ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីឡាវ នឹងជួបជាមួយថ្នាក់ដឹកនាំកម្ពុជា ក្នុងពេលមកទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី៤ធ្នូ
តបតាមការអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី ឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី០៤ ដល់ទី០៥ ខែធ្នូ ឆ្នាំ២០២៤។ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឡាវពេលនេះ ធ្វើឡើងក្រោយទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជាទៅកាន់ប្រទេសឡាវ កាលពីដើមខែតុលា ឆ្នាំ ២០២៤កន្លងទៅ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា លោក សនសៃ ស៊ីផាន់ដន នឹងចូលក្រាបថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ហើយគ្រោងនឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា។
នាយករដ្ឋមន្ត្រីឡាវ ក៏នឹងមានជំនួបទ្វេភាគីជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព ដែលនាយករដ្ឋមន្ត្រីទាំងពីរនឹងពិភាក្សាយ៉ាងស៊ីជម្រៅបន្ថែមទៀតលើការពង្រឹងទំនាក់ទំនងដឹកក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍រវាងប្រទេសទាំងពីរ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងដ៏ល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ នាយករដ្ឋមន្ត្រីទាំងពីរនឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍រួមផងដែរ។ ថ្នាក់ដឹកនាំទាំងពីរក៏នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។
ក្នុងអំឡុងពេលនៃទស្សនកិច្ច នាយករដ្ឋមន្ត្រីឡាវ នឹងអញ្ជើញដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្រសួងការបរទេសកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីឡាវ នៅកម្ពុជា នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏ល្អដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
ជាការកត់សម្គាល់ លោក សនសៃ ស៊ីផាន់ដន បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឡាវ កាលពីឆ្នាំ២០២៣ ហើយមុនក្លាយជាប្រមុខដឹកនាំឡាវ លោក សនសៃ ស៊ីផាន់ដន គឺជាសមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស និងជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច។ នាយករដ្ឋមន្ត្រីឡាវរូបនេះ ត្រូវបានគេស្គាល់ថា ជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច ដោយលោក បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងសេដ្ឋកិច្ច៕
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ