ព័ត៌មានជាតិ
សម្ដេចតេជោ ថា គណៈសង្ឃជាន់ខ្ពស់ទើបតែងតាំងថ្មី ពិតជាស័ក្តិសម ផ្អែកលើព្រះគុណូបការៈក្នុងពុទ្ធសាសនា
រចនសម្ព័ន្ធថ្នាក់ដឹកនាំសង្ឃ គណៈមហានិកាយកម្ពុជា ត្រូវបានផ្លាស់ប្ដូរថ្មី ដោយបានដំឡើង និងតែងតាំងព្រះឋានៈថ្វាយសម្ដេចសង្ឃចំនួន ៥ព្រះអង្គ។ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា អះអាងថា ការថ្វាយព្រះឋានៈសម្ដេចសង្ឃជាន់ខ្ពស់ទាំង ៥ព្រះអង្គ គឺពិតជាស័ក្តិសម ដោយផ្អែកលើព្រះគុណូបការៈក្នុងព្រះពុទ្ធសាសនា។

យោងព្រះរាជក្រឹត្យដាច់ដោយឡែកចំនួន ៥ច្បាប់ ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានត្រាស់បង្គាប់ថ្វាយព្រះឋានៈសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ជាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។ ខណៈសម្ដេចសង្ឃជាន់ខ្ពស់ចំនួន៤ព្រះអង្គទៀត ត្រូវបានដំឡើង និងតែងតាំងព្រះឋានៈថ្មី គឺរួមមាន៖
១) សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ព្រះរាជាគណៈថ្នាក់ឯក សម្តេចព្រះសង្ឃនាយករងទី១ ត្រូវដំឡើង និងតែងតាំងព្រះឋានៈឡើងជាសម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃកម្ពុជា។
២) សម្តេចព្រះវ័នរ័ត ណយ ច្រឹក ព្រះរាជាគណៈថ្នាក់ឯក សម្តេចព្រះសង្ឃនាយករងទី២ ត្រូវដំឡើង និងតែងតាំងព្រះឋានៈឡើងជាសម្តេចព្រះពោធិវ័ង្ស សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយនៃកម្ពុជា។
៣) ដំឡើង និងតែងតាំងព្រះឋានៈសម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ ឡើងជាសម្តេចព្រះវ័នរ័ត ព្រះរាជាគណៈថ្នាក់ឯក សម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយ នៃកម្ពុជា។
៤) ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើង និងតែងតាំងព្រះឋានៈសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ឡើងជាសម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងនូវអំណរសាទរថ្វាយសម្តេចសង្ឃជាន់ខ្ពស់ទាំង៥ព្រះអង្គ ក្នុងឱកាសដែលត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានត្រាស់បង្គាប់ដំឡើង និងតែងតាំងព្រះឋានៈក្នុងរចនាសម្ព័ន្ធថ្នាក់ដឹកនាំសង្ឃថ្មី គណៈមហានិកាយនៃកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា ព្រះគោរមងារ និងព្រះឋានៈថ្មីនេះ ពិតជាស័ក្តិសមបំផុតចំពោះសង្ឃជាន់ខ្ពស់ទាំង ៥ព្រះអង្គ ដែលមានស្នាព្រះហស្ត ព្រះគុណូបការៈដ៏ឧត្តុង្គឧត្តមក្នុងការបំពេញព្រះបុព្វហេតុជាឧត្តមប្រយោជន៍ជូនសម្រាប់ជាតិ និងព្រះពុទ្ធសាសនា នាពេលកន្លងមក ដោយបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមុះមុត ការលះបង់ព្រះកាយពល និងព្រះបញ្ញាញាណដោយមិនខ្លាចនឿយហត់ ប្រកបដោយព្រះទឹកចិត្តថ្លៃថ្លាសម្រាប់ជាមាគ៌ាដ៏ត្រចះត្រចង់ នាំមកនូវសេចក្តីសុខ និងភាពសុខដុមក្នុងសង្គមជាតិ។ នេះជាខ្លឹមសារក្នុងសារលិខិតអបអរសាទររបស់សម្ដេចតេជោ ថ្វាយសម្ដេចសង្ឃទាំង ៥ព្រះអង្គ។

គួរជម្រាបថា ការដំឡើង និងតែងតាំងព្រះឋានៈថ្វាយសម្ដេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក និងសម្តេចព្រះសង្ឃនាយករងពេលនេះ គឺធ្វើឡើងដើម្បីបំពេញជំនួសរចនាសម្ព័ន្ធថ្នាក់ដឹកនាំសង្ឃចាស់ ក្រោយការយាងចូលព្រះទិវង្គតរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយនៃកម្ពុជា ដែលសម្ដេចបានយាងចូលព្រះទិវង្គត កាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រោយការយាងចូលព្រះទិវង្គតរបស់សម្ដេច ទេព វង្ស ការតែងតាំងសម្ដេចព្រះមហាសង្ឃរាជថ្មី ក៏ត្រូវបានពន្យារពេល ដោយគ្រាន់ថ្វាយសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ដែលមានព្រះជន្ម ១០១ព្រះវស្សា ទទួលជាសម្ដេចព្រះមហាសង្ឃរាជស្ដីទី ខណៈសម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ទទួលជាសម្ដេចព្រះសង្ឃនាយកស្ដីទី។

កន្លងទៅ នៅក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងរបស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា បានស្នើសុំការយោគយល់ចំពោះសម្តេចព្រះសង្ឃរាជ ព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់មានការតែងតាំងសម្តេចព្រះមហាសង្ឃរាជថ្មី ជំនួសសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស។
សម្តេចតេជោ ស្នើសុំឱ្យពលរដ្ឋទុកពេលវេលាបន្តិចសិន ព្រោះការតែងតាំងសម្តេចព្រះមហាសង្ឃរាជ មិនមានភាពបន្ទាន់ពេកនោះទេ ខណៈសម្តេចបានទូលថ្វាយព្រះមហាក្សត្រនៃកម្ពុជា ដើម្បីសុំពន្យារពេលនៃការតែងតាំង៕

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?