Connect with us

ព័ត៌មានជាតិ

ក្រោយ​ពី​ដំណើរ​ទស្សន​កិច្ច​សម្ដេចតេជោ ហ៊ុន សែន​នៅ​មជ្ឈិមបូព៌ា អ្នក​វិភាគ​មាន​សុទិដ្ឋិនិយម ចំពោះ​វិស័យនយោបាយ និងសេដ្ឋកិច្ច​កាន់​តែ​រឹងមាំ

បានផុស

នៅ

ភ្នំពេញ ៖ ក្រោយពី​ដំណើរ​ទស្សនកិច្ច​របស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា អ្នក​វិភាគ​បញ្ហា​នយោបាយ និង​អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច មាន​សុទិដ្ឋិនិយម​ចំពោះ​វិស័យនយោបាយ និង​សេដ្ឋកិច្ច​កម្ពុជា​កាន់តែរឹងមាំ តាមរយៈការផ្លាស់ប្ដូរទំនិញគ្នាទៅវិញទៅមកនៅ​ក្នុង​ទីផ្សារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បាន​មាន​ប្រសាសន៍​ថា «តំបន់មជ្ឈិមបូព៌ា យើងអាចចាត់ទុកថា ជាទីផ្សារថ្មី ព្រោះផលិតផលទំនិញកម្ពុជាតិចតួចបំផុតដែលយកទៅលក់នៅក្នុងប្រទេសទាំងនោះ ហើយវាជាទីផ្សារធំមួយដែលមិនអាចមើលរំលង។ ដូច្នេះយើងគួរតែមានការសិក្សាពីតម្រូវការចាំបាច់ទីផ្សារនៅក្នុងតំបន់មជ្ឈិមបូព៌ាដូចជា ស្រូវអង្ករ វិស័យទេសចរណ៍ និងផលិតផលកសិកម្មផ្សេងៗទៀត»។

លោកបន្តថា កម្ពុជាមិនទាន់បាននាំផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារតំបន់នោះឱ្យបានទូលំទូលាយនៅឡើយ ប៉ុន្ដែធ្លាប់មានទំនាក់ទំនងផ្នែកវិស័យការងារមួយចំនួនតាមរយៈការបញ្ជូនកម្លាំងពលកម្មពីកម្ពុជាទៅបម្រើការងារនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម។

បើទោះបីជាប្រទេសទាំងនោះ មានសេដ្ឋកិច្ចរីកចម្រើន មានបច្ចេកវិទ្យាខ្ពស់ និងវិស័យថាមពលដ៏សម្បូរបែបក៏ដោយ ប៉ុន្ដែវិស័យចំណីអាហារ ឬវិស័យកសិកម្មនៅមានកម្រិត ដោយសារប្រទេសទាំងនោះមិនមានដីសម្រាប់កសិកម្មច្រើននោះទេ។ ដូច្នេះ​វាជាឱកាសថ្មីសម្រាប់កម្ពុជា ដើម្បី​បង្កើតកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីជាមួយប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាទាំងនោះ។

ចំណែកលោកបណ្ឌិត យង់ ពៅ អ្នក​វិភាគបញ្ហា​នយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា វិស័យ​ការទូត នយោបាយ និងសេដ្ឋកិច្ចកម្ពុជា ក៏​នៅ​មានកម្រិតជាមួយនឹងប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាទាំង​នោះ។ ដូច្នេះលោកចាត់ទុកដំណើរ​ទស្សនកិច្ច​សម្ដេចតេជោ ហ៊ុន សែន នា​ពេល​នេះ គឺ​ជា​ការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត។

លោកបណ្ឌិតបន្តថា កន្លង​មក​ធ្លាប់មានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក សហភាពអ៊ឺរ៉ុប និងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះ ប៉ុន្ដែ​មួយ​រយៈចុងក្រោយនេះ កម្ពុជាបានពង្រីកវិស័យការទូតរបស់ខ្លួនទៅដល់តំបន់មជ្ឈិមបូព៌ា។

លោកបណ្ឌិតបន្ថែមថា «ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ មានន័យថា យើងបើកច្រកនៅក្នុងតំបន់មជ្ឈិមបូព៌ាមួយទៀត គឺនឹងទទួលបានផលប្រយោជន៍យ៉ាងច្រើន ទាំងទិន្នភាពភូមិសាស្រ្តនយោបាយ ទាំងសេដ្ឋកិច្ចពាណិជ្ជកម្ម ទាំងទិន្នភាពនយោបាយការទូត រួមទាំងវិស័យទេសចរណ៍។ នេះជាសកម្មភាពដែលកម្ពុជាមិនធ្លាប់បានធ្វើពីមុនមក ខ្ញុំមានសុទិដ្ឋិនិយមខ្ពស់ចំពោះដំណើរទស្សនកិច្ចនេះ»។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជាទៅទស្សនកិច្ចផ្លូវការនៅតំបន់មជ្ឈឹមបូព៌ា និង​អឺរ៉ុប​រយៈពេល ១សប្តាហ៍ទៅកាន់ប្រទេសចំនួន៤ រួម​មានព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត រដ្ឋកាតា តួកគីយេ និងប្រទសអារ៉ាបរួមចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។

សម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាជាមួយលោកបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah Mohammed Ibrahim Al-Sheikh) ប្រធានសភាអារ៉ាប៊ីសាអូឌីតនៅវិមានរដ្ឋសភា រាជធានីរីយ៉ាដនៅថ្ងៃទី ៩ ខែធ្នូនេះ។

ក្នុងជំនួបនោះ សម្តេចតេជោបានស្នើដល់ប្រធានរដ្ឋសភាអារ៉ាប៊ីសាអូឌីតថា ប្រទេសទាំងពីរគួរចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការស្នូលតាមរយៈកម្ពុជានាំចេញអង្ករមកអារ៉ាប៊ីសាអូឌីត ដោយសារកម្ពុជាមានអំណោយផលល្អក្នុងការធ្វើកសិកម្ម។

សម្តេចតេជោក៏បានស្នើវិនិយោគិនអារ៉ាប៊ីសាអូឌីតឱ្យមកវិនិយោគ រៀបចំម៉ាស៊ីនកិនស្រូវ ស្តុកស្រួវ និងវេចខ្ចប់ស្រូវអង្ករនៅកម្ពុជាសម្រាប់នាំចេញមកប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសនានាក្នុងតំបន់។

សម្តេចបានបន្ថែមថា មិនមានប្រទេសច្រើនទេដែលផ្តល់ឱកាសឱ្យវិនិយោគដោយផ្ទាល់បែបនេះ។ អារ៉ាប៊ីសាអូឌីតមានសន្តិសុខថាមពល រីឯកម្ពុជាមានសន្តិសុខស្បៀង ទើបប្រទេសទាំងពីរអាចបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកបាន។

ជាការឆ្លើយតប ប្រធានរដ្ឋសភាអារ៉ាប៊ីសាអូឌីតបានស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ និងបានបញ្ជាក់ថា ការលើកឡើងរបស់សម្តេចតេជោមានសារៈសំខាន់ណាស់ ហើយលោកនឹងយកទៅពិចារណាជាមួយរាជរដ្ឋាភិបាលរបស់លោក។

លោកបានលើកឡើងថា អារ៉ាប៊ីសាអូឌីតនឹងបើកស្ថានទូតនៅកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីបង្កភាពងាយស្រួលដល់ការជំរុញ និងពង្រឹងបន្ថែមនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

លោកបានគូសបញ្ជាក់ថា អារ៉ាប៊ីសាអូឌីតយកចិត្តទុកដាក់ខ្លាំង ការលើកកម្ពស់សេដ្ឋកិច្ច សាសនា និងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ជាពិសេសវិស័យប្រេងដែលជាវិស័យសំខាន់បំផុតរបស់អារ៉ាប៊ីសាអូឌីត។ ប្រទេសជាច្រើនមាន​ទំនាក់​ទំនង​ជាមួយអារ៉ាប៊ីសាអូឌីត​តាមរយៈការ​ផ្សារភ្ជាប់​វិស័យសេដ្ឋកិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២៤ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្ពាន​ឆ្លង​ទន្លេភ្ជាប់​ទៅ​ផ្លូវល្បឿនលឿន ដីឥដ្ឋ-ថ្មគរ ឈានទៅ​​ខួងគ្រឹះ ខណៈ​មាន​​ការ​សង់ស្ពាន​ដែកបណ្តោះអាសន្ន​សម្រួល​ការ​ងារសាងសង់

ព័ត៌មានជាតិ២៤ ម៉ោង មុន

គោលការណ៍ការងារ, អ្នកនាំពាក្យ ប្រាប់លោក ហេង សិទ្ធី ឱ្យដាក់បណ្ដឹងមកក្រសួងយុត្តិធម៌ផ្ទាល់

Sokha Hotels

ព័ត៌មានពេញនិយម