ព័ត៌មានជាតិ
ពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ នឹងរៀបចំរយៈពេល៤ថ្ងៃ ដោយរំពឹងមានការចូលរួមច្រើនជាងឆ្នាំមុនៗ
ការតាំងពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ នឹងរៀបចំឡើងរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅកោះពេជ្រ ដោយ លោក ហុក សុទ្ធិ តំណាងគណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជា រំពឹងថា ពិព័រណ៍នេះនឹងមានអ្នកចូលរួមច្រើនជាងឆ្នាំមុនៗ។ នេះបើតាមការលើកឡើងរបស់លោកក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។

ពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ ឆ្នាំ២០២៤ ធ្វើឡើងក្រោមប្រធានបទ៖ “អ្នកអាន ជាអ្នករៀនពេញមួយជីវិត”។ ក្នុងសន្និសីទសារព័ត៌មាន លោក ហុក សុទ្ធិ បានលើកឡើងថា ចំនួនស្តង់ដែលចូលរួមពិព័រណ៍សៀវភៅឆ្នាំ២០២៤ មានចំនួនជិត ៣០០ស្តង់ (ទុក២០ស្តង់សម្រាប់ភេសជ្ជៈ និងអាហារ) ដោយឡែក ឆ្នាំមុនមានស្តង់ចូលរួមពិព័រណ៍ មិនដល់២០០ស្តង់ផង។ លោកបន្តថា អ្នកចូលរួមឆ្នាំមុនមានជាង២០ម៉ឺននាក់ ហើយក៏រំពឹងថា ឆ្នាំនេះនឹងមានការកើនឡើងច្រើនជាងនេះ។ បន្ថែមពីនេះ ពាក់ព័ន្ធនឹងការរាប់ចំនួនរបស់អ្នកចូលរួម លោកបានបញ្ជាក់ថា នឹងមានការរៀបចំប្រព័ន្ធឱ្យកាន់តែច្បាស់លាស់ និងល្អប្រសើរជាងឆ្នាំមុនផងដែរ។

ចំណែក លោក គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា គោលបំណងនៃការរៀបចំពិព័រណ៍សៀវភៅនេះ គឺមាន៥សំខាន់ៗ។ ទី១ ឱ្យជួយផ្សព្វផ្សាយបោះពុម្ពសៀវភៅគ្រប់ប្រភេទទាំងស្នាដៃថ្មី និងចាស់ដើម្បីឱ្យមានទីផ្សារទាំងក្នុង និងក្រៅប្រទេស។ ទី២ ជំរុញឱ្យពលរដ្ឋខ្មែរមានទម្លាប់អានសៀវភៅ និងជាសារឱ្យយុវជនស្រឡាញ់ការអានដើម្បីជំរុញដល់ការសិក្សា និងការងារ។ ទី៣ បង្កើតកម្មវិធីនិទានរឿង និងគំនូររូបភាពផ្សេងៗដល់កុមារ ដើម្បីបណ្តុះទឹកចិត្តកុមារឱ្យស្រឡាញ់សៀវភៅតាំងពីនៅតូចៗ។ ទី៤ គាំទ្រឧស្សាហកម្មផ្សាយបោះពុម្ពផ្សាយនៅកម្ពុជា និងពិភពលោក។ ទី៥ ជាការលើកទឹកចិត្តដល់អ្នកនិពន្ធក្នុងការបង្កើតស្នាដៃថ្មីៗទៀត។ លោកបន្តថា ពិព័រណ៍សៀវភៅនេះមានការតាំងសៀវភៅច្រើនប្រភេទ បញ្ចុះតម្លៃ ហើយក៏មានសៀវភៅខ្លះចែកជូនមិនគិតថ្លៃដែរ។ក្រៅពីនេះ ក៏មានការបោះពុម្ពផ្សាយដោយអេឡិចត្រូនិច ការធ្វើបទបង្ហាញពីវាគ្មិនផ្សេងៗទៀតដែរ។

រីឯ លោក សុខ ឬទ្ធី ក្នុងនាមតំណាងគណៈកម្មការរៀបចំការពិព័រណ៍សៀវភៅបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំនៃការរៀបចំពិព័រណ៍នេះ គឺមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ពោល គឺពិព័រណ៍កាន់តែមានការគាំទ្រច្រើន និងរីកសាយធំទៅៗ។ ចំពោះប្រភពថវិកាដើម្បីរៀបចំពិព័រណ៍សៀវភៅនេះ លោកថា មានប្រភពចំនួន៤ ទី១គឺថវិការបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ទី២ ថវិកា ពីអ្នកឧបត្ថម្ភធំៗ, ទី៣ បានមកពីអ្នកចូលរួមជួយសហការរៀបចំ និងទី៤ ដែលប្រភពធំដែរ គឺបានថវិកាមកពីការជួលស្តង់ឱ្យអ្នកដែលដាក់សៀវភៅលក់នេះឯង និងយកមកចាត់ចែងក្នុងកម្មវិធីនានានៃពិព័រណ៍សៀវភៅ៕



ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?