ព័ត៌មានជាតិ
សមត្ថកិច្ច១១៥៩នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីការពារសន្តិសុខ សុវត្ថិភាព ក្នុងពិធីបុណ្យសមុទ្រខេត្តកំពត
កម្លាំងសមត្ថកិច្ចចំនួន១១៥៩នាក់ នឹងត្រូវដាក់ពង្រាយនៅតាមទីតាំងសំខាន់ៗ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យសមុទ្រខេត្តកំពត ដែលរៀបចំឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។

ឆ្លងកាត់កិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការ ការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យសមុទ្រ ដែលដឹកនាំកិច្ចប្រជុំដោយ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពតបានសម្រេចបែងចែកកម្លាំង ទៅតាមគោលដៅសំខាន់ៗ និងប្រើប្រាស់កម្លាំងសរុបចំនួន ១,១៥៩ នាក់ ស្រី ៩៩ នាក់ ក្នុងនោះ កម្លាំងនគរបាលខេត្តចំនួន ៤៨៧ នាក់ ស្រី ៧៣ នាក់ កម្លាំងវរៈសេនាតូចការពារព្រំដែនលេខ ៦០១ ចំនួន ៦៦ នាក់ ស្រី ០១នាក់ អធិការដ្ឋាននគរបាលក្រុងកំពត ១១០ នាក់ ស្រី ១៤ នាក់ អធិការដ្ឋាននគរបាលស្រុកទឹកឈូ ១២១ នាក់ ស្រី ១១ នាក់ អធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ៧០ នាក់ អធិការដ្ឋាននគរបាលស្រុកបន្ទាយមាស ៦៥ នាក់ អធិការដ្ឋាននគរបាលស្រុកអង្គរជ័យ ៥០ នាក់ អធិការដ្ឋាននគរបាលស្រុកដងទង់ ៤០ នាក់ អធិការដ្ឋាននគរបាលស្រុកឈូក ៥០ នាក់ អធិការដ្ឋាននគរបាលស្រុកជុំគីរី ៤៥ នាក់ និងអធិការដ្ឋាននគរបាលក្រុងបូកគោ ៥៥ នាក់។

គួរឱ្យដឹងថា ពិធីបុណ្យសមុទ្រ ឆ្នាំ២០២៤ នេះ រៀបចំឡើងក្រោមប្រធានបទ “បេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ”។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានឱ្យដឹងថា មូលហេតុដែលនាំឱ្យកំណត់យកប្រធានបទ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» គឺដើម្បីឱ្យស្របទៅនឹងខេត្តកំពតជាគោលដៅទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងកសិទេសចរណ៍តំបន់ឆ្នេរ តួយ៉ាងការជ្រើសរើសខេត្តកំពតដើម្បីរៀបចំពិធីបុណ្យសមុទ្រនាឆ្នាំនេះ ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងជំរុញការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងការអភិរក្សនិងអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាព ជាពិសេសការពង្រឹងនិងលើកកម្ពស់គុណភាពសេវាកម្មនានាក្នុងឧស្សាហកម្មទេសចរណ៍។

មិនខុសពីឆ្នាំកន្លងទៅឡើយ បុណ្យសមុទ្រលើកនេះ នឹងមានព្រឹត្តិការណ៍សំខាន់ៗ ផ្ដល់ជូនអ្នកទស្សនាដូចជា ការសម្ដែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពីសំណាក់ សិល្បករខ្មែរ សិល្បៈការិនី តារាចម្រៀងជាតិ និងអន្តរជាតិល្បីៗ ការអុចកាំជ្រួចអបអរពិធី និងសកម្មភាពកីឡា និងការប្រកួតកីឡាគ្រប់ប្រភេទ និងការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលផលទូទៅ មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ព្រមទាំងសកម្មភាពកម្សាន្តផ្សេងៗ។

គួររម្លឹកថា កាលពីខែសីហា ឆ្នាំ២០១១ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យកំណត់បង្កើតពិធីបុណ្យសមុទ្រ ដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថានឆ្នេរឲ្យបានស្អាត បម្រើដល់ការអភិវឌ្ឍទេសចរណ៍ប្រកដោយចីរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកតម្កើងការផ្សព្ធផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជាឲ្យកាន់តែទូលំទូលាយទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់តែច្រើន។

តាមអនុក្រឹត្យ ពិធីបុណ្យសមុទ្រត្រូវរៀបចំឡើងនៅតាមខេត្តជាប់មាត់ឆ្នេរសមុទ្រទាំងបួនខេត្ត ដូចជាខេត្តកំពត កែប ព្រះសីហនុ និងខេត្តកោះកុង ដោយឈរលើគោលការណ៍ផ្លាស់ប្ដូរវេនគ្នាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍មួយនេះឡើងនៅចុងសប្ដាហ៍ទី១ នៃខែធ្នូរៀងរាល់ឆ្នាំ។
ការរៀបចំពិធីបុណ្យសមុទ្រនេះ គឺធ្វើឡើងបន្ទាប់ពីឆ្នេរសមុទ្រសកម្ពុជា បានចូលជាសមាជិកនៃក្លឹបឆ្នេរសមុទ្រដ៍ស្អាតជាងគេបំផុតនៅលើពិភពលោក។

គួរឱ្យដឹងថា ពិធីបុណ្យសមុទ្រលើកទី ១ បានរៀបចំឡើងនៅខេត្តព្រះសីហនុ នាឆ្នាំ២០១១ ឆ្លងចូល ឆ្នាំ២០១២,លើកទី ២ ឆ្នាំ២០១៣ នៅខេត្តកែប, លើកទី ៣ ឆ្នាំ២០១៤ នៅខេត្តកោះកុង,លើកទី ៤ ឆ្នាំ ២០១៥ នៅខេត្តកំពត,លើកទី ៥ ឆ្នាំ ២០១៦ នៅខេត្តព្រះសីហនុ,លើកទី ៦ ឆ្នាំ ២០១៧ នៅខេត្តកែប,លើកទី ៧ ឆ្នាំ ២០១៨ នៅខេត្តកោះកុង,លើកទី ៨ ឆ្នាំ ២០១៩ នៅខេត្តកំពត,ឆ្នាំ២០២០ និង ឆ្នាំ២០២១ ពិធីបុណ្យសមុទ្រ បានផ្អាកដោយសារការរីករាលដាលជំងឺកូវីដ-១៩, ពិធីបុណ្យសមុទ្រលើកទី ៩ ចាប់ផ្តើមធ្វើបន្តឡើងវិញ ឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ និងលើកទី ១០ ឆ្នាំ២០២៣ ធ្វើឡើងនៅខេត្តកែប៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?