ព័ត៌មានជាតិ
លោក វង្សី វិស្សុត៖ ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ជាផ្នែកមួយនៃការលើកកម្ពស់ជនមានពិការភាព
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ថា “ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨” ជាផ្នែកមួយជួយលើកកម្ពស់ជនមានពិការភាព។

ការលើកឡើងរបស់ លោក វង្សី វិស្សុត ធ្វើឡើងនាឱកាសនៃការប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងទិវាអន្តរជាតិលើកទី៤២ និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨ នាសាលមហោ ស្រពកោះពេជ្រ ព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល»។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាលនៅដើមនីតិកាលទី៧ សម្រាប់វិស័យពិការភាពថ្មីមួយទៀត គឺការប្រកាសដាក់ឱ្យអនុវត្តនូវ “ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨” ដែលជាត្រីវិស័យ និងជាផែនទីបង្ហាញផ្លូវសម្រាប់អន្តរក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ អង្គការសមាគមជនមានពិការភាព។ រួមទាំងតួអង្គពាក់ព័ន្ធនានាក្នុងវិស័យសាធារណៈ និងឯកជន ដែលជាប្រតិបត្តិករអនុវត្តរួមគ្នានៅក្នុងក្របខណ្ឌការងារ និងដែនសមត្ថកិច្ចរៀងៗខ្លួន ដើម្បីបម្រើឧត្តមប្រយោជន៍របស់ជនមានពិការភាព និងក៏ជាកាតព្វកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការរួមចំណែកអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ និងធ្វើឱ្យសិទ្ធិជនមានពិការភាពក្លាយជាការពិត។

លោកបានបន្ថែមថា ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨ កសាងឡើងស្របតាមអាណត្តិរបស់រាជរដ្ឋាភិបាលក្នុងគោលដៅសម្រេចឱ្យបាននូវបរិយាបន្នពិការភាពក្នុងសកម្មភាពការងារ និងថវិការបស់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកពាក់ព័ន្ធដទៃទៀតនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិតាមរយៈជំរុញការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាស្តីពីពិការភាពរួមទាំងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពនេះឱ្យមានប្រសិទ្ធភាព។
ជាពិសេស លើកកម្ពស់ការចូលរួមពេញលេញប្រកបដោយអត្ថន័យរបស់ជនមានពិការភាព និងអ្នកតំណាងរបស់ពួកគេក្នុងការធ្វើសេចក្តីសម្រេចចិត្ត ការអនុវត្ត និងការតាមដាននូវរាល់ផែនការសកម្មភាព និងថវិការបស់ក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធនានា ពង្រឹង និងពង្រីកការផ្តល់សេវា ការគាំទ្រ ឱកាស និងធនធាននានាសម្រាប់ជនមានពិការភាព គ្រួសារ និងសហគមន៍ប្រកបដោយសមធម៌ គ្មានការរើសអើង និងបរិយាបន្ន។ ដើម្បីធានាថាជនមានពិការភាពគ្រប់វ័យ គ្រប់ប្រភេទ និងក្រុមគ្រួសាររស់នៅប្រកបដោយគុណភាព ក្នុងគ្រប់ទិដ្ឋភាពនៃជីវិត និងចូលរួមយ៉ាងសកម្មពេញលេញ ស្មើភាពក្នុងសង្គមមានការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ និងភាពចម្រុះព្រមទាំងមានបរិយាបន្នពិការភាព និងចីរភាពក្នុងគ្រប់វិស័យ។

ក្នុងឱកាសនោះដែរ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតិតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថា ទិវាជនមានពិការភាពឆ្នាំនេះ ប្រារព្ធឡើងក្នុងគោលបំណងចំនួន៣ គឺ៖ ទី១) បង្កើនការយល់ដឹងអំពីពិការភាព ដោយបង្ហាញអំពីឆន្ទះរបស់រាជរដ្ឋាភិបាលក្នុងការបញ្ជ្រាបការងារពិការភាពទៅក្នុងកម្មវិធី និងគោលនយោបាយរបស់ក្រសួង ស្ថាប័ន អង្គការ ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ និងវិស័យឯកជន។ ទី២) ជំរុញការអនុវត្តគោលនយោបាយរដ្ឋាភិបាលស្តីពីបច្ចេកវិទ្យាឌីជីថលកម្ពុជា២០២២-២០៣៥ ដើម្បីដាក់បញ្ចូលវិស័យនេះក្នុងប្រព័ន្ធបរិវត្តកម្មឌីជីថល និងទី៣)ប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០២៤-២០២៨។
បើផ្អែកតាមរបាយការណ៍ជំរឿនទូទៅប្រជាជនឆ្នាំ២០១៩ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបានបង្ហាញថា អត្រាជនមានពិការភាពកម្ពុជា គិតត្រឹមអាយុឡើង ៥ឆ្នាំ មានចំនួនសរុប ៦៨៩,៤៥៧នាក់ ស្មើនឹង ៤.៩% នៃប្រជាជនសរុប។ អត្រានេះ មានការកើនឡើងបើប្រៀបធៀបទៅនឹងការអង្កេតសេដ្ឋកិច្ចសង្គមឆ្នាំ ២០១៤ដែលអត្រាជនមានពិការភាពមានត្រឹមចំនួន ៥២៤,០០០នាក់ ស្មើនឹង ៤% នៃប្រជាជនសរុប៕





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ