ព័ត៌មានជាតិ
អ្នកនាំពាក្យ ប្រាប់សង្គមស៊ីវិលកុំបារម្ភ ព្រោះសំណុំរឿងឃាតកម្មអ្នកកាសែតនៅខេត្តសៀមរាប ចូលដល់ដៃតុលាការហើយ
ឆ្លើយតបនឹងការស្នើរបស់ក្រុមសង្គមស៊ីវិលខ្លះជុំវិញករណីឃាតកម្មសម្លាប់អ្នកកាសែតនៅខេត្តសៀមរាប ពេលនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន ចេញមកបញ្ជាក់ថា សំណុំរឿងឃាតកម្មនេះចូលដល់ដៃតុលាការហើយ។ ដូច្នេះ លោក ប្រាប់ក្រុមសង្គមស៊ីវិល កុំព្រួយបារម្ភ ហើយសូមទុកភារកិច្ចឱ្យតុលាការធ្វើការតាមនីតិវិធីច្បាប់ជាធរមាន។

យកទិវាសិទ្ធិមនុស្សអន្តរជាតិ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន១៤ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយបានទទូចឱ្យអាជ្ញាធរកម្ពុជាស្វែងរកយុត្តិធម៌ចំពោះការស្លាប់របស់អ្នកកាសែតម្នាក់ឈ្មោះ ឈឿង ឈឹង ដែលត្រូវបានឃាតករបាញ់សម្លាប់កាលពីសប្តាហ៍មុន។
តបនឹងសេចក្ដីថ្លែងការណ៍របស់សង្គមស៊ីវិលខាងលើ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ជនជាប់សង្ស័យពាក់ព័ន្ធនឹងការធ្វើឃាតត្រូវបានឃាត់ខ្លួនភ្លាមទាន់ពេលវេលា ក្រោយទទួលបានព័ត៌មានអំពីព្រឹត្តិការណ៍ដ៏អកុសលនេះ ហើយបច្ចុប្បន្ននេះ សំណុំរឿងឃាតកម្មនេះ កំពុងតែស្ថិតនៅក្នុងក្របខណ្ឌនៃការអនុវត្តនីតិវិធីច្បាប់របស់តុលាការខេត្តសៀមរាបហើយ។ លោក ថា ទាំងនេះ ក៏ដោយសារមានការយកចិត្តទុកដាក់ខ្លាំងពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធ ចំពោះសុវត្ថិភាពរបស់អ្នកសារព័ត៌មានទាំងអស់ ហើយក៏ដោយសារមានការសហការល្អរវាងអាជ្ញាធរពាក់ព័ន្ធពិសេសរដ្ឋបាលខេត្ត និងដោយមានការចូលរួមជាប់ពីមន្ទីរព័ត៌មានខេត្តសៀមរាប។

ក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានខេត្តសៀមរាប បាននិងកំពុងបន្តតាមដានការវិវត្តនៃដំណើរការនីតិវិធីពីដោយសមត្ថកិច្ចពាក់ព័ន្ធ ហើយក្រសួងព័ត៌មាន ក៏ត្រៀមខ្លួនក្នុងការចូលរួមជួយជ្រោមជ្រែងក្នុងដំណើរការនៃការអនុវត្តនីតីវិធីជំនាញតាមការចាំបាច់នានា ក៏ដូចជាក្នុងក្របខណ្ឌនៃនីតិវិធីតុលាការផងដែរ។ ជាការអះអាងបន្ថែមរបស់លោក ទេព អស្នារិទ្ធ។
លោក បានគូសរំលេចថា ក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងតែផ្ដល់ការយកចិត្ដទុកដាក់ខ្ពស់ចំពោះតួនាទីរបស់អ្នកសារព័ត៌មាន ដោយបន្ដលើកកម្ពស់ លើកស្ទួយសិទ្ធិ សេរីភាពផ្នែកសារព័ត៌មាន ដែលបានការពារ និងផ្ដល់ដោយរដ្ឋធម្មនុញ្ញកម្ពុជា និងបទដ្ឋានគតិយុត្ដជាធរមាន ព្រមទាំងបានកំពុងបន្ដផ្ដល់បរិយាកាសអំណោយផលសម្រាប់ការប្រកបអាជីពជាអ្នកសារព័ត៌មាននៅទូទាំងប្រទេស។
ក្នុងន័យនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន បានទទូចដល់អ្នកសារព័ត៌មានទាំងអស់ ដែលកំពុងប្រកបការងារជាអ្នកសារព័ត៌មាន ប្រកាន់ខ្ជាប់នូវការគោរពប្រតិបត្ដិឱ្យបានត្រឹមត្រូវនូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន សូមកុំពាក់ព័ន្ធនឹងទង្វើដែលប្រាសចាកពីក្រមសីលធម៌ ហើយត្រូវអនុវត្ដសកម្មភាពការងាររបស់ខ្លួននៅក្នុងដែននៃច្បាប់ដែលបានកំណត់ ជាពិសេសមិនត្រូវដើរហួសពីព្រំដែនច្បាប់ស្ដីពីរបបសារព័ត៌មានបានកំណត់ឱ្យក្នុងតួនាទីជាអ្នកសារព័ត៌មាននោះទេ។
លោក សង្កត់ធ្ងន់ថា សូមកុំតាំងខ្លួនជាអាជ្ញាធរ ឬជាតុលាការ ព្រោះមិនមែនជាតួនាទីរបស់អ្នកសារព័ត៌មានទេ។

សម្រាប់ការយកព័ត៌មានមួយចំនួនដែលអាចបង្កហានិភ័យ អ្នកនាំពាក្យ ក៏បានអំពាវនាវយ៉ាងទទូចដល់អ្នកសារព័ត៌មានទាំងអស់ សូមមេត្តាសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច អង្គភាពជំនាញ ដោយផ្តល់ព័ត៌មានទាំងនោះដល់សមត្ថកិច្ច ដើម្បីគាំទ្រដល់ការអនុវត្តការងារជំនាញក្នុងវិស័យសមត្ថកិច្ចពាក់ព័ន្ធ ដែលចូលរួមចំណែកដល់ការអនុវត្តច្បាប់ ពោលគឺ ចៀសវាងឱ្យបាន កុំពាក់ព័ន្ធដាច់ខាតនឹងការកំហែងទារ ឬទង្វើផ្សេងទៀតដែលផ្ទុយនឹងក្រមសីលធម៌វិជ្ជាជីវៈ។
ភ្ជាប់ជាមួយគ្នានេះ លោក អំពាវនាវផងដែរដល់អាជ្ញាធរមូលដ្ឋាននៅក្នុងរាជធានីខេត្ដ ផ្ដល់ការគាំទ្រ និងការជួយសម្របសម្រួលដល់អ្នកសារព័ត៌មានទាំងអស់ ដែលកំពុងអនុវត្ដការងាររបស់ខ្លួនដោយគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណាឱ្យអ្នកសារព័ត៌មានអាចទទួលបាននូវការសហការ ដើម្បីចុះយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានអំពីស្ថិរភាព សុវត្ថិភាពល្អ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។
លោក ទេព អស្នារិទ្ធ បានអរគុណអង្គការសង្គមស៊ីវិលដែលយកចិត្តទុកដាក់ចំពោះករណីឃាតកម្មដោយការលបលួបបាញ់លើអ្នកកាសែត។ យ៉ាងណាក៏ដោយ លោក បន្តថា មិនត្រូវយកករណីព្រឹត្តិការណ៍ដ៏អកុសលមួយនេះ ដើម្បីកេងចំណេញផ្នែកនយោបាយរបស់ក្រុមណាមួយឡើយ ដោយសូមទុកភារកិច្ចអនុវត្តច្បាប់ជូនអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងការអនុវត្តទៅតាមនីតិវិធីក្នុងក្របខណ្ឌច្បាប់ជាធរមាន៕

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល