ព័ត៌មានជាតិ
ផ្លូវជាតិសំខាន់ៗ ៣ ខ្សែ បញ្ចប់ការសាងសង់១០០% តភ្ជាប់គ្នាយ៉ាងប្រទាក់ក្រឡា
ផ្លូវជាតិសំខាន់ៗចំនួន ៣ ខ្សែបានបញ្ចប់ការសាងសង់ ១០០% នៅឆ្នាំ ២០២៤ ដែលបានសម្រួលការធ្វើដំណើរនិងការតភ្ជាប់យ៉ាងប្រទាក់ក្រឡាគ្នាពីតំបន់មួយទៅតំបន់មួយ។
ផ្លូវជាតិលេខ ៣១
ផ្លូវជាតិលេខ ៣១ បំបែកពីបែកគុសទៅកំពង់ត្រាចខេត្តកំពត ប្រវែងសរុប ៥៣,៥៤ គីឡូម៉ែត្រ បានបញ្ចប់ការសាងសង់ ១០០%។

ផ្លូវជាតិលេខ៣១ ត្រូវបានអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្វើជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ និងស្តារលើកកម្រិតគុណភាពកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។
ផ្លូវជាតិមួយនេះមិនត្រឹមតែជាផ្លូវសម្រាប់ធ្វើដំណើរបម្រើក្នុងវិស័យដឹកជញ្ជូន តែក៏ជាច្រករបៀងសម្រាប់ការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា ប្រទេសវៀតណាម និងប្រទេសថៃផងដែរ។
ផ្លូវជាតិលេខ ៣៣
ផ្លូវជាតិលេខ៣៣ (កំពត-ច្រកព្រំដែនអន្តរជាតិព្រែកចាក) ក៏សម្រេចវឌ្ឍនភាពការងារសាងសង់បញ្ចប់ ១០០% គិតត្រឹមចុងឆ្នាំ២០២៤ នេះ។
កាលពីថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារពង្រីកនិងលើកកម្រិតគុណភាពគម្រោងផ្លូវជាតិលេខ ៣៣ ចាប់ពីខេត្តកំពត ដល់ច្រកព្រំដែនអន្តរជាតិព្រែកចាក (ព្រំដែនកម្ពុជា-វៀតណាម)។

លោក ប៉ាល់ ចន្ទតារា បានគូសបញ្ជាក់ថា គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៤ គម្រោងស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៣៣ បានសម្រេចលទ្ធផលការងារបញ្ចប់ ១០០% និងត្រៀមធ្វើការប្រគល់-ទទួលនាពេលឆាប់ៗខាងមុខនេះ។
គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ បើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ ផ្លូវនេះតភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកព្រំដែនអន្តរជាតិព្រែកចាក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្តស្រុកទឹកឈូ ស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្តក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប។
ផ្លូវជាតិលេខ ៧១ សេ
គម្រោងសាងសង់ផ្លូវជាតិលេខ ៧១C ក៏សម្រេចលទ្ធផលបញ្ចប់ ១០០%។ ផ្លូវជាតិលេខ ៧១C មានប្រវែង ១១៤,៦២ គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK១៥០+៧០០ ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ ៧១ ចំណុច PK៣០+៤០០ ខេត្តកំពង់ចាម ដែលនឹងត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឆាប់ៗនេះ។

ផ្លូវជាតិលេខ ៧១C ត្រូវបានសាងសង់ដោយក្រុមហ៊ុនសៀងហៃគ្រុប( SCG) និងទីប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន ប្រើប្រាស់ហិរញ្ញប្បទានថវិកាពីសាធារណរដ្ឋប្រជាមានិតចិន។
ផ្លូវជាតិដ៏សំខាន់នេះជាប្រភេទ AC/DBST ដែលបានចុះកិច្ចសន្យាសាងសង់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ និងចាប់ផ្តើមសាងសង់នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ដែលមានរយៈពេលសាងសង់ ៤២ ខែ និងរយៈពេលថែទាំ(ក្នុងកិច្ចសន្យា) ២៤ខែ។
ដោយឡែក ផ្លូវជាតិលេខ ៤១ ដែលជាខ្សែផ្លូវជាតិដ៏សំខាន់មួយទៀត បើតាមមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ការសាងសង់សម្រេចបានជាង ៩៧% គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤។

គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤ ការអនុវត្តគម្រោងសម្រេចបានលទ្ធផលជារួមបាន ៩៧,០១% ដោយក្នុងនោះ ការងារអ៊ុតកៅស៊ូ AC បានបញ្ចប់ស្ទើរ ១០០ ភាគរយ ការងារបំពាក់សម្ភារសុវត្តិភាពចរាចរណ៍ (គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗ ក៏បានបញ្ចប់ស្ទើររួចរាល់ហើយដែរ។
គម្រោងស្ដារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧ គីឡូម៉ែត្រ ចាប់ផ្តើមពីភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល នៃខេត្តកណ្ដាល (ចំណុចប្រសព្វផ្លូវជាតិលេខ ៤) រហូតដល់ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ នៃខេត្តកំពត (ចំណុចផ្លូវជាតិលេខ ៣)។
លោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៤១ កាលពីថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះពិនិត្យការងារសាងសង់ផ្លូវជាតិលេខ៤១ ដោយមានការចូលរួមពីមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC។
ការចុះពិនិត្យលើវឌ្ឍនភាពការងារសាងសង់ ដើម្បីឈានទៅដំណាក់កាលនៃការប្រគល់-ទទួល នាពេលខាងមុខមានន័យថាគម្រោងផ្លូវនេះសម្រេចលទ្ធផលសាងសង់ជិតរួចរាល់ទាំងស្រុងហើយ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ