Connect with us

ព័ត៌មានជាតិ

ប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្តីឡាវ ប្ដេជ្ញាជំរុញការអនុវត្តកិច្ចព្រមព្រៀងនានាដែលប្រទេសទាំងពីរបានចុះហត្ថលេខា

បានផុស

នៅ

ក្នុងពេលអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ បានជួបពិភាក្សាការងារជាមួយសម្ដេចធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ដោយថ្នាក់ដឹកនាំទាំងពីរ បានប្ដេជ្ញាចិត្តជំរុញការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈនានាដែលប្រទេសទាំងពីរបានចុះហត្ថលេខាទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចធិការធិបតី ឃួន សុដារី ចាត់ទុកដំណើរទស្សនកិច្ចនេះ ថា នឹងធ្វើឱ្យចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រពៃណី ជាបងប្អូន អ្នកភូមិផងរបងជាប់គ្នា និងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងកាន់តែរឹងមាំ និងរីកចម្រើនឡើងជាលំដាប់ ដែលនាំមកនូវផលប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋនិងប្រទេសទាំងសងខាង។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់ ទាំងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរទៅវិញទៅមកជាបន្តបន្ទាប់។ តាមការរៀបរាប់របស់សម្ដេច ឃួន សុដារី តាមគម្រោង ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏គ្រោងយាង និងអញ្ជើញបំពេញព្រះរាជទស្សនកិច្ច និងទស្សនកិច្ចនៅប្រទេសឡាវ នាពេលខាងមុខនេះផងដែរ។

សម្តេចធិការធិបតី ឃួន សុដារី បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសនិងប្រជាជនទំាងពីរ មិនត្រឹមបានឆ្លុះបញ្ចាំងឱ្យឃើញស្មារតីមិត្តភាព សាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្ដរជាតិប៉ុណ្ណោះទេ ថែមទាំងបានរួមវិភាគទានដ៏មានតម្លៃ និងធំធេងដល់ភាពជោគជ័យនៃព្រឹត្តិការណ៍អន្តរជាតិនានា រួមចំណែកដ៏សំខាន់ដល់ការកសាងសុខសន្ដិភាព និងការអភិវឌ្ឍតំបន់ និងពិភពលោកថែមទៀត។

តាមរយៈជំនួបនេះ លោក សនសៃ ស៊ីផាន់ដន បានអបអសារទរចំពោះសុខសន្តិភាព និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ហើយបានអបអរសាទរពីភាពជោគជ័យជាបន្តបន្ទាប់ជាច្រើនដែលកម្ពុជាបានរៀបចំកិច្ចប្រជុំថ្នាក់អនុតំបន់ តំបន់ និងកម្រិតអន្តរជាតិ ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ លោក ថា ជោគជ័យទាំងអស់នោះ បានលើកកម្ពស់កិត្យានុភាព និងតួនាទីកាន់តែសំខាន់របស់កម្ពុជានៅលើឆាកអន្តរជាតិ។

នាយករដ្ឋមន្រ្តីឡាវ ក៏បានថ្លែងអំណរគុណដែលកម្ពុជាតែងតែជួយឧបត្ថម្ភ និងគាំទ្រដល់ឡាវ តាំងពីអតីតកាលរហូតដល់ពេលបច្ចុប្បន្ន ជាពិសេសអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ បានផ្តល់ជំនួយជាវ៉ាក់សំាងការពារកូវីដ-១៩ និងសម្ភារៈវេជ្ជសាស្រ្តដល់ឡាវ។ លោក សនសៃ ស៊ីផាន់ដន បានជម្រាបសម្តេចប្រធានរដ្ឋសភាពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន៣ថែមទៀតរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ខណៈក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ទៅកាន់ប្រទេសឡាវ កាលពីឆ្នាំ២០២៣កន្លងទៅ ភាគីទាំងពីរ ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន៧ដែរ។

ក្នុងន័យនេះ ប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្តីឡាវ បានប្តេជ្ញាចិត្តរួមគ្នាជំរុញ និងលើកកម្ពស់ទំនាក់ទំនងដ៏ល្អប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងអនុវត្តបានជាផ្លែផ្កានូវរាល់កិច្ចព្រមព្រៀង និងអនុស្សរណៈដែលប្រទេសទាំងពីរបានចុះហត្ថលេខា ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេសទាំងសងខាង។

ថ្នាក់ដឹកនាំ ថា កម្ពុជា និងឡាវ ចាំបាច់ត្រូវបន្តរក្សាការប្រាស្រ័យទាក់ទងគ្នាជាយុទ្ធសាស្រ្តឱ្យបានកាន់តែល្អប្រសើរ និងស្អិតល្មួតនៅគ្រប់កម្រិត និងគ្រប់វិស័យ ក្នុងនោះរវាងបក្ស រដ្ឋាភិបាល រដ្ឋសភា វិស័យឯកជន និងសង្គមស៊ីវិល ដែលជាចាំបាច់ និងកាន់តែសំខាន់ឡើងក្នុងពេលបច្ចុប្បន្ន ខណៈពិភពលោកកំពុងស្ថិតក្នុងភាពស្មុគស្មាញកាន់តែខ្លាំងលើបញ្ហាភូមិសាស្រ្តនយោបាយនោះ។

គួរជម្រាបថា ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជានេះ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ក៏បានអញ្ជើញធ្វើជាអធិបតី​ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន៣៖ ១.កិច្ចព្រមព្រៀងស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ២. អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និង៣. អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ វិនាទី មុន

ទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណប័ណ្ណ ផ្សារទំនើបអ៊ីអនម៉លមានជ័យ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ

កីឡា១០ នាទីutes មុន

កីឡាករ​ ធន់​ សាក់ស៊ីន​ ជិត​១,០០០​ដុល្លារ​ថ្ងៃ​នេះ​ជួយ​សម្រាល​ជីវភាព​បាន​ច្រើន​

នយោបាយ៣៩ នាទីutes មុន

Breaking News! អ្នកនាំពាក្យ៖ លោក សម សេរី នឹងត្រូវលើកលែងទោសឆាប់ៗនេះ ក្រោមនយោបាយបង្រួបបង្រួមជាតិរបស់សម្តេចតេជោ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Rubio៖ អាមេរិក​មិន​ចែក​ជំនួយ​មនុស្សធម៌​ច្រើន​ជាង​គេ​ទៀតទេ ទុក​ឲ្យ​ចិន​និង​ឥណ្ឌា​ជួយ​ខ្លះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើសពីការធ្វើសង្ក្រាន្ត វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ឱ្យសិស្សកែច្នៃអ្វីថ្មីមកតាំងបង្ហាញ

Sokha Hotels

ព័ត៌មានពេញនិយម