Connect with us

ព័ត៌មានជាតិ

លម្អិត​​គម្រោង​ផ្លូវ​​ដែក​ចាយ​ទុន​រយលាន​ដុល្លារ ​រដ្ឋាភិបាលកម្ពុជា​​គ្រោង​ស្តារ​និង​​អភិវឌ្ឍ​​ឲ្យ​ចេញ​ជា​រូបរាង​ត្រឹម​ឆ្នាំ ២០៣៣

បានផុស

នៅ

បណ្តាញផ្លូវដែក​នៅកម្ពុជា នឹងត្រូវអភិវឌ្ឍជាពីរដំណាក់កាល។ ដំណាក់កាលទីមួយត្រឹមឆ្នាំ ២០២៧ ជា​ដំណាក់កាល​ដំបូង ត្រូវលើក​កម្រិតបណ្តាញផ្លូវដែកភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ដែល​មាន​​ស្រាប់​ទៅជាផ្លូវដែ​កដែលមាន​សមត្ថភាព ដូច​ផ្លូវដែក​ភាគខាងត្បូង គឺ​មាន​ល្បឿន​ដឹក​ជញ្ជូន​អ្នក​ដំណើរ ៨០ គីឡូម៉ែត្រ/ម៉ោង រីឯ​ល្បឿនដឹកជញ្ជូនទំនិញ ៤០ គីឡូម៉ែត្រ/ម៉ោង។

ដំណាក់កាលទីពីរ​គិតត្រឹមឆ្នាំ ២០៣៣ បណ្តាញផ្លូវដែក​មានទម្រង់ជា​ «កាំ ៣ ខ្សែ» នឹង​ត្រូវ​បាន​សាង​សង់​រួមមាន៖ (១) ផ្លូវដែកល្បឿន​លឿនភាគ​ខាងជើងតភ្ជាប់​ទៅកាន់ព្រំដែនកម្ពុជា-ថៃ, (២) ផ្លូវដែក​ល្បឿន​លឿន​ភាគឦសានតភ្ជាប់ទៅ​កាន់ព្រំដែនកម្ពុជា-ឡាវ, (៣) ផ្លូវដែកល្បឿនលឿន​តភ្ជាប់ទៅ​កាន់ព្រំដែនកម្ពុជា-វៀតណាម ក្នុងនោះ​ក៏មាន ផ្លូវដែក​ល្បឿន​លឿន​ភាគនិរតី​តភ្ជាប់ទៅ​កំពង់ផែ​ទឹក​ជ្រៅ​ក្រុងព្រះសីហនុ និង​ផ្លូវដែកល្បឿនលឿន​ភាគពាយព្យតភ្ជាប់ពី ភ្នំពេញ-កំពង់ធំ-សៀមរាប-សិរីសោភ័ណ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តមធ្យោបាយ និងភស្តុភារកម្ពុជាឆ្នាំ២០២៣ -២០៣៣ រដ្ឋាភិបាល​កម្ពុជា​គ្រោង​អភិវឌ្ឍ​ខ្សែផ្លូវដែកល្បឿនលឿនមេដឹកជញ្ចូនអ្នកដំណើរ និងទំនិញ មានទម្រង់កាំ ​ដែល​តភ្ជាប់​ទៅកាន់ទីក្រុង និងកំពង់ផែធំៗ​នៃតំបន់ពាយ័ព្យ ភាគអាគ្នេយ៍ និងនិរតីនៃប្រទេសកម្ពុជា។ ខ្សែផ្លូវ​​ដែកល្បឿនលឿន​ទាំងនោះ​រួមមាន៖ ផ្លូវដែកល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ (ភាគខាងត្បូង​ត្រូវ​បាន​ស្ដារពីផ្លូវដែកមានស្រាប់ទៅជាផ្លូវដែកល្បឿនលឿន) ភ្នំពេញ-ប៉ោយប៉ែត (ភាគខាង​ជើង​ត្រូវ​បាន​ស្ដារពីផ្លូវ​ដែល​មាន​ស្រាប់ ទៅជាផ្លូវដែកល្បឿនលឿន) ផ្លូវដែកល្បឿនលឿនថ្មីភ្នំពេញ-កំពង់ធំ-សៀមរាប-ប៉ោយប៉ែត និងផ្លូវដែកល្បឿនលឿនថ្មីភ្នំពេញ-បាវិត (ផ្លូវដែក​តភ្ជាប់​ជាមួយ​ប្រទេស​វៀតណាម)។

ការស្ដារឡើងវិញកំណាត់ខ្សែផ្លូវដែកភ្នំពេញ-ប៉ោយប៉ែត (ផ្លូវដែកភាគខាង​ជើង​មាន​ស្រាប់​)

ផ្លូវដែក​ភ្នំពេញ-ប៉ោយប៉ែត ជាខ្សែរត់ភាគខាងជើង​ដែលមានស្រាប់រត់ឆ្លងកាត់តំបន់ប្រមូលផ្តុំដោយប្រជាជន​រស់នៅកុះករ និងជាតំបន់សំខាន់បំផុតមួយនៃភាគខាងត្បូងបឹងទន្លេសាប។

ខ្សែរត់នេះមិនត្រឹមតែជាសរសៃឈាម​ដឹកជញ្ជូនតភ្ជាប់​មណ្ឌល​សេដ្ឋកិច្ច​រាជធានីភ្នំពេញ​ ទៅ​តំបន់​បឹង​ទន្លេសាប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជាច្រករបៀងសំខាន់សម្រាប់ការធ្វើដំណើរ និង​ការដឹកជញ្ជូន​ទំនិញ​រវាង​កម្ពុជា និងថៃ។ កំណាត់​ខ្សែផ្លូវដែកនេះ ជាផ្នែកមួយ​ដ៏សំខាន់នៃខ្សែផ្លូវដែក​ភាគខាងកើត​នៃ​បណ្តាញ​ផ្លូវដែក​អាស៊ី។ ផ្លូវដែកខ្សែភាគខាងជើង ដែល​មានស្រាប់​ចាប់ផ្ដើមពី​រាជធានីភ្នំពេញ​នៅ​ភាគ​ខាងកើតឆ្លងកាត់ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ​បន្ត​ទៅភាគខាងលិច ដោយតភ្ជាប់ជាមួយផ្លូវដែកថៃនៅច្រកព្រំដែន ប៉ោយប៉ែត​ដែល​មាន​ប្រវែង​សរុប ៣៨៦​គីឡូម៉ែត្រ។

ខ្សែរត់នេះ​គ្រោងស្ដារឡើងវិញនូវផ្លាកសញ្ញា ឧបករណ៍​ផ្តល់ព័ត៌មាន និង​សម្ភារ​បន្ទាប់បន្សំ ការ​ដោះស្រាយ​បញ្ហា​នៅក្នុងស្ថានីយ​រថភ្លើង រថភ្លើង ស្រទាប់​គ្រឹះ​ក្រោម​ផ្លូវដែក ស្ពាន​និង​ខ្សែផ្លូវ ការ​ជួសជុល​ស្ថានីយ​ចំណត ការកែលម្អ​កន្លែង​អ្នកដំណើ​ររង់ចាំ និង​ផ្លូវអ្នកដំណើរ ចេញ/ចូល​ស្ថានីយ ក៏​ដូច​ជាការតភ្ជាប់ជាមួយ​មធ្យោបាយដឹកជញ្ជូន​ផ្សេងទៀត និង​ការរៀបចំដឹកជញ្ជួន អ្នកដំណើរ និង​ទំនិញ​ប្រកបដោយប្រសិទ្ធភាព។

លើសពីនេះទៀត ការកែសម្រួលកាំកំណោងផ្លូវដែក ដែល​មានស្រាប់​នឹងជួយ​ធានាឱ្យរថភ្លើង​ប្រតិបត្តិការ​ប្រកប​ដោយសុវត្ថិភាព និងអាច​បង្កើន​ល្បឿនរថភ្លើងបាន។

ការស្តារឡើងវិញខ្សែផ្លូវដែកភាគខាងត្បូងភ្នំពេញ-ព្រះសីហនុដែលមានស្រាប់

ផ្លូវដែកភ្នំពេញ-ព្រះសីហនុ ជា​ផ្លូវដែកភាគខាងត្បូង​ដែល​មានស្រាប់​ជាខ្សែតភ្ជាប់ដ៏​សំខាន់​រវាង​រាជធានី ភ្នំពេញ និង​កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែ​ទឹកជ្រៅដ៏​សំខាន់បំផុត​នៅ​កម្ពុជា និងជា​ច្រកទទួលអ្នកដំណើរ និងការដឹកជញ្ជូនទំនិញ។ លើសពីនេះ កំណាត់ផ្លូវដែកនេះ​បានភ្ជាប់​គម្រោង​ផ្លូវដែក អាស៊ីភាគខាងកើត​ជាមួយនឹងផ្លូវដែក ភ្នំពេញ-វៀតណាម។

ផ្លូវដែកភាគខាងត្បូងដែល​មានស្រាប់នេះ ចាប់ផ្តើម​ពីរាជធានីភ្នំពេញភាគខាង​ជើង​ឆ្ពោះទៅ​ភាគ​ខាងត្បូង​តាម​បណ្ដោយផ្លូវជាតិលេខ ៣ ឆ្លងកាត់​ខេត្តកណ្តាល តាកែវ និងកំពត និង​បញ្ចប់​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែលមាន​ប្រវែង​សរុប ២៦៦គីឡូម៉ែត្រ។

កំណាត់​ផ្លូវដែកនេះ ផ្តោតជាចម្បងលើការ​ដឹកជញ្ជូនទំនិញ និង​អ្នកដំណើរក្នុងពេលដំណាលគ្នា។ ខ្សែ​រត់​នេះ ត្រូវបានគ្រោងស្តារ​ឡើងវិញនូវផ្លាកសញ្ញា ( ឧបករណ៍ផ្ដល់ព័ត៌មាន និងសម្ភារបន្ទាប់បន្សំ ការ​ដោះស្រាយ បញ្ហានៅក្នុងស្ថានីយរថភ្លើង រថភ្លើង ស្រទាប់​គ្រឹះក្រោម​ផ្លូវដែក ស្ពាននិងខ្សែផ្លូវ ការ​ជួសជុល​ស្ថានីយ ចំណត ការកែលម្អ​កន្លែងអ្នក​ដំណើររង់ចាំ និង​ផ្លូវអ្នកដំណើរ​ចេញ/ចូល​ស្ថានីយ ក៏​ដូចជា​តភ្ជាប់​ជាមួយ​មធ្យោបាយដឹក​ជញ្ជូនផ្សេងទៀត និងការរៀបចំដឹកជញ្ជូនអ្នកដំណើរ និង​ទំនិញ​ប្រកប​ដោយ​ប្រសិទ្ធភាព។ លើសពីនេះទៀត ការកែសម្រួលកាំ​កំណោង​ផ្លូវ​ដែក​ដែល​មាន​ស្រាប់ នឹង​ជួយ​ធានាឱ្យរថភ្លើងប្រតិបត្តិការ ប្រកបដោយសុវត្ថិភាព និងអាចបង្កើនល្បឿនរថភ្លើង។

ការស្ថាបនាខ្សែផ្លូវដែកភ្នំពេញ-បាវិត (ព្រំដែនកម្ពុជា-វៀតណាម)

ខ្សែរត់ភ្នំពេញ-បាវិត (ព្រំដែនកម្ពុជា-វៀតណាម) ជាច្រករបៀង​មេតភ្ជាប់​រវាងកម្ពុជា​និងប្រទេស វៀតណាម ដែល​ជាតំណភ្ជាប់រាជធានីភ្នំពេញ​ជាមួយទីក្រុងហូជីមិញ។

ខ្សែរត់​នេះជារបៀងដឹក​ជញ្ជូន​សម្រាប់​មជ្ឈមណ្ឌល​សេដ្ឋកិច្ចរាជធានីភ្នំពេញទៅ​ទិសខាងកើត។ ជាមួយ​គ្នានេះ កំណាត់ផ្លូវដែក​នេះ​ជាផ្នែកមួយដ៏​សំខាន់នៃ​ខ្សែផ្លូវដែក​ភាគ​ខាង​កើត​នៃ​បណ្តាញ​ផ្លូវ​ដែក​អាស៊ី​តភ្ជាប់រួមគ្នា ជាមួយ​កំណាត់ផ្លូវដែក​ភាគខាងជើង ដែលមានស្រាប់ និង​កំណាត់​ផ្លូវដែក​ទីក្រុង​ហូជីមិញ-ច្រកព្រំដែនម៉ុកបៃ ក្នុង​ប្រទេស​វៀតណាម។ ខ្សែរត់នេះ ចាប់ផ្ដើម​ពីរាជធានីភ្នំពេញ​តម្រង់​ទៅទិស​អាគ្នេយ៍ឆ្លងកាត់​ទន្លេបាសាក់ ចំណតផែថ្មីរបស់កំពង់ផែស្វយ័ត ភ្នំពេញ បន្ទាប់​មក​លាតសន្ធឹង​ទៅទិសខាងកើត​តាមបណ្ដោយផ្លូវជាតិលេខ១ ឆ្លងកាត់​ខេត្តកណ្តាល ព្រៃវែង និង​ស្វាយរៀង និង​បញ្ចប់​នៅត្រឹម​មាត់​ច្រក​បាវិត (ព្រំដែនកម្ពុជា-វៀតណាម) ដោយ​មាន​ប្រវែង​សរុប ១៥០ គីឡូម៉ែត្រ។

ផ្លូវដែកនេះ​ផ្តល់​សារៈសំខាន់ជាចម្បង សម្រាប់​ការដឹកជញ្ជូនទំនិញ និង​អ្នកដំណើរក្នុងពេល ដំណាល​គ្នា។ បន្ទាប់ពីស្ថាបនា​ផ្លូវដែក​នេះ រថភ្លើង​ដឹកអ្នកដំណើរ​អាចចរាចរ​បានទៅមកមួយ​ជើង/ថ្ងៃ និង​អាចបើកបរបានក្នុងល្បឿន ១៦០គីឡូម៉ែត្រ/ម៉ោង។ ដង់ស៊ីតេ​រំហូរ​ទំនិញ​នៃ​កំណាត់​ផ្លូវដឹក​ជញ្ជូន​ទំនិញ ច្រើនជាងគេ​នឹងមានបរិមាណដល់ ១,២៦លានតោន/ឆ្នាំ ជាមួយ​នឹង​ល្បឿន​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​លើស ពី ៨០គីឡូម៉ែត្រ/ម៉ោង។

កាលពី​ថ្ងៃ​ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Yunnan Linkun Investment Group ដឹកនាំដោយលោក YUAN LINKUN ប្រធានក្រុមហ៊ុន ដើម្បីសិក្សាស្វែងយល់បន្ថែម ពីឱកាស​​វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវដែក និងគម្រោងសំខាន់ៗទាក់ទងនឹងផែនការមេអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា។

នា​ឱកាសនោះ​ គណៈប្រតិភូក្រុមហ៊ុនចិនក៏​ចាប់អារម្មណ៍ ក្នុងការស្វែង​យល់បន្ថែមក្នុងការវិនិយោគខ្សែផ្លូវដែកថ្មីតភ្ជាប់ពីកម្ពុជាទៅ​វៀតណាម និងកម្ពុជាទៅឡាវ ជាមួយនឹងទស្សនទាននៃការសិក្សាបណ្ដាញផ្លូវដែកល្បឿនលឿនថ្មីនៅក្នុងប្រទេសផ​ងដែរ។

ក្នុង​ជំនួប​ពិភាក្សាជាមួយ​វិនិយោគិនចិន លោក វ៉ាស៊ឹម សុរិយា ក៏​បានប្រាប់ដល់​ប្រតិភូ​វិនិយោគិនចិន ពី​ទិសដៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការជំរុញនិងលើកកម្រិតគុណភាពផ្លូវទាំងពីរខ្សែ​របស់​ប្រទេស​កម្ពុជា ឱ្យមានសមត្ថភាពស្មើគ្នាដ​ល់កម្រិតល្បឿន ៨០ km/h និងជំរុញការចចារបញ្ចប់កិច្ចសន្យាសម្បទានផ្លូវដែកថ្មី​ឱ្យបានរួចរាល់ក្នុងពេលឆាប់ៗនេះ សំដៅចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

បើតាមមន្រ្តីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន កម្ពុជាមានគម្រោងផ្លូវដែកចំនួន ០៨ ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុម័តដាក់បញ្ចូលក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តមធ្យោបាយ និងភស្តុភារកម្ពុជាឆ្នាំ២០២៣ -២០៣៣ ក្នុងចំណោមផែនការមេសរុបចំនួន ១៧៤ គម្រោង ដែល​គ្រោង​​ចំណាយទុន​វិនិយោគ​​រាប់​ពាន់​លាន​ដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ វិនាទី មុន

ខ្នងភ្នំគូលែនមានព្រៃឈើក្រាស់ អាច​បោះតង់​សម្រាក​​ក្បែរមាត់ទឹក និងទស្សនាប្រាសាទ​ក្នុងព្រៃ

កីឡា៤ នាទីutes មុន

កម្ពុជា ដាក់​ខ្សែ​ប្រយុទ្ធ​ចូល​សញ្ជាតិ​២​នាក់ទៀត កាន់តែល្អនៅតំបន់ប្រយុទ្ធ

ព័ត៌មានជាតិ៥ នាទីutes មុន

រៀបការហើយ រស់នៅជុំគ្នាជាមួយឪពុកម្តាយ នៅ​តែជាទំនៀមទម្លាប់ប្រកាន់ភ្ជាប់ដោយជនជាតិដើមភាគតិចនៅរតនៈគិរី

ជីវិតកម្សាន្ដ១៧ នាទីutes មុន

ស្វាមីគម្រូ ! មើលទៅដូចមនុស្សខូច តែ Snoop Dogg ស្រឡាញ់ប្រពន្ធខ្លាំងយ៉ាងនេះ

ជីវិតកម្សាន្ដ១៩ នាទីutes មុន

តារាសម្តែង សួង សាខារ៉ានីត ចង់ឃើញការដាក់ភ្លើងបំភ្លឺផ្លូវជាតិឆ្លងខេត្តដើម្បីកាត់បន្ថយគ្រោះថ្នាក់

Sokha Hotels

ព័ត៌មានពេញនិយម