ព័ត៌មានជាតិ
ខណ្ឌសែនសុខទាក់ទាញ គម្រោងលំនៅដ្ឋានច្រើនជាងគេនៅក្នុងរាជធានីភ្នំពេញ
នៅក្នុងចំណោមខណ្ឌទាំងអស់នៅក្នុងរាជធានីភ្នំពេញ ខណ្ឌសែនសុខត្រូវបានគេស្រាវជ្រាវឃើញថាមានគម្រោងលំនៅដ្ឋានច្រើនជាងគេ ជាពិសេសលំនៅដ្ឋានតម្លៃទាប និងមធ្យម។
យោងតាមរបាយការណ៍ឆមាសទីពីរឆ្នាំ២០២០របស់ Knight Frank ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ និងស្រាវជ្រាវអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា គិតចាប់តាំងពីឆ្នាំ២០០៩មក ខណ្ឌសែនសុខមានលំនៅដ្ឋានជាប់ដីចំនួន១៤,៦៩២យូនីត ស្មើនឹង២៣%នៃចំណែកទីផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ។ ក្នុងចំណោមលំនៅដ្ឋានទាំងអស់នៅក្នុងខណ្ឌសែនសុខ លំនៅដ្ឋានតម្លៃមធ្យមមានចំនួនច្រើនជាងគេ បន្ទាប់មកលំនៅដ្ឋានតម្លៃទាប និងលំនៅដ្ឋានតម្លៃថ្លៃ។
បន្ទាប់ពីខណ្ឌសែនសុខ ខណ្ឌដង្កោមានចំណែកទីផ្សារ១៧% (១០,៨៤០យូនីត) ឫស្សីកែវ ១២% (៧,៣៩១យូនីត) និងកំបូល១១% (៧,១៩៨យូនីត)។ ខណ្ឌទាំងបីនេះសំបូរទៅដោយគម្រោងលំនៅដ្ឋានតម្លៃទាប និងមធ្យម ប៉ុន្តែមិនមានគម្រោងលំនៅដ្ឋានតម្លៃថ្លៃទេ។
លោក ស៊ន សៀប អគ្គនាយកក្រុមហ៊ុន ឃី រៀល អុីស្ទេត មានប្រសាសន៍ថា ខណ្ឌសែនសុខមានគម្រោងលំនៅដ្ឋានច្រើនជាងគេ ពិសេសគម្រោងលំនៅដ្ឋានតម្លៃមធ្យម ដោយសារវាជាតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធល្អស្អាតទើបនឹងស្ថាបនាជាច្រើន និងដែលទទួលចំហាយពីខណ្ឌទួលគោក។ ម្យ៉ាងទៀត ខណ្ឌសែនសុខបានរីកចម្រើនតាំងពីឆ្នាំ២០១៥មក ដែលបានទាក់ទាញគម្រោងធំៗជាច្រើនដូចជា ផ្សារអុីអន២ ផ្សារម៉ាក្រូ បុរីប៉េងហួត បុរីជីបម៉ុង និងបុរីពិភពថ្មីជាដើម។
ភាពរីកចម្រើននៃខណ្ឌសែនសុខបានធ្វើឱ្យតម្លៃដីធ្លីនៅតំបន់នោះកើនឡើងគួរឱ្យកត់សម្គាល់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យោងតាមរបាយការណ៍ស្រាវជ្រាវដីធ្លីឆ្នាំ២០២០របស់ក្រុមហ៊ុន ឃី រៀល អុីស្ទេត តម្លៃដីនៅខណ្ឌសែនសុខបានកើនឡើង១៥ភាគរយនៅឆ្នាំ២០២០នេះបើធៀបនឹងឆ្នាំ២០១៩កន្លងទៅ។ តម្លៃដីប្រភេទលំនៅដ្ឋានស្ថិតនៅចន្លោះពី ៥០០ ទៅ ១,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ចំណែកដីប្រភេទពាណិជ្ជកម្មស្ថិតនៅចន្លោះ ២,០០០ ទៅ ៣,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ក្នុងពេលបច្ចុប្បន្ន លំនៅដ្ឋានតម្លៃមធ្យមគឺជាទីផ្សារដែលមានភាពពេញនិយមជាងគេនៅក្នុងរាជធានីភ្នំពេញ ដែលត្រូវបានគេឃើញសាងសង់ច្រើនជាងគេនៅខណ្ឌសែនសុខ ដង្កោ ឫស្សីកែវ និងកំបូល។ លោក បណ្ឌិត គីម ហៀង ប្រធានក្រុមហ៊ុន KW Cambodia មានប្រសាសន៍ថា៖ «លំនៅដ្ឋានដែលកំពុងមានតម្រូវការទីផ្សារខ្លាំងជាងគេក្នុងពេលបច្ចុប្បន្ន គឺលំនៅដ្ឋានតម្លៃមធ្យមក្រោម១០ម៉ឺនដុល្លារ ជាពិសេសតម្លៃចន្លោះ៤ទៅ៦ម៉ឺនដុល្លារ។»
លោក បណ្ឌិត គីម ហៀង បានបន្តថា គម្រោងលំនៅដ្ឋានតម្លៃមធ្យមទាំងនេះត្រូវបានគេអភិវឌ្ឍភាគច្រើននៅជាយក្រុងភ្នំពេញ ដោយសារតម្លៃដីិនៅទីនោះនៅធូរថ្លៃជាងតម្លៃដីនៅកណ្ដាលក្រុង។ បុរីពិភពថ្មីស្ថិតនៅក្នុងចំណោមអ្នកអភិវឌ្ឍគម្រោងលំនៅដ្ឋានតម្លៃមធ្យមច្រើនជាងគេនៅក្នុងរាជធានីភ្នំពេញ។
ផ្អែកតាមរបាយការណ៍របស់ក្រុមហ៊ុន Knight Frank បច្ចុប្បន្នចំណែកទីផ្សារលំនៅដ្ឋានតម្លៃមធ្យមមានច្រើនជាងគេនៅរាជធានីភ្នំពេញប្រមាណ៥២% បន្ទាប់មកលំនៅដ្ឋានតម្លៃទាប៣៧% និងលំនៅដ្ឋានតម្លៃថ្លៃ១១%។
Knight Frank ព្យាការណ៍ថា នៅក្រោយឆ្នាំ២០២០ លំនៅដ្ឋានសរុបនៅក្នុងរាជធានីភ្នំពេញមានចំនួនជាង ៨១,០០០យូនីត នៅក្នុង២១៩គម្រោង ដែលមានការកើនឡើងជាង១៧,០០០យូនីត ពីចំនួនលំនៅដ្ឋានបច្ចុប្បន្នប្រមាណ៦៣,៩០០យូនីត។ នៅក្រោយឆ្នាំ២០២២ ចំណែកទីផ្សារលំនៅដ្ឋានតម្លៃមធ្យមមាន៥៧% លំនៅដ្ឋានតម្លៃទាប៣៣% និងលំនៅដ្ឋានតម្លៃថ្លៃ១០%។
អត្ថបទ៖ វ៉ាត វិន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា១ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»