ព័ត៌មានជាតិ
រដ្ឋមន្រ្តីសុខាភិបាល ក្រើនរំលឹកប្រជាពលរដ្ឋ ថែរក្សាសុខភាព និងធ្វើលំហាត់ប្រាណ ដើម្បីបង្ការខ្លួនពីជំងឺមិនឆ្លង
លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តក្រើនរំលឹកប្រជាពលរដ្ឋ ថែរក្សាសុខភាព និងធ្វើលំហាត់ប្រាណ ដើម្បីបង្ការខ្លួនពីជំងឺមិនឆ្លង ជាពិសេសជំងងឺទឹកនោមផ្អែម។ ការក្រើនរំលឹកនេះ នាឱកាសលោកអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខ សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងឱកាសចុះពិនិត្យនេះ លោករដ្ឋមន្រ្តី បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងអ្នកជំងឺ ដែលអញ្ជើញមកទទួលសេវានៅមន្ទីរពេទ្យ ដែលក្នុងនោះក៏ទទួលបានចំណាប់អាម្មរណ៍ពីប្រជាពលរដ្ឋ ដែលបានលើក សរសើរពីការបម្រើសេវារបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ មានអត្តចរិត ឥរិយាបថល្អ រួសរាយរាក់ទាក់ មានការគួរសម ជាមួយស្មារតីទទួលខុសត្រូវខ្ពស់ លើគុណភាពនៃការផ្តល់សេវាប្រចាំថ្ងៃ។
លោករដ្ឋមន្រ្តី និងប្រតិភូ បានចុះពិនិត្យនៅតាមផ្នែកនីមួយៗ ក៏ដូចជាពិនិត្យដំណើរការនៃការបម្រើសេវាជូនប្រជាពលរដ្ឋ ដូចជាផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសម្រាកពេទ្យ សង្គ្រោះបន្ទាន់ ប្រពោធនកម្ម វះកាត់ និងរូបភាពវេជ្ជសាស្ត្រ។ ជាមួយគ្នានោះដែរ លោកបានផ្តល់ការណែនាំដល់មន្រ្តី និងបុគ្គលិកបម្រើការងារនៅតាមផ្នែកនីមួយៗ ដោយត្រូវលើកកម្ពស់សមត្ថភាព ពង្រឹងសមត្ថភាពខ្លួនតាមរយៈការបណ្តុះបណ្តាលបន្ថែម ជាប់ជាប្រចាំ។ ជាពិសេសបន្តការសិក្សាថ្នាក់ឯកទេស ដែលមានតម្រូវការ ដើម្បីយកមកអភិវឌ្ឍ បង្រៀនដល់ក្រុមការងារ និងធ្វើការស្រាវជ្រាវបន្ថែម ក្នុងការដើរឱ្យទាន់សម័យកាលឌីជីថល។

ទន្ទឹមនៃការចុះពិនិត្យនេះ លោក ឈាង រ៉ា បានសង្កេតឃើញថា អ្នកជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែមមានចំនួនច្រើនលើសលប់ ដែលលោកបានណែនាំដល់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ជាពិសេសប្រជាជនទាំងអស់ ត្រូវចូលរួមថែរក្សាសុខភាព បង្ការខ្លួនពីជំងឺមិនឆ្លង ដោយត្រូវបរិភោគអាហារសុវត្ថិភាព តិចអំបិល តិចខ្លាញ់ តិចស្ករ និងត្រូវធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃដើម្បីសុខភាព។
លោកក៏បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមន្ទីរពេទ្យ ដោយបានផ្តល់អនុសាសន៍មួយចំនួន ឱ្យលើកកម្ពស់សមត្ថភាពបុគ្គលិក ដោយត្រូវធ្វើការបណ្តុះបណ្តាលក្នុងពេលបម្រើការងារ (In-service training) ឱ្យបានច្រើនដល់គ្រូពេទ្យជំនាន់ក្រោយ។ មានការទទួលខុសត្រូវខ្ពស់ចំពោះការងារឱ្យបានល្អ។ ដូចជាតួនាទីគិលានុបដ្ឋាកយិកាម្នាក់ ដែលមានទំនួលខុសខ្ពស់ និងស្វែងយល់ពីស្ថានភាពអ្នកជំងឺបានយ៉ាងច្បាស់លាស់ អាចរាយការណ៍ជូនក្រុមការងារព្យាបាល បានយ៉ាងល្អ។ រក្សាអនាម័យឱ្យបានប្រសើរជាប្រចាំ ដោយត្រូវយកគំរូ និងបទពិសោធន៍ក្នុងការថែរក្សាបរិស្ថាន និងអនាម័យល្អ ពីមន្ទីរពេទ្យជាតិដែលមានស្តង់ដាល្អស្រាប់។ ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល ត្រូវចេះស្រឡាញ់គ្នា សាមគ្គីគ្នា សហការគ្នា ជួយគ្នាទៅវិញទៅមក និងត្រូវមានភាពស្មោះត្រង់ជាមួយវិជ្ជាជីវ: និងស្មោះត្រង់ជាមួយប្រជាជន។

ជាចុងក្រោយ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់ពេលពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងអាយុជីវិតដើម្បីប្រយុទ្ធ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។ ព្រមទាំងលើកទឹកចិត្តមន្រ្តីសុខាភិបាលទាំងអស់ ឱ្យបន្តខិតខំបន្ថែមទៀត ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ៕



-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល