ព័ត៌មានជាតិ
ករណីចាប់ត្រាក់ទ័រមួយគ្រឿង អ្នកភូមិអះអាងថាឈូសសំអាតដីភូមិធ្វើស្រែចម្ការ មិនមែនឈូសដីព្រៃនោះទេ
ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានស្នើសុំឲ្យមន្ត្រីបរិស្ថាន ស្ថាប័នតុលាការនិងថ្នាក់ដឹកនាំពិចារណា ករណីចាប់ត្រាក់ទ័រមួយគ្រឿង ខណះកំពុងឈូសសំអាតដីភូមិដើម្បីបង្កបង្កើនផលស្រូវរបស់ពលរដ្ឋនៅចំណុចភូមិកំពង់ភ្នៅ ស្ថិតនៅក្នុងឃុំកោះខ្ញែរ ស្រុកសំបូរខេត្តក្រចេះកាលពីដើមខែវិច្ឆិកាកន្លងទៅនេះ។


អ្នកស្រី ជាន សំណាង និងលោក សេង សុខរស់ ជាម្ចាស់ដីបានរៀបរាប់ថា កម្លាំងរបស់បរិស្ថានបានចុះមកចាប់យកត្រាក់ទ័រដែលកំពុងតែបោសសម្អាតដីស្រែដើម្បីភ្ជួរព្រោះស្រូវ ហើយបានរឹបអូសយកទៅរក្សាទុកដោយមិនបានបញ្ជាក់អំពីមូលហេតុអ្វីនោះឡើយ។
អ្នកស្រីថា ត្រាក់ទ័រនោះជារបស់អ្នកភូមិផងរបងជាមួយ ដែលទើបនឹងចងការលុយធនាគារទិញបាន ហើយអ្នកស្រីបានប្រវាស់គ្នាទៅបោសសម្អាតដីនោះ ដើម្បីភ្ជួររាស់និងបង្កបង្កើនផលស្រូវចែកគ្នា ខណៈកំពុងតែបោសសំអាតព្រៃរបស់តូចៗដែលទុកចោលយូរឆ្នាំមកហើយនោះ មិនទាន់បានភ្ជួរផង មន្ត្រីបរិស្ថានមកដល់ក៏ដេញអ្នកបើកត្រាក់ទ័រឲ្យរត់គេច ហើយចាប់រឹបអូសយកត្រាក់ទ័រ និងចាប់ឃាត់ប្ដីអ្នកស្រីប្រមាណជា ២០ នាទី ទើបដោះលែងវិញ។
អ្នកស្រី ជាន សំណាង បានបញ្ជាក់ថា ដីភូមិនោះអ្នកស្រីបានទិញបន្តពីបងប្អូនជនជាតិដើមភាគតិចភ្នងចំនួនពីរម្ចាស់មានលិខិតស្នាមទទួលស្គាល់ពីអាជ្ញាធរភូមិឃុំតាំងពីឆ្នាំ១៩៩៣ ហើយនៅពេលដែលទិញបន្តឆ្នាំ ២០០៨ ក៏មានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរភូមិឃុំដែរ ហើយដីនោះប្រជាពលរដ្ឋពីដើមឡើយបានធ្វើការបង្កបង្កើនផលស្រូវនិងដំឡូងមី តែដោយសារអ្នកស្រីមានបញ្ហានៅក្នុងគ្រួសារបានទុកចោលដីនោះរយៈពេលជាង ១០ ឆ្នាំទើបតែឆ្នាំនេះ បានត្រឡប់ទៅធ្វើការបោសសំអាតនិងភ្ជួររាស់ ដើម្បីបង្កបង្កើនផលឡើងវិញតែអកុសលក៏ជួបរឿងបែបនេះ។

លោក អួន សារ៉ែន មេភូមិកំពង់ភ្នៅ
លោក អួន សារ៉ែន មេភូមិកំពង់ភ្នៅបានបញ្ជាក់ឲ្យដឹងថា ទីតាំងដីនេះគឺជាដីភូមិចាស់ដែលប្រជាពលរដ្ឋរស់នៅបង្កបង្កើនផលតាំងពីអំឡុងឆ្នាំ១៩៩៣ មកម៉្លេះហើយដីដែលមានបញ្ហានោះគឺបានលក់បន្តពីរម្ចាស់មកហើយដែរ ដោយម្ចាស់កាន់កាប់ពេលបច្ចុប្បន្ននេះបានទិញនិងផ្ទេរកម្មសិទ្ធិតាំងពីឆ្នាំ ២០០៨ រហូតមកដល់បច្ចុប្បន្នមិនមានការកាត់ទន្ទ្រានដីព្រៃខុសច្បាប់នោះឡើយ។
លោកមេភូមិក៏បានបញ្ជាក់ដែរថា ដីទីតាំងភូមិសាស្ត្រខាងលើមិនដែលមានការពាក់ព័ន្ធទៅនឹងដីគម្របព្រៃឬដីដែលកាន់ កាប់ទៅដោយបរិស្ថាននោះទេ ពីព្រោះប្រជាពលរដ្ឋនៅតំបន់នោះមានដីភូមិម្នាក់បន្តិចៗអាស្រ័យផល នៅតាមដងទន្លេមេគង្គ ជាដីភូមិចាស់តាំងពីមុនឆ្នាំ១៩៧៩ ទៅទៀត។
ដោយឡែកលោក វង្ស តុលា អនុភូមិកំពង់ភ្នៅបានបញ្ជាក់ថា ដីនេះតាំងពីដើមមកមិនដែលឮថាមានជាប់ពាក់ព័ន្ធទៅនឹងដែនជម្រករបស់បរិស្ថានអីនោះទេ ស្រាប់តែឥឡូវចេញមកថាមានការពាក់ព័ន្ធដូច្នេះតើប្រជាពលរដ្ឋបានអីចិញ្ចឹមជីវិត។
លោកបានសំណូមពរទៅដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ប្រសិនបើដីភូមិរដ្ឋបាលស្ថិតនៅក្នុងភូមិកំពង់ភ្នៅនេះ ដែលគេចាត់ទុកថាជាដីបរិស្ថានដែរនោះតើប្រជាពលរដ្ឋ មានដីឯណាទៅអាស្រ័យផលបើដីក្នុងភូមិរដ្ឋបាលក៏ភ្ជួររាស់ដាំដុះបង្កបង្កើនផលមិនបានផង។
លោកថា ប្រជាពលរដ្ឋមានចំនួនកើនឡើងពី ៧០ គ្រួសារក្នុង អំឡុងឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ននេះប្រជាពលរដ្ឋមានរហូតទៅដល់ ១៥៩ គ្រួសារ ហើយដីសម្រាប់បង្កបង្កើនផលបាននៅក្នុងភូមិនៅតាមជួរដងទន្លេមេគង្គបន្តិចបន្តួចប៉ុណ្ណោះ ខាងក្រោយសុទ្ធតែដីក្រុមហ៊ុនវិនិយោគ ចុះបើដីភូមិចាត់ទុក ថាជាដីក្រោមការគ្រប់គ្រងរបស់បរិស្ថានទៀតតើប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើបានអីអាស្រ័យផល។

លោក អ៊ុក សាវី មេឃុំកោះខ្ញែរ
លោក អ៊ុក សាវី មេឃុំកោះខ្ញែរក៏បានបញ្ជាក់ពីបញ្ហានេះដែរថា ម្ចាស់ដីដែលកំពុងកាន់កាប់នៅពេលបច្ចុប្បន្ននេះ មិនបានទៅកាប់ទន្ទ្រានដីព្រៃខុសច្បាប់នោះទេ។ ដីនោះមានម្ចាស់កាន់កាប់តាំងពីឆ្នាំ ១៩៩៣ ហើយក៏ម្ចាស់ដើមបានលក់ជាបន្តបន្ទាប់រហូតដល់អ្នកកាន់កាប់នាពេលបច្ចុប្បន្ននេះមានលិខិតស្នាម ទិញលក់ពីម្ចាស់ដើម និងទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាន។
លោកថា ដីនោះជាដីភូមិចាស់ ដែលប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នងរស់នៅតាំងពីមុនឆ្នាំ១៩៧៩ មកម៉្លេះ
ហើយក្រោយពីប៉ុលពតបញ្ចប់ ពួកគាត់ក៏បានវិលត្រឡប់ទៅកាន់កាប់ដីនៅតំបន់នោះឡើងវិញ។ តាំងពីដើមមកមិនដែលដឹងថាមានការពាក់ព័ន្ធស្ថិតនៅក្នុងដីរបស់បរិស្ថានគ្រប់គ្រងនោះឡើយ ទើបតែឆ្នាំ២០២៣ មានការបែងចែកថាដីនេះគ្រប់ គ្រងដោយបរិស្ថានដីនោះគ្រប់គ្រងដោយកសិកម្ម ហើយចុះបើតាំងពីដើមមកប្រជាពលរដ្ឋគាត់រស់នៅអាស្រ័យផល តគ្នាមកតើឱ្យពួកគាត់ទៅរស់នៅឯណា។
លោកមេឃុំក៏បានសំណូមពរទៅដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជួយដោះស្រាយសម្រាប់ប្រជាពលរដ្ឋដែលមានបញ្ហានេះផង។ ម្យ៉ាងទៀតបងប្អូនប្រជាពលរដ្ឋត្រូវការបង្កបង្កើនផល សូមឱ្យថ្នាក់ដឹកនាំខាងលើជួយវិនិច្ឆ័យថាដីនេះមិនមែនម្ចាស់កាន់កាប់សព្វថ្ងៃនេះមកចាប់ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់នោះទេ គឺជាដីដែលមានម្ចាស់ពិតប្រាកដកាន់កាប់តគ្នាមក។
ដោយឡែកលោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះបានឲ្យដឹងថា រឿងនេះគឺបានបញ្ជូនទៅកាន់តុលាការរួចហើយ។ ចំពោះឯកសារកាន់កាប់ក្បាលដីពីអាជ្ញាធរពាក់ព័ន្ធអីផ្សេងៗលោកបញ្ជាក់ថា រាល់លិខិតអ្វីក៏ដោយតែអនុក្រឹត្យចេញហើយគឺគេនរាករណ៍ចោលអាចាស់ចេញអស់។
លោកបន្តថា ដីនេះបើតាមផែនទីគឺនៅក្នុងដែនជម្រកសត្វព្រៃសំបូរ។ លោកថាប្រសិនបើជាដីអាស្រ័យផលយូរឆ្នាំមានលិខិតស្នាមកាន់កាប់ពីអាជ្ញាធរពាក់ព័ន្ធតាំងពីឆ្នាំ២០០៨ ច្បាស់លាស់មែនគឺត្រូវរង់ចាំការសម្រេចពីថ្នាក់ដឹកនាំ។
«ប្រសិនបើម្ចាស់ដីមានលិខិតទិញលក់ចាំទៅតទល់គ្នានៅតុលាការទៅ យកលិខិតនោះទៅបង្ហាញតុលាការទៅ បើសិន ជាស្ថាប័នតុលាការសម្រេចយ៉ាងម៉េច ជារឿងរបស់តុលាការ ចំពោះមុខខ្ញុំត្រូវតែអនុវត្តជាក់ស្ដែង»។
លោកប្រធានមន្ទីរក៏បានបញ្ជាក់ថា ករណីនេះត្រូវបានមន្ត្រីជំនាញរបស់លោកបញ្ជូនសំណុំរឿងទៅកាន់តុលាការតាំងពីថ្ងៃ ទី ១៣ ក្រោយពីបានចាប់ឃាត់ត្រាក់ទ័រនៅថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០២៤៕
អត្ថបទ៖ ប្រុញ វិធិន

-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?