Connect with us

ព័ត៌មានជាតិ

«ភូមិទៀមលើ» មានប្រវត្តិជូរចត់​ កើត​ចេញពី​ចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី

បានផុស

នៅ

ខេត្តរតនគិរី មានភូមិតាមរចនាសម្ព័ន្ធរដ្ឋបាលសរុប ២៣៩ភូមិ ក្នុងនោះ ទឹកដីជនជាតិដើមភាគតិចនីមួយៗ គឺកើតចេញជាឈ្មោះភូមិយោងទៅតាមព្រឹត្តិការណ៍នានា។ មេកុលសម្ព័ន្ធ បានដឹកនាំបង្កើតភូមិ រៀបចំច្បាប់ទំនៀមទម្លាប់ ស្របតាមទំនៀមពីដូនតា ដោយការរស់នៅប្រមូលផ្តុំគ្នា។ កាលពីមុន តែងតែកើតមានសង្គ្រាមរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធ នាំឱ្យពួកគេធ្វើការផ្លាស់ប្ដូរទីលំនៅជាញឹកញាប់ ហើយក៏បង្កើតជាភូមិឋានទៅតាមនោះដែរ ប៉ុន្តែ បច្ចុប្បន្ន មិនមានសង្គ្រាមនឹងគ្នាទៀតទេ ឈ្មោះភូមិឋានទាំងនោះ ក៏រក្សានៅដូចសព្វថ្ងៃនេះ។ ជាក់ស្តែង ដូចជា ភូមិទៀមលើ ស្ថិតនៅក្នុងឃុំកាចូន ស្រុកវើនសៃ ខេត្តរតៈគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភូមិទៀលើនេះ ស្ថិតនៅស្របនឹងទន្លេ តួតួភូមិមានរាងជាចំហិតព្រះចន្ទ ព័ទ្ធជុំវិញដោយទន្លេសេសាន្ត ស្ថិតនៅភាគខាងជើងសា​លា​ឃុំកាចូន ប្រមាណ២០០ម៉ែត្រ។ លោក ផាន់ ថងលៀន ជំទប់ទី១ និងជាអតីតមេភូមិទៀមលើ បានរៀបរាប់ប្រវត្តិនៃការកកើតភូមិនេះថា ភូមិទៀមលើ កើតពីកុលសម្ព័ន្ធមួយដែលជាជនជាតិដើមភាគតិច ជនជាតិលុន មិនមែនជនជាតិគ្រឹងទេ។ នៅឆ្នាំ១៨០៥ ដើមឡើយភូមិនេះ ឈ្មោះថា ភូមិលុន ស្ថិតនៅក្នុងស្រុកសៀមប៉ាង ហើយមានរឿងរ៉ាវជាច្រើនកើតឡើង ដូចជា ចោរកម្មប្លន់កាប់ចាក់សម្លាប់គ្នា យកទ្រព្យសម្បត្តិរបស់គ្រួសារអ្នកមានជាដើម។

លោក ផាន់ ថងលៀន ជំទប់ទី១ និងជាអតីតមេភូមិទៀមលើ បានដំណាលថា ដំបូងឡើយ គេស្គាល់តែភូមិលុនប៉ុណ្ណោះ ឥតស្គាល់ភូមិទៀមលើឡើយ។ ប៉ុន្តែ ក្នុងយប់មួយក្នុងភូមិលន់ មានកម្មវិធីសែនស្រូវឡើងជម្រុក ដើម្បីទុកដាក់ហូបទៅឆ្នាំក្រោយ ហើយកំពុងជួបជុំក្រុមគ្រួសារ សាច់ញាតិ បងប្អូន សាច់ញាតិ និងអ្នកស្រុកភូមិផងរបងជាមួយ សប្បាយរីករាយ ហូបមាន់ស្ងោរ បាយសម្លរ ផឹកស្រាពាង គោះគងរាំលេងកម្សាន្ត ស្រាប់តែមេកុលសម្ព័ន្ធកាវ៉ែត បាននាំក្រុមខ្លួនប្រដាប់ដោយអាវុធគ្រប់ដៃ សម្រុកចូលទៅប្លន់យកទ្រព្យសម្បត្តិមានតម្លៃ ដោយចាក់សម្លាប់អ្នកភូមិ។ សកម្មភាពប្លន់នោះដែរ តារុនទៀម បានចាញ់ពួកកាវ៉ែត ក៏រត់ចូលទៅពួនសង្ងំនៅក្នុងស្លឹកល្ពៅ ចំណែក តារុនចាន់ បានរត់ទៅពួននៅក្នុងស្លឹកក្តាត ចោររកពុំឃើញ ទើបរួចរស់ជីវិត។

ដោយភ័យខ្លាចចំពោះហេតុការណ៍ប្លន់ និងសម្លាប់ដុតផ្ទះនេះ និងការតាមសម្លាប់ពីសំណាក់ក្រមចោរផង ទើបតាគិញ តារុនទៀម និងតារុនចាន់ ដែលជាអ្នកដឹកនាំក្រុមក្នុងសម័យនោះ បាននាំប្រជាជនមួយភូមិរត់ចុះឆ្លងទន្លេ លុះមកដល់មាត់ទន្លេ តាគិញ ក៏បែរបន់ បួងសួងសុំឱ្យគាត់ និងអ្នកភូមិ មានជីវិតផុតគ្រោះថ្នាក់គ្រានេះ។ លុះបន់ស្រន់រួច ស្រាប់តែមានឈើមួយដើមធំដួលកាត់ទទឹងទន្លេសេសាន្ត ឃើញដូច្នេះ ពួកគាត់ក៏ប្រញាប់ប្រញាល់រត់តាមដើមឈើនោះ អ្នកខ្លះក៏បានទៅដល់ត្រើយម្ខាង អ្នកខ្លះទៀត ក៏បានធ្លាក់ក្នងទឹកទន្លេ។ ក្នុងពេលនោះដែរ ស្រាប់តែមានត្រីរមាសធំមួយ ងើបពីផ្ទៃទឹកមកបក់កន្ទុយតិចៗ កុំឱ្យទឹកហូរនាំមនុស្សទៅតាមខ្សែទឹកហូរ។ បន្ទាប់ពីពួកគាត់បានទៅដល់កន្លែងមានសុវត្ថិភាពហើយ នាំគ្នាងាកទៅក្រោយវិញ ស្រាប់តែមិនបានឃើញដើមឈើទើបនឹងឆ្លងទន្លេអម្បិញមិញនោះទេ តែបែរជាឃើញសត្វទន្សងទៅវិញ។

និទានទៅដល់ហេតុការណ៍ដែលចោរចូលក្នុងភូមិប្លន់យកមាស ពេជ្រ គ្រឿងមានតម្លៃ ហើយថែមទាំងដុតផ្ទះសម្បែងឆេះអស់ និងកាប់សម្លាប់រួចរាល់ ក្រុមកុលសម្ព័ន្ធកាវ៉ែត ក៏បាននាំម្តាយ ឪពុក តារុនចាន់ ទៅជាមួយ ដើម្បីទុកធ្វើជាទាសករនៅបម្រើពួកគេ។ ក្រោយមក ក្នុងយប់មួយ តារុនទៀម យល់សប្តិឃើញថា បើចង់ទៅយកឪពុកម្តាយមកវិញ គឺតម្រូវឱ្យប្រមូលផ្តុំគ្នាធ្វើជាខែលចម្បាំង មានរូបស្លឹកល្ពៅ និងស្លឹកក្តាត ឯដាវវិញ ត្រូវមានរាងជាសត្វទន្សង ចំណែកពូថៅវិញ ត្រូវធ្វើឱ្យមានរាងដូចជាត្រីរមាស។ បន្ទាប់ពីធ្វើសាស្ត្រាវុធចម្បាំងរួចស្រេចបាច់ហើយ តារុនទៀម និងតារុនចាន់ បានប្រមូលប្រជនជនភៀសខ្លួនទាំងអស់ ចាប់កាន់អាវុធ លើកគ្នាទៅតតាំងច្បាំងរំដោះឪពុកម្តាយត្រឡប់មកវិញ បានសម្រេច ។

ដោយឡែក បន្ទាប់ពីរួមរស់បានសុខសាន្តនៅក្នុងទីតាំងថ្មីហើយ ក្រុមអ្នកភូមិដែលដឹកនាំដោយតារុនទៀម និងតារុនចាន់ បានដាក់ឈ្មោះភូមិថ្មីនេះថា ភូមិទៀមលើ ហើយបានរៀបចំបង្កើតទំនៀមទម្លាប់នៃការសែនព្រេនភូមិឋាន។ ការសែនភូមិ ត្រូវមានដំណមចំពោះល្ពៅ ក្តាត ត្រីរមាស និងសត្វទន្សង ។  អ្នកភូមិទាំងអស់ មិនត្រូវហូប ឬប៉ះពាល់ និងយកចូលក្នុងភូមិនូវរបស់តំណមទាំងនេះឡើយ។ រីឯ តង្វាយសម្រាប់សែនភូមិ នៅពេលនោះ គឺមានស្រាពាង បន្ថែមកាប់ក្របី២ គឺពណ៌ស១ និងពណ៌ខ្មៅ ១ អមជាមួយចាស់ទុំភូមិផងដែរ ជូនដូនតា និងអ្នកតាម្ចាស់ភូមិ បានដឹងបានឮ ជាសាក្សីសម្រាប់ប្រជាជន ទុកជាប្រពៃណី ទំនៀមទម្លាប់ ត្រូវអនុវត្តតគ្នារៀងទៅ។​

បើករណីមានអ្នកភូមិ ឬជនពីក្រៅ នាំយករបស់ទាំងនេះចូលភូមិ ឬហូប គឺមេភូមិ ចាស់ទុំ និងប្រជាជន ត្រូវដាក់កំហិតយកក្របី មកសែនសុំទោសអ្នកតាម្ចាស់ភូមិ កុំឱ្យមានគ្រោះអាក្រក់ដល់ប្រជាជនក្នុងភូមិ។ ផ្ទុយមកវិញ អ្នកណាមិនគោរពតាមដំណមនេះទេ ពួកគេនឹងប្រឈមមុខគ្រោះអាក្រក់ធ្លាក់ទៅខ្លួនឯង និងក្រុមគ្រួសារ។ យ៉ាងណាក៏ដោយ នៅពេលខ្លួនឯង ឬអ្នកណាមួយក្នុងភូមិឈឺថ្កាត់ គេត្រូវទៅរកគ្រូ ហើយបើគ្រូទាយត្រូវ ដោយថា បានធ្វើខុសប្រពៃណីនេះវិញ គឺអ្នកប្រព្រឹត្តនឹងត្រូវបានចាស់ទុំ និងអ្នកភូមិបង្ខំឲសែនក្របី ទៅអ្នកដែលឈឺនោះជាពុំខានឡើយ។

គួរកត់សម្គាល់ថា ពេលវេលាចេះកន្លងផុតទៅពីមួយជំនាន់ទៅមួយជំនាន់ ការប្រែប្រួលអាកាសធាតុ បរិស្ថាន ការផ្លាស់ប្តូរប្រជាសាស្ត្រ ការសិក្សាអប់រំ របបអាហារ ភាសា អក្សរ ទំនៀមទម្លាប់ ប្រពៃណី ពណ៌សម្បុរ វត្ថុបុរាណ ផ្នូរខ្មោចជាដើម គឺពិតជាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើធាតុសំខាន់ៗក្នុងការសម្គាល់អត្តសញ្ញាណភូមិនីមួយៗ ជាពិសេស ទៅលើការរស់នៅយូរអង្វែងរបស់ជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៩ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម