ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ផុតថ្ងៃ១០ធ្នូនេះ សមត្ថកិច្ចនឹងបង្ក្រាបគ្មានការលើកលែងចំពោះការផ្សាយល្បែងស៊ីសងខុសច្បាប់
ឱសានវាទ៧ថ្ងៃកំណត់ជាកំហិតដោយលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឱ្យក្រុមអ្នកផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់បញ្ឈប់សកម្មភាព ឈានចូលដល់ថ្ងៃចុងក្រោយហើយ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានរម្លឹកជាថ្មីថា ចាប់ពីថ្ងៃទី១១ ខែធ្នូ ស្អែកនេះតទៅ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នឹងធ្វើប្រតិបត្តិការបង្ក្រាប ដោយចាប់ខ្លួនអ្នកពាក់ព័ន្ធ និងស្នើបិទមធ្យោបាយនៃការផ្សាយនោះមិនឱ្យដំណើរការតែម្ដង។

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា មុនឈានដល់ថ្ងៃឱសានវាទចុងក្រោយនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសារាចរណែនាំ ដើម្បីឱ្យបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ បន្ទាប់ពីក្រសួង បានសង្កេតឃើញថា បណ្ដាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានផលិតរូបភាព វីដេអូ និងមាតិកា ល្បែងស៊ីសងខុសច្បាប់ ព្រមទាំងការផ្សព្វផ្សាយល្បែងស៊ីសងនោះ ដើម្បីអូសទាញប្រជាពលរដ្ឋឱ្យលេងល្បែង ទាំងលេងផ្ទាល់ និងតាមអនឡាញ ហើយក្រសួងក៏សម្គាល់ឃើញបុគ្គលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកាសង្គមចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយដែរ។

ប្រមុខក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំឱ្យបញ្ឈប់ជាបន្ទាន់នូវការផ្សព្វផ្សាយមាតិកានៅលើបណ្ដាញទំនាក់ទំនងសង្គម ពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ពិសេសល្បែងតាមប្រព័ន្ធអនឡាញ។
យោងតាមសារាចរណែនាំ ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដាក់គោលការណ៍ឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវចាត់វិធានការតឹងរឹង តាមដែនសមត្ថកិច្ចរបស់ខ្លួនក្នុងការតាមដាន និងហាមឃាត់ការផ្សព្វផ្សាយ និងការចែករំលែកបន្តរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងនេះ។ បន្ថែមពីនេះ អាជ្ញាធរត្រូវជំរុញការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីផលប៉ះពាល់នៃការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីចូលរួមទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល។
ប្រមុខក្រសួងមហាផ្ទៃ ក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ ហើយលោក សង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ ត្រូវចូលរួមអនុវត្តតាមខ្លឹមសារនៃសារាចរណែនាំនេះប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់។

មួយថ្ងៃក្រោយចុះហត្ថលេខា លោក ស សុខា ក៏បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងតម្រង់ទិសការងារ ដើម្បីធានាភាពគ្រប់ជ្រុងជ្រោយនៃការអនុវត្តសារាចរណែនាំដ៏មានសារៈសំខាន់នេះ ទាំងកម្រិតថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តសារាចរណែនាំនេះ ឧបនាយករដ្ឋមន្ត្រី ស សុខា បានសង្កត់ធ្ងន់ឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានអង្គភាពចំណុះជាសេនាធិការ រួមទាំងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់តាមដាន ស្រាវជ្រាវ ទាំងលើបណ្ដាញផ្សព្វផ្សាយសង្គមគ្រប់ប្រភេទ រួមទាំងការផ្សព្វផ្សាយចល័ត និងអចល័តគ្រប់ទីកន្លែង ដើម្បីឈានទៅបង្ក្រាបឱ្យបានម៉ឺងម៉ាត់ក្នុងករណីនៅតែបន្តផ្សព្វផ្សាយបំពានក្រោយផុតឱសានវាទ។
ភ្លាមៗក្រោយទទួលបានគោលការណ៍ណែនាំពីប្រមុខក្រសួងមហាផ្ទៃ, លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបញ្ជាដល់កម្លាំងនគរបាលជាតិ ចាប់ពីថ្នាក់ក្រសួងមហាផ្ទៃ រួមទាំងអគ្គស្នងការដ្ឋាននគរបាលជាតិ និងថ្នាក់ក្រោមជាតិ រួមមាន ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត អធិការដ្ឋានក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍នគរបាលនៅរដ្ឋបាលឃុំ សង្កាត់ ត្រៀមបង្ក្រាបដោយគ្មានលើកលែងនោះឡើយ។ នេះបើតាមការឱ្យដឹងដោយលោក ទូច សុឃៈ ដដែល។

គួរបញ្ជាក់ដែរថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏បានណែនាំឱ្យបន្តការយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញ ល្បែងផ្សងសំណាង និងការជួញដូរគ្រឿងញៀនគ្រប់ប្រភេទតាមមូលដ្ឋាន។ សម្ដេចប្រមុខរាជរដ្ឋាភិបាល បានរម្លឹកជាថ្មីម្ដងទៀត ឱ្យអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិបន្តយកចិត្តទុកដាក់ជំរុញអនុវត្តឱ្យបានប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងនោះក៏បានកំណត់អំពីការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ