ព័ត៌មានជាតិ
ទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត៖ សម្ដេចតេជោ ឆ្លៀតអញ្ជើញទស្សនាកំពែងឌីរីយ៉ា និងភូមិទេសចរណ៍ធម្មជាតិ អាល់ប៊ូចារី
ក្នុងឱកាសនៃការស្នាក់នៅបំពេញទស្សនកិច្ចផ្លូវការនៅអារ៉ាប៊ីសាអូឌីត សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភាកម្ពុជា និងគណៈប្រតិភូ អញ្ជើញទស្សនាកំពែងឌីរីយ៉ា និងភូមិទេសចរណ៍ធម្មជាតិ អាល់-ប៊ូចារី (AL-Bujairi) រដ្ឋធានីរីយ៉ាដ រសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤។

វត្តមានអញ្ជើញដល់របស់សម្តេចតេជោ និងប្រតិភូជាន់ខ្ពស់របស់កម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍ពីថ្នាក់ដឹកនាំនៃកំផែងឌីរីយ៉ា (Diriyah Gate) និងភូមិទេសចរណ៍ធម្មជាតិ អាល់-ប៊ូចារី (AL-Bujairi)។ កំផែងឌីរីយ៉ា គឺជាគម្រោងអភិវឌ្ឍន៍បរិវត្តកម្មផ្នែកវប្បធម៌ និងប្រវត្តិសាស្រ្តនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត ដែលដឹកនាំដោយអាជ្ញាធរអភិវឌ្ឍន៍កំផែងឌីរីយ៉ា DGDA។
គម្រោងនេះ មានគោលបំណងធ្វើឱ្យទីក្រុងប្រវត្តិសាស្រ្តឌីរីយ៉ា មានភាពរស់រវើកឡើងវិញ ដែលជាកន្លែងកំណើតនៃរដ្ឋអារ៉ាប៊ីសាអូឌីត ឱ្យទៅជាគោលដៅលំដាប់ពិភពលោក ដែលប្រារព្វពីបេតិកភណ្ឌវប្បធម៌ និងស្ថាបត្យកម្មរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ តាមសាវតាបញ្ជាក់ថា សារៈសំខាន់ប្រវត្តិសាស្រ្ត ឌីរីយ៉ា ជាទីតាំងកំណើតរបស់រាជវង្សអារ៉ាប៊ីសាអូឌីត ហើយបានដើរតួនាទីជារាជធានី នៃរដ្ឋអារ៉ាប៊ីសាអូឌិតដំបូងគេ ក្នុងសតវត្សទី១៨។ ទីក្រុងនេះល្បីល្បាញ ដោយសាររចនាសម្ពន្ធឥតភក់ហើយត្រូវបានគេចាត់ទុកថា ជានិម្មិតរូបនៃអត្តសញ្ញាណ និងបេតិកភណ្ឌរបស់អារ៉ាប៊ីសាអូឌីត។
តំបន់នេះត្រូវបានផ្តួចផ្តើមគំនិត និងប្រកាសកាលពីឆ្នាំ២០១៧ ថា ជាផ្នែកនៃផែនការចក្ខុវិស័យឆ្នាំ២០៣០ របស់ប្រទេសអារ៉ាប៊ីសាអូឌិត ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់គំនិតផ្តួចផ្តើមវប្បធម៌ ក្នុងគោលបំណងដើម្បីប្រែក្លាយ ឌីរីយ៉ា ទៅជាគោលដៅទេសចរណ៍ពិភពលោក ក្នុងនោះ ក៏មានការអភិវឌ្ឍ និងការបង្ហាញពីសារៈសំខាន់ជាប្រវត្តិសាស្រ្ត និងវប្បធម៌។

សារៈសំខាន់ជាយុទ្ធសាស្រ្តលើពិពិធកម្មសេដ្ឋកិច្ច អាជ្ញាធរមានគោលបំណងជំរុញទេសចរណ៍ និងបង្កើតឱកាសការងារ ដើម្បីរួមចំណែកដល់លំហូរប្រាក់ចំណូលមិនមែនប្រេង ពោលគឺពង្រឹងអត្តសញ្ញាណជាតិ តាមរយៈការផ្សព្វផ្សាយប្រវត្តិសាស្រ្ត និងប្រពៃណីរបស់អារ៉ាប៊ីសាអូឌិត។ ការកំណត់ប្រទេសអារ៉ាប៊ីសាអូឌិត ជាគោលដៅវប្បធម៌ និងប្រវត្តិសាស្រ្តដ៏សំខាន់មួយ រួមទាំងទាក់ទាញវិនិយោគ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
បន្ទាប់មក នៅរសៀលថ្ងៃដដែល សម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញទស្សនាភូមិទេសចរណ៍ធម្មជាតិ អាល់ ប៊ូជៃរី (Al Bujairi) ក្នុងរដ្ឋធានីរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌិត។ ភូមិទេសចរណ៍ធម្មជាតិ អាល់ ប៊ូជៃរី មានទីតាំងក្នុងទីតាំងប្រវត្តិសាស្រ្តឌីរីយ៉ា ក្បែររដ្ឋធានីរីយ៉ាត គឺជាតំបន់មានសារៈសំខាន់ផ្នែកវប្បធម៌ និងប្រវត្តិសាស្រ្ត។ តំបន់នេះ ត្រូវបានធ្វើឲ្យរស់រានឡើងវិញ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរអភិវឌ្ឍកំផែងឌីរីយ៉ា ដើម្បីប្រែក្លាយឌីរីយ៉ា ទៅជាគោលដៅវប្បធម៌ និងទីតាំងរស់នៅប្រណិត។ ភូមិទេសចរណ៍ធម្មជាតិ អាល់ ប៊ូជៃរី ស្ថិតនៅជាប់ស្រុកអាត ទួរេហ្វ ដែលជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ដែលត្រូវបានគេស្គាល់ដោយសាររចនាបថស្ថាបត្យកម្ម Najdi ដ៏ប្រណិតពិសេស និងជាកន្លែងកំណើតដំបូងរបស់រដ្ឋអារ៉ាប៊ីសាអូឌិត។

ជាប្រវត្តិសាស្រ្ត ភូមិទេសចរណ៍ធម្មជាតិ អាល់ ប៊ូជៃរី គឺជាមជ្ឈមណ្ឌលសម្រាប់ពាណិជ្ជកម្ម និងការជួបជុំសង្គម ដែលរួមចំណែកដល់តួនាទីរបស់ទីក្រុងឌីរីយ៉ា ក្នុងនាមជាចំណុចបង្គោលនៃបេតិកភណ្ឌអារ៉ាប៊ីសាអូឌីត ហើយភូមិវប្បធម៌ធម្មជាតិនេះ ដើរតួនាទីជាគំរូមួយសម្រាប់ការអភិរក្ស និងការបង្ហាញនៃបេតិកភណ្ឌអារ៉ាប៊ីសាអូឌីត ដោយរួមបញ្ចូលគ្នានូវភាពពិតប្រាកដ នូវប្រវត្តិសាស្រ្តជាមួយនិងសម្ភារៈបរិក្ខារទំនើបៗ។
ភូមិទេសចរណ៍ធម្មជាតិ អាល់ ប៊ូជៃរី ជាសក្ខីភាពមួយនៃការប្តេជ្ញាចិត្តរបស់អារ៉ាប៊ីសាអូឌីត ក្នុងការគោរពដឹងគុណចំពោះប្រវត្តិសាស្រ្តដ៏សំបូរបែបរបស់ខ្លួន ដោយធ្វើការសម្របខ្លួនជាមួយភាពទំនើប។ តាមរយៈការអភិវឌ្ឍប្រកបដោយការគិតគួរវែងឆ្ងាយ និងគំនិតផ្តួចផ្តើមវប្បធម៌ តំបន់នេះបានប្រែក្លាយទៅជាគោលដៅដ៏រស់រវើក ដែលផ្តល់នូវបទពិសោធន៍ពិសេសមួយ សម្រាប់ភ្ញៀវទេសចរ និងជាប្រភពនៃមោទនភាពសម្រាប់ជាតិ របស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត។

នៅក្នុងឱកាសនៃការអញ្ជើញទស្សនាតំបន់ប្រវត្តិសាស្រ្តដ៏ទាក់ទាញទាំងពីរ សម្តេចតេជោប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះការខិតខំអភិរក្សតំបន់ជាប្រវត្តិសាស្រ្តទាំងនោះ ដើម្បីទាក់ទាញទេសចរ និងការបង្កើនចំណូលក្រៅពីប្រេង។ សម្តេចតេជោ បានចាត់ទុកថា សមិទ្ធផលទាំងអស់នោះគឺជាគុណតម្លៃមិនអាចកាត់ថៃបាន សម្រាប់មនុស្សជំនាន់ក្រោយ ពិសេសទាក់ទិនទៅកេរ្តិ៍ ប្រវត្តិសាស្រ្តវប្បធម៌របស់ប្រទេសអារ៉ាប៊ីសាអូឌីត៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ