ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ លើកទឹកចិត្តយុវជន ខិតខំរៀនជំនាញថ្មីៗ ឆ្លើយតបវិស័យឧស្សាហកម្មទំនើប
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញ និងលើកទឹកចិត្តដល់យុវជន ត្រូវខិតខំរៀនជំនាញថ្មីៗ បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងវិស័យឧស្សាហកម្មទំនើបដូចជា វិស័យយានយន្ត វិស័យអគ្គិសនី និងវិស័យអេឡិចត្រូនិក ជាដើម។

ថ្លែងក្នុងពិធីបិទវគ្គវិក្រិតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» លើកទី ២ ដើម្បីគាំទ្រកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ កាលពីព្រឹកថ្ងៃទី ៤ ធ្នូ នេះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ វិស័យឧស្សាហកម្មនៅកម្ពុជាភាគច្រើនផ្តោតទៅលើឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ និងផលិតផលធ្វើដំណើរ។ ជាមួយនឹងកំណើនប្រាក់ឈ្នួលតិច ឬច្រើន វិស័យទាំងនេះ អាចនឹងចាកចេញពីប្រទេសកម្ពុជានៅពេលណាមួយ។

លោករដ្ឋមន្ត្រីបានបន្តថា «ដូច្នេះដើម្បីធានាថាប្រជាពលរដ្ឋបងប្អូនកម្មករ-និយោជិត នៅរក្សាការមានការងារធ្វើ មានប្រាក់ខែសមរម្យ យើងត្រូវបំពាក់ជំនាញថ្មីតាមរយៈកម្មវិធីផ្តល់ការបណ្ដុះបណ្ដាលថ្មី ឬមួយការធ្វើបច្ចុប្បន្នភាពជំនាញរបស់ពួកគាត់ ដើម្បីបង្កើនផលិតភាពឱ្យទៅធ្វើការនៅឧស្សាហកម្មថ្មីដែលប្រើប្រាស់បច្ចេកវិទ្យា គ្រឿងយន្តច្រើនជាងមុន ហើយវាមាននិរន្តរភាពជាងមុន។ ព្រោះថា កាត់ដេរ សម្លៀកបំពាក់ និងផលិតផលធ្វើដំណើរ ជាទូទៅងាយនឹងចាកចេញពីប្រទេសមួយទៅប្រទេសមួយ។ ប៉ុន្តែវិស័យយានយន្ត វិស័យអគ្គិសនី និងវិស័យអេឡិចត្រូនិក បើឈរជើងនៅប្រទេសណាមួយហើយ គឺមិនងាយនឹងរើចេញពីប្រទេសនោះទេ ដោយសារការវិនិយោគលើសម្ភារៈបរិក្ខារ និងបច្ចេកវិទ្យាមានច្រើន ដែលទាមទារពេលវេលាយូរក្នុងការគិតពិចារណាមុនពេលរើចេញ»។

យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី បានលើកឡើងថា វគ្គវិក្រិតការគ្រូបច្ចេកទេសស្ដីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» នាពេលនេះ ពិតជាចំទៅនឹងតម្រូវការវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញការវិនិយោគវិស័យយានយន្តនេះឱ្យបានកាន់តែច្រើន ជាមូលដ្ឋានពង្រីកទៅវិស័យផ្សេងៗ ទៀត។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អគ្គនាយកដ្ឋានការងារ បន្តបំប៉នគ្រូឧទ្ទេសឱ្យបានច្រើនបន្ថែមទៀត ដើម្បីចូលរួមបណ្តុះបណ្តាលដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ឱ្យទទួលបាននូវចំណេះ និងជំនាញថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងស្រុក និងពិភពលោក។

លើសពីនេះ លោករដ្ឋមន្ត្រី បានណែនាំឱ្យអគ្គនាយកដ្ឋានការងារសហការជាមួយវិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាលល្បីៗ ក្នុងស្រុក ដើម្បីបង្កើតកម្មវិធីបណ្ដុះបណ្ដាលឱ្យបានច្រើនបន្ថែមទៀត សំដៅពង្រឹងជំនាញវិជ្ជាជីវៈកាន់តែប្រសើរបន្ថែមទៀតដូចជា វិស័យទេសចរណ៍ វិស័យបដិសណ្ឋាកិច្ច និងវិស័យអគ្គិសនីជាដើម ដែលមានការទទួលស្គាល់ថ្នាក់អន្តរជាតិ។

លោករដ្ឋមន្ត្រី បានរំពឹងថា បន្ទាប់ពីបញ្ចប់វគ្គនេះ នឹងធ្វើឱ្យសមត្ថភាពគុណភាពគ្រូឧទ្ទេស និងគ្រូជំនួយ កាន់តែប្រសើរ ដើម្បីចូលរួមបណ្ដុះបណ្ដាលសិស្ស ឬ សិក្ខាកាម ក្នុងវគ្គ ១ លាន ៥ សែននាក់ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ កាន់តែមានគុណភាពប្រសិទ្ធភាព និងសមត្ថភាពជាងមុន។

គួរបញ្ជាក់ថា នេះជាលើកទី ២ ដែល ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវគ្គនេះឡើង ដែលវគ្គទី ២ នេះ ចាប់ពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ ខណៈលើកទី ១ ចាប់ពីថ្ងៃទី ២៦ ខែតុលា ដល់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ