ព័ត៌មានជាតិ
លោកស្រីអភិបាលខេត្តកោះកុង ប្រាប់ដល់យោធិនថ្មី ត្រូវប្រឹងសិក្សា និងគោរពវិន័យទ័ពឱ្យបានល្អ
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានប្រាប់ដល់ក្រុមយោធិនថ្មី ដែលទើបប្រឡងជាប់ជាស្ថាពរចូលបម្រើជួរកងទ័ពអាវុធហត្ថ ចាំបាច់ត្រូវប្រឹងប្រែងសិក្សារៀនលើមុខជំនាញ និងគោរពបទបញ្ជាវិន័យឱ្យបានល្អពេលហ្វឹកហ្វឺននៅភ្នំជុំសែនរីករាយ។

ការដាស់តឿនយ៉ាងដូច្នេះរបស់ លោកស្រី មិថុនា ភូថង បានធ្វើឡើងក្នុងពិធីសំណេះសំណាល និងជូនដំណើរកងយោធិនថ្មី ចំនួន ៤១ រូប នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដោយតំណាងប្រធានមន្ទីរអង្គភាព និងអាណាព្យាបាលច្រើនរូបចូលរួមជាសក្ខីភាព។

លោកស្រីអភិបាលខេត្ត សង្កត់ធ្ងន់ថា មុខវិជ្ជាសិក្សារបស់កងទ័ព ត្រូវយកចិត្តទុកដាក់សិក្សាឱ្យច្បាស់លាស់បំផុត ព្រោះថាពេលត្រឡប់មកខេត្តវិញ យោធិនដើរតួនាទីយ៉ាងសំខាន់ណាស់លើការការពារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ បម្រើប្រជាពលរដ្ឋ និងមាតុភូមិ។ ដូច្នេះ គប្បីស្រូបយកចំណេះដឹង ជំនាញបច្ចេកទេស និងបទពិសោធពីគ្រូឧទ្ទេសអំឡុងពេលហ្វឹកហាត់។

លោកស្រី មិថុនា ភូថង ក៏សូមអរគុណដល់ម្តាយឪពុក និងអាណាព្យាបាលយោធិនផងដែរ ដែលបានស្មោះចិត្តឱ្យកូនចៅបានចូលបម្រើការងារជួរកងទ័ព ដើម្បីបន្តវេន និងការពារប្រទេសមាតុភូមិ ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ។

បើតាមលោកឧត្ដមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង រាយការណ៍ជូនលោកស្រីអភិបាលខេត្តថា ៤៤ ថ្ងៃ កន្លងទៅ កងយោធិនថ្មីដែលទើបប្រឡងចូលជួរទ័ព នៃកងរាជអាវុធហត្ថខេត្ត ពិតជាមានពលីកម្មច្រើនលើការហ្វឹកហ្វឺនជាមួយគ្រូបង្គោលរបស់ពួកគេ មុននឹងឈានដល់ថ្ងៃបញ្ជូនទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំសែនរីករាយថ្ងៃនេះ។

លោក តាំង ឈុនស្រេង បន្ថែមថា ជាលទ្ធផល នៃការហ្វឹកហាត់របស់យោធិនថ្មីទាំង ៤១ នាក់ ពិតជាលះបង់ទាំងកម្លាំងកាយ និងស្មារតីដោយភាពជោគជ័យ ដោយឥតរុញរាអ្វីឡើយ។ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏តែងតែដាស់តឿនដល់យោធិនត្រូវមានការគោរពវិន័យ បទបញ្ជា ក្រមសីលធម៌កងទ័ព ឱ្យបានមោះមុត ពិសេសត្រូវបណ្តុះស្មារតីស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ការពារប្រជាជន និងរាជរដ្ឋាភិបាលស្របច្បាប់។

យុវជន ស៊ា មករា និង យុវជន ហ៊ាង សុខជា ជាតំណាងយោធិនថ្មី នៃកងរាជអាវុធហត្ថខេត្តកោះកុង ប្ដេជ្ញាចិត្តប្រឹងប្រែងរៀនសូត្រទៅតាមជំនាញបច្ចេកទេសតាមរយៈការបង្ហាត់បង្រៀនរបស់យោធាចារ្យនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង ដោយធានាថា នឹងមិនរត់ចោលជួរជាដាច់ខាត។

យុវជនជាយោធិនកងរាជអាវុធហត្ថ ដដែល អះអាងថា ការដែលពួកគេចូលបម្រើការងារជាកងទ័ព ក៏ព្រោះតែជាក្តីបំណងរបស់ខ្លួនតាំងពីក្មេង ដើម្បីបម្រើប្រជាពលរដ្ឋ និងជាតិមាតុភូមិ ដោយមិនរុញរានោះទេ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ




-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?