ព័ត៌មានជាតិ
អ្នកការទូតចាស់វស្សា លោក កែវ ឈា ក្លាយជាតំណាងអចិន្ត្រៃយ៍កម្ពុជានៅអង្គការសហប្រជាជាតិ
អ្នកការទូតចាស់វស្សា លោក កែវ ឈា ចូលកាន់តួនាទីជាតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ (UN) ជាផ្លូវការ ក្រោយបានជូនសារតាំងដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស។

ក្រោយទទួលបានការតែងតាំងពីព្រះមហាក្សត្រនៃកម្ពុជា លោក កែវ ឈា បានចូលជួបលោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (ANTÓNIO Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីជូនសារតាំងតែងតាំងលោក កែវ ឈា ជាឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ។
ក្នុងជំនួបនេះ លោក កែវ ឈា បានប្រាប់លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស អំពីអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេស និងការប្តេជ្ញារបស់កម្ពុជាក្នុងការបន្តគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយនឹងអង្គការសហប្រជាជាតិ។ តំណាងអចិន្ត្រយ៍ថ្មីកម្ពុជារូបនេះ បានលើកឡើងអំពីភាពជាអ្នកដឹកនាំរបស់កម្ពុជាក្នុងការបោសសម្អាតមីនជាសកល ដោយគូសបញ្ជាក់អំពីភាពជោគជ័យនៃសន្និសីទលើកទី៥ ស្តីពីការពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ា ដែលរៀបចំឡើងក្រោមប្រធានបទ «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយគ្មានមីន» ផងដែរ។

យោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់តែងតាំងមុខតំណែងលោក កែវ ឈា ជាតំណាងអចិន្ត្រៃយ៍ និងជាឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងប្រទេសកាណាដា ដែលមាននិវេសនដ្ឋាន ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ការតែងតាំងឱ្យបំពេញតួនាទីជាតំណាងអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ គឺជំនួសកៅអីរបស់លោកស្រី អ៊ាត សោភា ដែលចប់អាណត្តិការទូត ហើយលោកស្រី អ៊ាត សោភា ក៏ត្រូវជាភរិយារបស់លោកដែរ។
មុនមកកាន់កៅអីប្រចាំអង្គការសហប្រជាជាតិ លោក កែវ ឈា ក៏បានបំពេញបេសកកម្មការទូតនៅសហរដ្ឋអាមេរិក ក្នុងតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងប្រចាំរដ្ឋម៉ិកស៊ិកកូ ដែលមាននិវេសនដ្ឋាននៅ ទីក្រុងវ៉ាស៊ីងតោន សហរដ្ឋអាមេរិក។

លោក កែវ ឈា ចាត់ទុកថា ជាមន្ត្រីការទូតកម្ពុជាមួយរូបដែលមានបទពិសោធ «ចាស់វស្សា» លើកិច្ចការទំនាក់ទំនងអន្តរជាតិ។ អ្នកការទូតវ័យក្បែរ ៧០ឆ្នាំរូបនេះ ទទួលបានការអប់រំខ្ពស់នៅប្រទេសឥណ្ឌា និងអូស្ត្រាលី ពោលគឺលោក បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រអង់គ្លេស និងភាសាវិទ្យា នៅសាកលវិទ្យាល័យ Jawaharlal Nehru ទីក្រុងញូដេលី ថ្នាក់ក្រោយឧត្តមសិក្សាផ្នែកច្បាប់អន្តរជាតិ នៅវិទ្យាស្ថានច្បាប់អន្តរជាតិឥណ្ឌា និងបញ្ចប់ថ្នាក់អនុបណ្ឌិតកិច្ចការបរទេស និងពាណិជ្ជកម្ម នៃសាកលវិទ្យា Monash ទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។

បម្រើការជាមន្ត្រីនៅក្រសួងការបរទេសកម្ពុជា តាំងពីថ្ងៃក្រោយរំដោះ ៧ មករា ឆ្នាំ១៩៧៩ លោក កែវ ឈា បានឆ្លងកាត់តួនាទីជាដំណាក់ៗ ដែលក្នុងនោះ ជាមន្ត្រីនាយកដ្ឋានទំនាក់ទំនងសាធារណៈ ប្រធានផ្នែកទិដ្ឋាការ កុងស៊ុល និងកិច្ចការច្បាប់ ជាជំនួយការផ្ទាល់របស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា អគ្គនាយករងអគ្គនាយកដ្ឋានអាស៊ាន។ បន្តបន្ទាប់លោក បានចេញទៅបំពេញការងារនៅក្រៅប្រទេស ក្នុងតួនាទីជាលេខាទី១ នៃស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា ជាលេខាទី១ ស្ថានទូតកម្ពុជាប្រចាំប្រទេសប្រ៊ុយណេ ចេញទៅបម្រើការងារនៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាកាតា ក្នុងតួនាទីជាប្រធានផ្នែកកម្មវិធីពិសេសដោះស្រាយកិច្ចសហប្រតិបត្តិការសន្តិសុខឆ្លងដែនអាស៊ាន ជាប្រធានផ្នែកទំនាក់ទំនងខាងក្រៅសម្រាប់ដោះស្រាយកិច្ចសហប្រតិបត្តិការដៃគូសន្ទនាអាស៊ាន រួមទាំងជាទីប្រឹក្សាក្រសួងការបរទេស ជាអាទិ៍៕
អត្ថបទ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ