ព័ត៌មានជាតិ
ភារកិច្ចថ្មី៖ លោក សុខ ចិន្ដាសោភា ត្រូវជួយនាយករដ្ឋមន្ត្រីលើការងារសេដ្ឋកិច្ច ពាណិជ្ជកម្ម ចំជំនាញរបស់លោក
លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលប្រគល់ភាកិច្ចឱ្យទទួលបន្ទុកជួយសម្ដេច លើកិច្ចការងារប្រែក្លាយបែបផែនសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ លោក សុខ ចិន្ដាសោភា ទទួលបានភារកិច្ចមួយនេះ បន្ទាប់ពីលោក លែងត្រូវទទួលបន្ទុកលើវិស័យការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សេចក្ដីសម្រេចស្ដីពីការកែសម្រួលស្ដីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កំណត់ដូច្នេះ៖« ឯកឧត្ដម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើការងារពិពិធកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។»។

លោក សុខ ចិន្តាសោភា ជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងការវិនិយោគ ដែលលោកបានទទួលការសិក្សាអប់រំមកពីប្រទេសបារាំងលើជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច ខណៈលោក ក៏ធ្លាប់ធ្វើការឱ្យក្រុមហ៊ុនឯកជននៅប្រទេសបារាំងដែរ។ ក្រោយការបោះឆ្នោតសកលលើកដំបូង នៅកម្ពុជា នាឆ្នាំ១៩៩៣ ដែលជានីតិកាលទី១ នៃរដ្ឋសភា លោក សុខ ចិន្តាសោភា ត្រូវបានទទួលបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ នៃរាជរដ្ឋាភិបាលចម្រុះកម្ពុជា។

នៅ១៩៩៧ ដែលជាវេលាមួយឈានចូលនីតិកាលទី២ នៃរដ្ឋសភា លោក សុខ ចិន្តាសោភា ក៏ទទួលបានតំណែងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅថា CDC។ លុះដល់នីតិកាលទី៤ គឺនៅឆ្នាំ២០០៨ លោក សុខ ចិន្តាសោភា ត្រូវបានតែងតាំងឱ្យកាន់មុខតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងបន្តកាន់ជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រហូតដល់នីតិកាលទី៧។

រយៈពេលជាង ២៥ឆ្នាំ ក្នុងតួនាទីជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសោភា តែងតែអមដំណើរសម្ដេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅក្រៅប្រទេស ដែលជារឿយៗអំឡុងពេលអមដំណើរសម្ដេចតេជោ ហ៊ុន សែន អតីតប្រមុខរាជរដ្ឋាភិបាល គឺលោក សុខ ចិន្តាសោភា តែងតែឆ្លៀតពេលជួបប្រាស្រ័យទាក់ទងជាមួយវិនិយោគិនបរទេស ដើម្បីធ្វើបទបង្ហាញអំពីបរិយាកាសវិនិយោគនៅកម្ពុជា សំដៅទាក់ទាញអ្នកវិនិយោគបរទេស មកបណ្ដាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា។

ឆ្លងកាត់ការងារធំៗជាច្រើន លោក សុខ ចិន្ដាសោភា ទទួលបានសេចក្ដីទុកចិត្តជ្រើសរើសឱ្យកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ចាប់ពីខែសីហា ឆ្នាំ២០២៣ រហូតឮដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ទើបត្រូវបានប្រមុខរាជរដ្ឋាភិបាលស្នើទៅរដ្ឋសភា ផ្លាស់ប្ដូរតំណែងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងគោលដៅ ដើម្បីប្រសិទ្ធភាពការងារកាន់តែខ្លាំងថែមទៀត សំដៅឆ្លើយតបនឹងការវិវត្តកាន់តែស្មុគស្មាញនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចនៅលើពិភពលោក៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង