ព័ត៌មានជាតិ
កម្ពុជា-កាតា គ្រោងចុះកិច្ចព្រមព្រៀងចំនួនពីរពាក់ព័ន្ធវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ
ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-កាតា នឹងពន្លឿនការរៀបចំកិច្ចព្រមព្រៀងចំនួនពីររវាងប្រទេសទាំងពីរ ដែលនឹងឈានទៅចុះហត្ថលេខាក្នុងពេលឆាប់ៗខាងមុខ។ បើតាមការលើកឡើងដោយសម្ដេចតេជោ កិច្ចព្រមព្រៀងទាំងពីរនេះ រួមមាន កិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគទៅវិញទៅមក និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស។

ក្នុងឱកាសទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់រដ្ឋមន្ត្រីកាតារូបនេះ អំពីសក្តានុពលខាងវិស័យកសិកម្មរបស់កម្ពុជា ជាពិសេស ស្រូវ គ្រាប់ស្វាយចន្ទី ដំឡូងមី និងផលិតផលកសិកម្មជាច្រើនទៀត ដែលផ្តល់ឱកាសដល់វិនិយោគិនពីកាតាក្នុងការកែច្នៃ ដើម្បីនាំចេញមកប្រទេសកាតា និងប្រទេសនានាក្នុងតំបន់ និងពិភពលោក។
ក្នុងន័យនេះ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ សម្ដេចតេជោ សែន សែន បានលើកឡើងថា ឯកសារសំខាន់ពីរ រួមមាន កិច្ចព្រមព្រៀងស្តីពីការជំរុញនិងការការពារវិនិយោគទៅវិញទៅមក និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស គួរត្រូវបានចុះហត្ថលេខាឱ្យបានឆាប់នាពេលដ៏ខ្លីខាងមុខ។

ជាការឆ្លើយតប លោក Sheikh Faisal bin Thani bin Faisal Al Thani រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មកាតា បានអរគុណសម្តេចតេជោ ចំពោះព័ត៌មានដ៏មានសារៈសំខាន់ស្តីពីកាលានុវត្តន៍ភាព និងសក្តានុពលសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា។ នៅចំពោះមុខសម្ដេចតេជោ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាតា បានសន្យាថា នឹងធ្វើការឱ្យបានជិតស្និទ្ធបន្ថែមទៀតជាមួយភាគីកម្ពុជា ដើម្បីឈានទៅចុះហត្ថលេខាឱ្យបានឆាប់លើកិច្ចព្រមព្រៀងទាំងពីរ ដែលសម្តេចបានលើកឡើង។

គួរជម្រាបថា ជំនួបសម្ដេចតេជោ ហ៊ុន សែន ជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា ពេលនេះ បានធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានជួបលោកនាយករដ្ឋមន្ត្រីកាតា ដើម្បីបង្ហាញពីសក្តានុពល និងកាលានុវត្តន៍ភាពសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា។
កិច្ចពិភាក្សារបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកនាយករដ្ឋមន្ត្រីកាតា នៅវិមានរដ្ឋាភិបាល នារាជធានីដូហា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កាតា ជាប្រទេសអ្នកមាន ដែលគួរវិនិយោគនៅកម្ពុជា ជាពិសេស នៅក្នុងវិស័យកសិឧស្សាហកម្មកែច្នៃដើម្បីនាំចេញ។ សម្ដេចតេជោ បានបញ្ជាក់ប្រាប់នាយករដ្ឋមន្ត្រីកាតា ថា កម្ពុជាមានផលិតផលកសិកម្មច្រើន ដូចជា គ្រាប់ស្វាយចន្ទី ដែលកម្ពុជាផលិតច្រើនជាងគេនៅក្នុងពិភពលោក តែខ្វះលទ្ធភាពកែច្នៃ និងផលិតផលកសិកម្មជាច្រើនទៀត។ ដូច្នេះ សម្តេច បានស្នើនាយករដ្ឋមន្ត្រី បញ្ជូនវិនិយោគិនទៅកម្ពុជា ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្ម។

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីកាតា បានឆ្លើយតបទៅកាន់សម្ដេចតេជោ ថា កាតា កំពុងសម្លឹងឃើញឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ហើយលោក រំពឹងថា នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលត្រូវបានចុះហត្ថលេខាចប់សព្វគ្រប់នាពេលខាងមុខ នឹងជំរុញការវិនិយោគទៅប្រទេសកម្ពុជាឱ្យបានច្រើន៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ