ព័ត៌មានជាតិ
រៀបការហើយ រស់នៅជុំគ្នាជាមួយឪពុកម្តាយ នៅតែជាទំនៀមទម្លាប់ប្រកាន់ភ្ជាប់ដោយជនជាតិដើមភាគតិចនៅរតនៈគិរី
បច្ចុប្បន្ន ជនជាតិដើមភាគតិចចំនួន៥ក្រុម កំពុងរស់នៅខេត្តរតនៈគីរី គឺជនជាតិទំពួន ជនជាតិគ្រឹង ជនជាតិចារ៉ាយ ជនជាតិកាចក់ និងជនជាតិព្រៅ ឬ កាវ៉ែត។ បើទោះបីការនិយាយភាសាខុសៗគ្នា និងប្រកាន់ទំនៀមទម្លាប់មិនដូចគ្នាក៏ពិតមែន ប៉ុន្តែ តាមរយៈការរៀបការ សែនព្រេនយកគ្នាជាប្តីប្រពន្ធ គឺសុទ្ធសឹងតែដូចៗគ្នាទាំងអស់។ ចំណែក ការប្រកាន់យកនូវទំនៀមទម្លាប់រស់នៅជួបជុំប្តីប្រពន្ធក្នុងផ្ទះឪពុកម្តា រួមជាមួយគ្រួសារធំមួយ នៅតែប្រកាន់យកដូចគ្នាដដែល។ ការរៀបចំតាមទំនៀមដូច្នេះ គឺសំអាងទៅតាមទម្លាប់ដូនតា ឪពុកម្តាយ ចាស់ទុំ ដែលតែងតែប្រតិបត្តិតាមផ្ទះនីមួយៗ។

លោក ចំពូ កាំភឿន ចាស់ទុំក្នុងភូមិ និងជាអ្នករៀបចំកម្មវិធីរៀបការ សែនព្រេន បានឲ្យដឹងថា ការរស់ក្នុងគ្រួសារ គឺពីរនាក់ប្តីប្រពន្ធ ម្តងនៅជាមួយខាងប្តីក៏បាន ខាងប្រពន្ធក៏បានតាមការស្ម័គ្រចិត្តអ្នកទាំងពីរ និងការឯកភាពពីម្តាយឪពុកទាំងសងខាង ឥតកំណត់ឆ្នាំនោះទេ។ ការរស់ជុំគ្នាដូចនេះ ចាស់ទុំភូមិ និងឪពុកម្តាយ អប់រំស្វាមី ភរិយា ថ្មោងថ្មីឲ្យមានអធ្យាស្រ័យ អត់ធ្មត់ ស្រឡាញ់គ្នា ស្មោះត្រង់ គោរពទំនៀមទម្លាប់ តំណមផ្សេងៗក្នុងភូមិ និងក្នុងគ្រួសារ របៀបធ្វើផ្ទះសម្បែង បម្រើឪពុកម្តាយ ដឹងគុណបងៗ ធ្វើស្រែចម្ការរួមគ្នា ហូបបាយម្ហូបរួមគ្នា និយាយទៅគ្នាទៅវិញទៅមក។ បើខឹង លើសលួសដាក់គ្នា បើប្រកាន់ខឹងគ្នា ចាស់ទុំភូមិ ឪពុកម្តាយ បងប្អូនសាច់ញាតិ មកប្រជុំគ្នានិយាយអប់រំប្តី ឬប្រពន្ធនោះ ដោយនិយាយសុំទោស កាប់មាន់ផឹកស្រាពាង រួចជាស្រេច។

ចំពោះប្តីប្រពន្ធ ដែលរស់នៅមិនសូវចុះសម្រុងគ្នាជាមួយឪពុកម្តាយ និងបងប្អូនសាច់ថ្លៃទេ ឪពុកម្តាយនឹងបែងចែកដីស្រែចម្ការ ដែលធ្វើរួមគ្នាកន្លងមកនោះ ឲ្យកាត់ប្លង់ជាកម្មសិទ្ធិរបស់ប្តីប្រពន្ធ ហើយប្តីប្រពន្ធនោះ ខំរកស៊ី មានលុយកាក់ សង់ផ្ទះសម្បែងនៅផ្សេង។ ការរស់នៅបែកផ្ទះនេះ គឺគ្រាន់តែសែនស្រាពាង និងជ្រូក១ក្បាល នៅផ្ទះឪពុករស់នៅសព្វថ្ងៃ ហើយរើឥវ៉ាន់នាំប្តីប្រពន្ធ ឬ នាំកូនទៅរស់នៅផ្ទះថ្មី។ ជនជាតិដើមភាគតិចនិយមទម្លាប់បែបនេះ គឺក្នុងរង្វង់គ្រួសារដែលមានកូនរៀបការរួចហើយ ដោយកាលពីសម័យមុន មានទៅដល់៥គ្រួសារក៏មាន តែមកដល់បច្ចុប្បន្ននេះ ឃើញមានតែ២ ឬ៣គ្រួសារប៉ុណ្ណោះ។ ទំនៀមទម្លាប់នេះ ប្រកាន់យកមករាប់ជំនាន់មកហើយ រហូតមកដល់បច្ចុប្បន្ន។

ករណីប្តីប្រពន្ធមិនអនុវត្តតាមបែបជំនឿនេះ នឹងអាចកើតជំងឺ រោគាពាធ និងគ្រោះថ្នាក់ ហើយនៅក្នុងភូមិកើតហេតុអាក្រក់ផ្សេងៗ គ្រោះថ្នាក់ខ្លះកើតទៅលើឪពុកម្តាយ បងប្អូន សាច់ញាតិ និងអ្នកភូមិ។ បើគ្រោះថ្នាក់នោះ ធ្លាក់លើនរណាម្នាក់ គឺត្រូវទៅរកគ្រូ១ ទៅ២គ្រូទាយ ឱ្យជួយទាយរកមុខអ្នកប្រព្រឹត្ត។ អ្នកប្រព្រឹត្ត ត្រូវសងជាក្របី គោ ជ្រូក មាន់ ស្រា ឱ្យអ្នកឈឺនោះ។ ចាស់ទុំ រួមជាមួយឪពុកម្តាយ សាច់ញាតិលោហិត និងអ្នកភូមិ ឯកភាពគ្នា ត្រូវប្រារព្ធពិធីនោះ ដោយខានពុំបានឡើយ៕
ដោយ៖ ខៀវ ចាប

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល