ព័ត៌មានជាតិ
តាមម៉ាស៊ីនថតស្វ័យប្រវត្តិ ដែនជម្រកសត្វព្រៃលំផាត់ មានវត្តមានសត្វព្រៃចំនួន ២៨ ប្រភេទ
យោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវតាមដានជីវៈចម្រុះដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ដែនជម្រកសត្វព្រៃលំផាត់នៅតែជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃធំៗ និងប្រភេទសត្វកម្រ ដូចជាទន្សោង ខ្ទីង និងស្វាកន្ទុយសជិតផុតពូជបំផុត ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីនៅក្នុងព្រៃ។

តាមរយៈលទ្ធផលនៃការសិក្សា និងម៉ាស៊ីនថតស្វ័យប្រវត្តិ បានបង្ហាញថា នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ មានវត្តមានសត្វព្រៃចំនួន ២៨ ប្រភេទដែលមានទំហំផ្សេងៗគ្នា រាប់ចាប់តាំងពីសត្វខ្ទីង ដែលជាប្រភេទអំបូរសត្វពាហនៈមានមាឌធំជាងគេនៅលើពិភពលោក រហូតដល់ប្រភេទសត្វក្តាន់ញ៉ែង ដែលជាប្រភេទអំបូរក្តាន់តូចជាងគេបំផុតទីពីរនៅលើពិភពលោកផងដែរ។
ក្នុងនោះ ក៏មានប្រភេទសត្វព្រៃជាច្រើនទៀត ត្រូវបានចាត់ថ្នាក់ក្នុងប្រភេទកំពុងរងគ្រោះខ្ពស់ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN Red List) ដែលក្នុងនោះមានសត្វពីរប្រភេទស្ថិតក្នុងស្ថានភាពជិតផុតពូជបំផុត គឺ សត្វស្វាកន្ទុយស និងសត្វទន្សោង ជាចំណាត់ថ្នាក់ដែលងាយនឹងឈានដល់ការផុតពូជបើសិនជាមិនមានការការពារទេនោះ។

ការសិក្សាស្រាវជ្រាវតាមដានជីវៈចម្រុះនេះ ត្រូវបានធ្វើឡើងជាលក្ខណៈប្រព័ន្ធ ដែលគ្របដណ្តប់លើផ្ទៃដី ១២៧២ គីឡូម៉ែត្រការ៉េ នៃតំបន់គម្រោងរេដបូក។ ជាមួយនឹងកាមេរ៉ាចំនួន ៤០ ត្រូវបាន ដាក់ក្នុងរយៈពេល ៧៤២៨ ថ្ងៃសម្រាប់ថតយករូបភាព ការសិក្សានេះបានបង្ហាញថា លំផាត់នៅតែជាជម្រក ដ៏សំខាន់ និងជាកន្លែងដ៏រឹងមាំសម្រាប់ប្រភេទសត្វដែលងាយរងគ្រោះជាច្រើន រួមទាំងថនិកសត្វជាច្រើនប្រភេទដែលពេលនេះ ត្រូវបានបាត់បង់យ៉ាងគួរឱ្យសោកស្តាយពីកន្លែងភាគច្រើននៅភូមិភាគអាស៊ីអាគ្នេយ៍។

ជុំវិញលទ្ធផលនេះដែរ លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានមានប្រសាសន៍ថា ការសិក្សានេះបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់ដែលជាទីតាំងកំពុងអនុវត្តគម្រោងរេដបូកនេះពិតជាមានសារៈសំខាន់ជាសកល។ វត្តមាននៃប្រភេទសត្វដ៏អស្ចារ្យ ដូចជាខ្ទីង និងទន្សោង បានបង្ហាញពីតម្រូវការកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នាដើម្បីការពារជម្រកព្រៃឈើដ៏សំខាន់ដែលនៅសេសសល់នេះ។ ក្រៅពីនេះ ដែនជម្រកសត្វព្រៃលំផាត់បាននិងកំពុងផ្តល់ទីជម្រកដល់សត្វស្លាបតំណាងជាតិរបស់កម្ពុជា គឺសត្វត្រយងយក្ស រួមជាមួយនិងប្រភេទសត្វជិតផុតពូជបំផុតផ្សេងៗទៀតដូចជា សត្វត្រយងចង្កំកស និងសត្វត្មាតភ្លើងផងដែរ៕



-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា