Connect with us

ព័ត៌មានជាតិ

កម្មករ-និយោជិត ទទួលបានប្រាក់ចូលនិវត្តន៍ ត្រូវបង់ភាគទានមក ប.ស.ស យ៉ាងតិច ១២ ខែ និងមានអាយុយ៉ាងតិច ៦០ ឆ្នាំ

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម​ដែល​ហៅ​កាត់​ថា ប​.​ស​.​ស បាន​អះអាង​ថា ដើម្បី​ទទួល​បាន​ប្រាក់​សោធន​ជរាភាព​ ឬ​ ប្រាក់​ចូលនិវត្តន៍ ឬ​ប្រាក់​រ៉ឺ​ត្រែ​ត កម្មករ-និយោជិត​ទាំងអស់​ ត្រូវ​ចុះបញ្ជី​នៅ ប​.​ស​.​ស ផ្នែក​ប្រាក់​សោធន បាន​បង់​ភាគទាន​មក ប​.​ស​.​ស បាន​យ៉ាងតិច ១២ ខែ និង​ត្រូវ​មាន​អាយុ​យ៉ាងតិច ៦០ ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប​.​ស​.​ស បាន​បន្ថែម​ថា ជាមួយ​គ្នា​នេះ​ដែរ កម្មករ-និយោជិត ត្រូវ​ភ្ជាប់​ឯកសារ​សំខាន់ៗ មួយ​ចំនួន រួម​មាន ប័ណ្ណ​សមាជិក ប​.​ស​.​ស ច្បាប់​ដើម អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ច្បាប់ដើម ដែល​មាន​សុពលភាព​ ឬ​ លិខិត​ឆ្លងដែន​សម្រាប់​ជនបរទេស សេចក្តី​ចម្លង​សំបុត្រអាពាហ៍ពិពាហ៍ និង​សេចក្តី​ចម្លង​បញ្ជាក់​សំបុត្រកំណើត​កូន​បើ​មាន និង​ត្រូវ​មាន​លេខ​គណនី​ធនាគារ​អេស៊ីលីដា ឬ លេខ​គណនី​ធនាគារ​កាណាឌីយ៉ា។

ប​.​ស​.​ស បាន​បញ្ជាក់​ថា ពេល​ក្លាយ​ជា​សោធនិក​ កម្មករ-និយោជិត នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ដូចជា ទទួល​បាន​ប្រាក់​សោធន​ជរា​ភាព​ជា​ប្រចាំខែ ,ទទួល​បាន​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដៃគូ ប​.​ស​.​ស​. ដោយ​ឥត​បង់ថ្លៃ, ទទួល​បាន​ប្រាក់​វិភាជន៍​បូជាសព​នៅ​ពេល​ទទួល​មរណភាព, ទទួល​បាន​ប្រាក់​សោធន​ឧត្ដរ​ជីវី​នៅ​ពេល​អ្នក​ចូលនិវត្តន៍​ទទួល​មរណភាព ប្ដី ឬ ប្រពន្ធ និង​កូន នៅ​ក្នុង​បន្ទុក នឹង​ទទួល​បាន​ប្រាក់ ៤៥ ភាគរយ នៃ​ប្រាក់​ចូលនិវត្តន៍​របស់​អ្នក​ចូលនិវត្តន៍។

ប​.​ស​.​ស បាន​បន្ត​ថា ការ​បង់​ភាគទាន​សម្រាប់​ប្រាក់​សោធន​នេះ​តម្រូវ​ឱ្យ​បង់ ៤% នៃ​ប្រាក់​ខែ​ដែល​កម្មករ-និយោជិត ទទួល​បាន ក្នុង​កម្មករ​ត្រូវ​មាន​កាតព្វកិច្ច​បង់​ ២%​ និង​និយោជក​ ត្រូវ​បង់ ២%។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី ១២ ខែ​កក្កដា ឆ្នាំ ២០២៤ កន្លង​ទៅ​នេះ មាន​សមាជិក ប​.​ស​.​ស ចំនួន ៣២០ នាក់​ ស្ត្រី​មាន​ចំនួន ១២០​ នាក់​ បាន​ដាក់​ឯកសារ​ស្នើសុំ​ប្រាក់​សោធន ​ក្នុង​នោះ​មាន​សមាជិក ប​.​ស​.​ស ចំនួន ១២ នាក់ បាន​ក្លាយ​ជា​សោធនិក​ដំបូង​គេ​ដែល​នឹង​ទទួល​បាន​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ថា រហូត​មក​ទល់​ពេលនេះ ប​.​ស​.​ស មាន​សមាជិក​កើន​ឡើង​ដល់​ជាង ២,៧ លាន​នាក់​ហើយ នៅ​ទូទាំង​ប្រទេស ក្នុង​នោះ បុគ្គល​ស្ថិត​ក្នុង​វិស័យ​សាធារណៈ​មាន​ចំនួន​ជិត ៥០ ម៉ឺន​នាក់ បុគ្គល​ក្រោម​បទប្បញ្ញត្តិ​ច្បាប់​ស្ដីពី​ការងារ​មាន​ចំនួន​ជាង ១,៦ លាន​នាក់ បុគ្គល​ស្វ័យ​និយោជន៍​មាន​ចំនួន​ជាង ៤៣ ម៉ឺន​នាក់ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស ចំនួន​ជិត ១៤ ម៉ឺន​នាក់ ដោយ​ជា​សហព័ទ្ធ (​ប្រពន្ធ ឬ ប្តី​) មាន​ចំនួន ៣៦ ៦១២ នាក់ និង​កូន​មាន​ចំនួន ១០២ ៧៨៨ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៦ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

Sokha Hotels

ព័ត៌មានពេញនិយម