ព័ត៌មានជាតិ
រដ្ឋមន្ត្រីបរិស្ថាន នឹងដាក់យុទ្ធនាការ«គ្រប់ផ្លូវជាតិទាំងអស់ឆ្នាំ២០២៥ ត្រូវតែស្អាត មិនត្រូវមានសំរាមប្លាស្ទិកឡើយ»
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់គោលការណ៍ថា ចាប់ពីឆ្នាំ២០២៥តទៅ តាមបណ្ដាផ្លូវជាតិនៅកម្ពុជា ត្រូវតែស្អាត លែងឱ្យមានសំរាម ថង់ប្លាស្ទិកតទៅទៀត។ លោក អ៊ាង សុផល្លែត លើកឡើងដូច្នេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រៅសិក្ខាសាលាបិទបញ្ចប់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) រៀបចំឡើងនារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងបរិស្ថាន។

ក្នុងកិច្ចសម្ភាសន៍ លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ដូច្នេះ៖«ផ្លូវជាតិ ២០២៥ ត្រូវតែស្អាតគ្រប់ផ្លូវជាតិទាំងអស់! នេះជាយុទ្ធនាការថ្មីដែលយើងកំពុងតែសាកល្បង។ ខ្ញុំនឹងប្រកាសបើកយុទ្ធនាការនេះ នៅថ្ងៃ១ ខែ១ ឆ្នាំ២០២៥។»។

លោកបានអះអាងថា មុនពេលប្រកាសដាក់ចេញយុទ្ធនាការនេះជាផ្លូវការនាដើមខែមករា ឆ្នាំ២០២៥ខាងមុខ នៅក្នុងពេលបច្ចុប្បន្ននេះលោកក៏បានសាកល្បងលើកិច្ចការងារតាមបណ្ដាផ្លូវជាតិសំខាន់ៗមួយចំនួនដូចជាផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១។

តាមលោក អ៊ាង សុផល្លែត ក្នុងដំណាក់សាកល្បងយុទ្ធនាការ នៅផ្លូវជាតិទាំងនោះ គឺចាប់ផ្ដើមស្អាតបណ្ដើរៗហើយ ពោលគឺនៅមានសំរាម និងថង់ប្លាស្ទិកតិចតួចបំផុត ដែលក្នុងដំណាក់កាលសាកល្បងនេះ ទទួលបានការចូលរួមពីសំណាក់យុវជន សិស្សានុសិស្ស និងកម្មកររោងចក្រ ក៏ដូចជាភាគីពាក់ព័ន្ធ។

សម្រាប់រដ្ឋមន្ត្រីបរិស្ថានរូបនេះ ឧបសគ្គដែលរារាំងដល់ការអនុវត្តយុទ្ធនាការនេះ គឺការទាក់ទាញទឹកចិត្ត បេះដូង កិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញារបស់ប្រជាពលរដ្ឋចូលរួមសម្អាតផ្លូវជាតិ ថែរក្សាផ្លូវជាតិកុំឱ្យមានសំរាម ថង់ប្លាស្ទិក។ លោក យល់ឃើញថា បើពលរដ្ឋ សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធចូលរួម រួមចិត្ត រួមថ្លើម រួមបេះដូងអនុវត្តន៍យុទ្ធនាការនេះ នោះនឹងគ្មានឧបសគ្គអ្វីឡើយ ពោលគឺតាមផ្លូវជាតិនៅកម្ពុជា នឹងស្អាត គ្មានសំរាម និងថង់ប្លាស្ទិកឡើយ។

លោករដ្ឋមន្ត្រី បានចាត់ទុក ការចូលរួម ការលើកទឹកចិត្ត ពីសំណាក់ប្រជាពលរដ្ឋកម្ពុជាចំពោះការអនុវត្តយុទ្ធនាការដែលក្រសួងបរិស្ថានបានដាក់ចេញ គឺជាអាវុធដ៏សំខាន់កម្ចាត់ឧបសគ្គដែលកើតឡើងក្នុងការធ្វើឱ្យកម្ពុជា មានភាពស្អាត បៃតង និងចីរភាពតរៀងទៅ។
គួរឱ្យដឹងថា កាលពីពេលកន្លងទៅ ក្រសួងបរិស្ថាន ក៏បានដាក់ចេញយុទ្ធនាការជាច្រើន ក្នុងនោះមានយុទ្ធនាការ ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ និងយុទ្ធនាការកម្ពុជាស្អាត ខ្មែរធ្វើបាន។ បើតាមលោករដ្ឋមន្ត្រី យុទ្ធនាការថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ មានអ្នកចូលរួមចំនួនជាង១០លាននាក់ ដែលចំនួននេះជាចំនួនច្រើនជាងពាក់កណ្ដាលនៃចំនួនប្រជាជនកម្ពុជា។ សម្រាប់យុទ្ធនាការកម្ពុជាស្អាត ខ្មែរធ្វើបាន ដែលយុទ្ធនាការដើររើសសំរាមតាមផ្លូវ តាមទីតាំងសំខាន់ៗ គឺមានអ្នកចូលរួមជាង៤លាននាក់រួចមកហើយ៕

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?