Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី រម្លឹកមន្ត្រីឱ្យចងចាំអភិក្រមទាំង៥ ធានាអភិបាលកិច្ចល្អ បញ្ចៀសអំពើពុករលួយ

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានក្រើនរម្លឹកមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់កុំភ្លេចអភិក្រមទាំង៥ របស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី ពោលគឺត្រូវប្រកាន់យកឱ្យជាប់ខ្លួននូវអភិក្រមនេះ ដើម្បីធានាបានអភិបាលកិច្ចល្អក្នុងសង្គម សំដៅបញ្ចៀសការបំពានអំណាច និងការប្រព្រឹត្តអំពើពុករលួយ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី លើកឡើងថា ក្រោមម្លប់សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល ៦អាណត្តិកន្លងមក ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានបន្តជ្រោងទង់រក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាមួយនឹងឆន្ទៈសម្រេចឱ្យបានចក្ខុវិស័យជំរុញកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដោយបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ។ ការអនុវត្តអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងអភិក្រម ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ ពោលគឺការអភិវឌ្ឍស្ថាប័ន ការពង្រឹងអភិបាលកិច្ចល្អ និងការពង្រីកប្រសិទ្ធភាពការងារក្នុងវិស័យសាធារណៈ ក៏ត្រូវបានរាជរដ្ឋាភិបាលបន្តលើកកម្ពស់ឱ្យកាន់សកម្មថែមទៀត។

ក្នុងន័យនេះ ដើម្បីធានានូវអភិបាលកិច្ចល្អក្នុងការដឹកនាំ និងគ្រប់គ្រងស្ថាប័ន មន្ត្រីរាជការទាំងអស់ត្រូវចងចាំនូវអភិក្រមទាំង៥ គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ទុកជាត្រីវិស័យបង្ហាញផ្លូវក្នុងការបំពេញតួនាទីភារកិច្ច និងការរស់នៅប្រកបដោយសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវ។ នេះជាការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងសារលិខិតអបអរសាទរទិវាជាតិ និងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ ធ្នូ ឆ្នាំ២០២៤នេះ។

សារលិខិតរបស់សម្ដេចធិបតី បានបញ្ជាក់ថា នៅដើមអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា បានពង្រឹងការអនុវត្ត និងពង្រីកក្របខ័ណ្ឌច្បាប់ រួមមាន ការពង្រឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយដោយឆន្ទៈមុតស្រួច និងប្តេជ្ញាខ្ពស់ តាមរយៈវិធានការស្នូលទាំង៣ គឺការអប់រំ បង្ការទប់ស្កាត់ និងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ ការលើកកម្ពស់អភិបាលកិច្ចល្អ និងការត្រួតពិនិត្យផ្ទៃក្នុង។

ជាក់ស្ដែង ដើម្បីលើកកម្ពស់ស្មារតីពង្រឹងយន្តការគ្រប់គ្រង និងផ្តល់សេវាសាធារណៈប្រកបដោយលក្ខណៈទំនើប និងតម្លាភាព ចៀសវាងនូវអំពើពុករលួយ ការបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬបំពានអំណាចក្នុងការអនុវត្តតួនាទី និងភារកិច្ច រាជរដ្ឋាភិបាល បានជ្រើសរើសប្រធានបទ«សេវាសាធារណៈល្អ រាស្ត្រស្រលាញ់គាំទ្រ» សម្រាប់ទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ នាឆ្នាំនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថា ដើម្បីការងារនេះអាចសម្រេចទៅបានប្រកបដោយប្រសិទ្ធភាពត្រូវការចាំបាច់រដ្ឋបាលសាធារណៈដែលស្អាតស្អំ បម្រើរាស្ត្រ បម្រើរដ្ឋប្រកបដោយមនសិការ និងការយកចិត្តទុកដាក់ទទួលខុសត្រូវ ក៏ដូចជាការចូលរួមពីគ្រប់ភាគីទាំងអស់។ សម្ដេច សង្តត់ធ្ងន់ថា ការងារប្រឆាំងអំពើពុករលួយត្រូវការការរួមគ្នាពីគ្រប់ភាគី ហើយភាពស្អាតស្អំ ត្រូវតែកើតចេញពីផ្ទះនៃភាគីនីមួយៗ និងស្ថាប័ននីមួយៗ។

ការណ៍នេះ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី បានស្នើដល់អង្គភាពប្រឆាំងអំពើពុករលួយ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ត្រូវដើរតួនាទីជំរុញ និងសម្របសម្រួលចំពោះកិច្ចសហប្រតិបត្តិការចាំបាច់នានា ទាំងក្នុងការងារអប់រំ និងបង្ការទប់ស្កាត់ជាមួយដៃគូទាំងអស់ ដោយផ្តោតជាពិសេសលើការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល ស្របជាមួយផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ។

ក្នុងនោះ សម្ដេចធិបតី ស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាស្ថាប័ន និងតួអង្គពាក់ព័ន្ធរួមគ្នាពង្រឹងការអប់រំស្តីពីការប្រឆាំងអំពើពុករលួយកាន់តែចូលកាន់តែជ្រៅទៅក្នុងស្រទាប់សង្គម ជំរុញបង្ការទប់ស្កាត់ក្នុងរដ្ឋបាលសាធារណៈ រួមមាន ការផ្តល់សេវាសាធារណៈបានកាន់តែមានតម្លាភាព និងគណនេយ្យភាព ការគ្រប់គ្រងទំនាស់ផលប្រយោជន៍ ការការពារបុគ្គលរាយការណ៍ ការដាក់វិន័យ និងទោសទណ្ឌ។

ម្យ៉ាងវិញទៀត គឺត្រូវពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នប្រឆាំងអំពើពុករលួយ និងដៃគូពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជន សង្គមស៊ីវិល ផ្នែកសិក្សាធិការ និងប្រព័ន្ធផ្សព្វផ្សាយ សំដៅពង្រឹង និងពង្រីកការងារអប់រំ និងបង្ការទប់ស្កាត់ឱ្យបានកាន់តែរលូន និងមានប្រសិទ្ធភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ វិនាទី មុន

នាយករដ្ឋមន្ត្រី រម្លឹកមន្ត្រីឱ្យចងចាំអភិក្រមទាំង៥ ធានាអភិបាលកិច្ចល្អ បញ្ចៀសអំពើពុករលួយ

សេដ្ឋកិច្ច៩ នាទីutes មុន

តម្លៃមាស មាននិន្នាការកើនឡើង នៅឆ្នាំ ២០២៥

ព័ត៌មានជាតិ១៧ នាទីutes មុន

អាជ្ញាធរខេត្តសៀមរាប ស្នើភាគីពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ប្រភេទ

ព័ត៌មានជាតិ២៣ នាទីutes មុន

ប.ស.ស ផ្សព្វផ្សាយស្ដីពី“នីតិវិធីអនុវត្តថវិកាសម្រាប់កម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម

ព័ត៌មានជាតិ២៥ នាទីutes មុន

អាជ្ញាធរជាតិអប្សរា ដាក់ឱ្យប្រើប្រាស់ផ្លូវថ្មើរជើងថ្មី នៅខាងត្បូងផ្លូវចូលខាងកើតប្រាសាទអង្គរវត្ត ខណៈការជួសជុលប្រាសាទឥដ្ឋ នឹងបញ្ចប់ចុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម