយន្ត ហើយរួមគ្នាខិតខំបង្កើតស្នាដៃថ្មីៗទាំងបរិមាណ និងគុណភាពដើម្បីក្លាយជាអ្នកបន្តវេន និងធានានូវនិរន្តរភាពនៃការរីកចំរើនវិស័យភាពយន្តកម្ពុជា។

លោក ហាប់ ទូច បានបន្តថា« ពិតណាស់ មហោស្រពជាតិភាពយន្តខ្នាតខ្លីមិនគ្រាន់តែជាវេទិកាប្រកួតប្រជែងយកពាន រង្វាន់នោះទេ ប៉ុន្តែក៏ជាទីកន្លែងជួបជុំសិក្សាស្វែងយល់ វាស់ស្ទង់សមត្ថភាព ចែករំលែកបទពិសោធន៍ និងចំណេះដឹង
ដើម្បីឈានឆ្ពោះទៅការផលិតភាពយន្តខ្នាតវែងប្រកបដោយគុណភាព។ មហោស្រពនេះក៏បានផ្តល់ឱកាសឲ្យយុវជនបានបញ្ចេញនូវទេពកោសល្យ និងសមត្ថភាព លើការផលិតស្នាដៃភាពយន្តខ្នាតខ្លីរបស់ខ្លួន និងចូលរួមប្រកួតប្រជែងក្នុងកម្រិតថ្នាក់ជាតិក្នុងគោលបំណងពង្រឹងនូវធនធានមនុស្សថ្មីៗក្នុងវិស័យភាពយន្តដើម្បីក្លាយជាផលិតករភាពយន្តអាជីព នាពេលអនាគត»។
លោកបានបន្ថែមថា ក្រសួងតែងតែផ្តល់ការគាំទ្រ បើកទូលាយ និងលើកទឹកចិត្តដល់ការចូលរួមរបស់ដៃគូទាំងអស់ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អង្គការ សមាគម និងបំផុសការចូលរួមគាំទ្រពីសាធារណជន ជាពិសេសយុវជនដែលជាអ្នកបន្តវេន ដើម្បីធ្វើការរួមគ្នា ក្នុងបុព្វហេតុថែរក្សា និងលើកស្ទួយវិស័យសិល្បៈវប្បធម៌ និងអត្តសញ្ញាណជាតិ។ ក្នុងនោះ
ការពង្រឹងធនធានមនុស្សលើវិស័យភាពយន្តក៏ត្រូវបានចាត់ទុកជាអាទិភាពមួយរបស់ក្រសួងស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ សំដៅជំរុញកម្ពុជាឱ្យក្លាយជាដែនដីស្វាគមន៍នៃការថតភាពយន្តជាតិ និងបរទេសដើម្បីទាញយកអត្ថប្រយោជន៍ពីវិស័យនេះ ក្នុងការរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

ទន្ទឹមនេះ ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃវិស័យភាពយន្តនៅកម្ពុជារាជរដ្ឋាភិបាល បានដាក់ឲ្យអនុវត្តនូវបទដ្ឋានគតិយុត្តិនានា ក្នុងគោលដៅជំរុញលើកទឹកចិត្ត និងសម្របសម្រួលដល់ការបង្កើតស្នាដៃភាពយន្តថ្មីៗ
តាមរយៈការអនុគ្រោះព្យួរទុកកាតព្ធកិច្ចពន្ធដារមួយចំនួន និងបានដាក់ចេញនូវគោលការណ៍ដើម្បីសម្រួលដំណើរការនៃការថត និងផលិតខ្សែភាពយន្ត។ លោកបានឱ្យដឹងទៀតថាតាមរយៈស្នាដៃភាពយន្ត និងទេពកោសល្យច្នៃប្រឌិតរបស់ខ្លួន ផលិតករ អ្នកនិពន្ធ និងសិល្បករសិល្បការិនីខ្មែរ បានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក និងជាឯកអគ្គរាជទូត
ផ្សព្វផ្សាយអំពីកម្ពុជា វប្បធម៌ អត្តសញ្ញាណ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ ព្រោះថាភាពយន្ត គឺជាសិល្បៈសាកលមួយដ៏មានឥទ្ធិពលដែលអាចឱ្យយើងស្វែងយល់បានយ៉ាងទូលំទូលាយអំពីសង្គម វប្បធម៌ ប្រពៃណី និងបរិស្ថានរស់នៅរបស់ប្រជាជាតិនានា នៅគ្រប់សម័យកាល និងគ្រប់ទីកន្លែង។

ក្នុងន័យនេះ ស្នាដៃភាពយន្ត មិនត្រឹមតែល្អមើលប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានបង្កប់នូវគំនិតទស្សនៈល្អៗ ដែលមានគុណប្រយោជន៍ដល់ការលើកតម្លៃការអប់រំ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិ។ លោក បានអំពាវនាវឱ្យប្អូនៗផលិតករភាពយន្តទាំងអស់គួរប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ សីលធម៌ និងសេចក្តីថ្លៃថ្នូរ
ដើម្បីផ្តល់ជាគំរូល្អដល់សង្គម ព្រមទាំងខិតខំពង្រឹងសមត្ថភាពក្នុងអាជីពបង្កើនការយល់ដឹងអំពីក្បួនខ្នាត វប្បធម៌
និងប្រពៃណីនិងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិដើម្បីបង្កើតស្នាដៃមួយបង្កប់នូវគំនិតទស្សនៈល្អៗ ដែលនឹងចូលរួមដល់ការពង្រឹងនូវអត្តសញ្ញាណ និងកិត្យានុភាពជាតិ។ ផលិតករភាពយន្តទាំងអស់ចងចាំថា រឿងរ៉ាវដែលប្អូនៗបានបង្ហាញសំឡេងដែលប្អូនៗបានបន្លឺឡើងតាមរយៈស្នាដៃភាពយន្តគឺជាការបន្ថែមទំព័រថ្មីមួយទៅក្នុងសៀភៅប្រវត្តិសាស្រ្ត សម្រាប់វិស័យភាពយន្តនាថ្ងៃអនាគត៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ