ព័ត៌មានជាតិ
កម្ពុជា-ម៉ាឡេស៊ី ឯកភាពបន្តជុំវិញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើន
កម្ពុជា-ម៉ាឡេស៊ី បានឯកភាពក្នុងការបន្តជំរុញ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត លើវិស័យសំខាន់ៗមួយចំនួនរួមមាន វិស័យអប់រំ, ទេសចរណ៍, ថាមពលកកើតឡើងវិញ និងលទ្ធភាពនៃការភ្ជាប់ការហោះហើរត្រង់ពីរដ្ឋ Sarawak មកកាន់កម្ពុជា ព្រមទាំងការតភ្ជាប់រវាងប្រជាជន និងប្រជាជនផងដែរ។
ការឯកភាពនេះ ត្រូវបានធ្វើឡើងនាឱកាស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត Tan Sri Abang Zohari Tun Openg ប្រមុខរដ្ឋបាល នៃរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី និងជាប្រធានអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិក(RISEAP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២៤។

លោកប្រមុខរដ្ឋបាលនៃរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដល់ការគាំទ្រដល់អង្គការ RISEAP ក្នុងការរៀបចំសន្និបាតលើកទី ២០ របស់ខ្លួន នៅរាជធានីភ្នំពេញ នាឱកាសនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូងបំផុត។
លោកក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីសាវតាររបស់អង្គការ RISEAP ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨០ ដោយនាយករដ្ឋមន្ត្រីទីមួយរបស់ប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងលើកកម្ពស់ការយោគយល់គ្នា និងការគោរពគ្នាទៅវិញទៅមក រវាងសាសនានិងសាសនា ព្រមទាំងការចូលរួមចំណែកក្នុងការបង្កើតសង្គមមួយប្រកបដោយសុខសន្តិភាព និងសុខដុមនីយកម្ម។
លោកប្រមុខរដ្ឋបាលនៃរដ្ឋ Sarawak ក៏បានកត់សម្គាល់បន្ថែមថា កម្ពុជាគឺជាប្រទេសមួយដែលមានសក្ដានុពល និងកាលានុវត្តភាពជាច្រើន នៅក្នុងការពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសម៉ាឡេស៊ី និងកម្ពុជា ដែលរដ្ឋ Sarawak អាចដើរតួនាទីនៅក្នុងការចូលរួមចំណែកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប, សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះ អង្គការ RISEAP ដែលបានរៀបចំសន្និបាតលើកទី២០ របស់ខ្លួននៅកម្ពុជា។ ការណ៍នេះបានចូលរួមចំណែកនៅក្នុងការផ្សព្វផ្សាយអំពីស្ថានភាពពិតរបស់កម្ពុជាទៅកាន់ពិភពលោកថា កម្ពុជាគឺជាប្រទេសដែលមាននូវសន្តិភាព និងសុវត្ថិភាព។

សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា តាមរយៈសន្តិភាព និងស្ថិរភាពនេះ បានផ្ដល់ឱកាសដល់ការកសាងបាននូវសុខដុមនីយកម្មសាសនានៅក្នុងសង្គមកម្ពុជា ហើយរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ក្នុងការផ្ដល់ តម្លៃ និងសិទ្ធិសេរីភាពពេញលេញនៅក្នុងការគោរព និងការប្រណិប័តន៍ជំនឿសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសហគមន៍សាសនាទាំងអស់ រួមទាំងសហគមន៍សាសនាឥស្លាមដែលគាំទ្រទៅដល់សុខដុមនីយកម្មសាសនានៅកម្ពុជា។
សម្ដេចបវរធិបតី ក៏បានឯកភាពជាមួយនឹងលោកប្រមុខរដ្ឋបាល នៃរដ្ឋ Sarawak ផងដែរថា កម្ពុជា-ម៉ាឡេស៊ី នៅមានកាលានុវត្តភាពជាច្រើនបន្ថែមទៀតនៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងសហប្រតិបត្តិការ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៨ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១២ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា