Connect with us

ព័ត៌មានជាតិ

លោក ហុក សុទ្ធិ អំពាវនាវឱ្យអ្នកមានលទ្ធភាពចូលរួមពិព័រណ៍សៀវភៅ និងទិញសៀវភៅឱ្យបានច្រើន

បានផុស

នៅ

លោក ហុក សុទ្ធិ នាយកស៊ីប៉ា និងជាគណកម្មការរៀបចំការពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ ឆ្នាំ២០២៤ លើកឡើងថា មនុស្សមានការចូលរួមពិព័រណ៍សៀវភៅច្រើន ប៉ុន្តែ ចំនួននៃការទិញសៀវភៅនៅមានតិច ព្រោះអ្នកចូលរួមភាគច្រើនជាយុវជន សិស្ស និស្សិត។ ហេតុនេះ លោកសំណូមពរឱ្យអ្នកដែលមានលទ្ធភាព ដែលមានការងារមាំទាំ ចូលរួមពិព័រណ៍ និងជួយទិញសៀវភៅឱ្យបានច្រើន ដើម្បីជំរុញការអាននៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់ លោក ហុក សុទ្ធិ ធ្វើឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសន្និសីទសារព័ត៌មានស្តីពីការពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ ក្រោមប្រធានបទ “អ្នកអាន ជាអ្នករៀនពេញមួយជីវិត”។ ពិព័រណ៍សៀវភៅឆ្នាំនេះ នឹងមានលក្ខណៈប្លែកជាងឆ្នាំមុន និងធំជាងឆ្នាំមុន ដោយមានស្តង់ចូលរួមពិព័រណ៍សៀវភៅ និងអាហារ ២៩២ស្តង់ ខណៈឆ្នាំមុនមានស្តង់ចូលរួមមិនដល់២០០ស្តង់នោះទេ។ ឆ្នាំ២០២៤នេះ គណកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជា ក៏សង្ឃឹមថា នឹងមានអ្នកចូលរួមច្រើនជាងឆ្នាំមុនទៀត ហើយក៏នឹងរៀបចំការដាក់ប្រព័ន្ធរាប់អ្នកចូលរួមឱ្យបានល្អប្រសើរជាងមុនទៀត។ ពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ នឹងរៀបចំរយៈពេល៤ថ្ងៃ គឺពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅកោះពេជ្រ។

លោក ហុក សុទ្ធិ

ទន្ទឹមនឹងការគាំទ្រចូលរួមច្រើនពីមហាជន លោក ហុក សុទ្ធិ ក៏មានក្តីកង្វល់ថា ទោះបីការចូលរួមទស្សនាពិព័រណ៍មានច្រើនក៏ពិតមែន ប៉ុន្តែ ចំនួនអ្នកដែលទិញសៀវភៅនៅមិនទាន់បានច្រើននៅឡើយទេ ព្រោះអ្នកចូលរួមភាគច្រើនជាយុវជន សិស្ស និសិ្សត ដែលពួកគេខ្លះនៅចាយវាយប្រាក់របស់ម្តាយឪពុក ឬសន្សំលុយខ្លួនឯងរយៈពេលយូរទម្រាំអាចមានលទ្ធភាពទិញសៀវភៅដែលខ្លួនចង់អាន និងចាប់អារម្មណ៍។ ដូច្នេះ លោក បានអំពាវនាវដល់អ្នកដែលមានលទ្ធភាព ពោល គឺអ្នកដែលស្ថិតក្នុងវណ្ណៈកណ្តាល អាយុ៤០ឆ្នាំឡើងទៅ ដែលមានការងារមាំទាំ មានជីវភាពគ្រាន់បើ ដូចជា អ្នកនយោបាយ អ្នកធ្វើការរដ្ឋ ឯកជន គួរឆ្លៀតពេលដើម្បីចូលរួមពិព័រណ៍សៀវភៅឱ្យបានកុះករ និងទិញសៀវភៅឱ្យបានច្រើនសម្រាប់ខ្លួន គ្រួសារ កូន និងសហគមន៍របស់គាត់ ដើម្បីជំរុញការអាននៅកម្ពុជាឱ្យកាន់តែទូលំទូលាយ។

លោក ហុក សុទ្ធិ និយាយថា៖ “ឧទាហរណ៍ថាពួកគាត់មិនជាអ្នកចូលចិត្តអានខ្លាំងនៅផ្ទះ ក៏គាត់មានលទ្ធភាពគួរតែជួយទិញសម្រាប់កូនចៅគាត់ សម្រាប់គ្រួសារគាត់ សម្រាប់សហគមន៍គាត់ សម្រាប់ភូមិ ឃុំ របស់គាត់ដើម្បីជួយដល់អ្នកដែលត្រូវការ”

ចំពោះ ប្រភពថវិកាដើម្បីរៀបចំពិព័រណ៍សៀវភៅនេះ លោក សុខ ឬទ្ធី តំណាងគណៈកម្មការរៀបចំការពិព័រណ៍សៀវភៅបានបញ្ជាក់ថា មានប្រភពចំនួន៤ ទី១គឺថវិការបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ទី២ ថវិកា ពីអ្នកឧបត្ថម្ភធំៗ, ទី៣ បានមកពីអ្នកចូលរួមជួយសហការរៀបចំ និងទី៤ ដែលប្រភពធំដែរ គឺបានថវិកាមកពីការជួលស្តង់ឱ្យអ្នកដែលដាក់សៀវភៅលក់នេះឯង និងយកមកចាត់ចែងក្នុងកម្មវិធីនានានៃពិព័រណ៍សៀវភៅ។

លោក សុខ ឬទ្ធី

ជុំវិញថវិកានៃការរៀបចំពិព័រណ៍នេះ លោក ហុក សុទ្ធិ ក៏បានបន្ថែមដែលថា ថវិកាដែលរៀបចំពិព័រណ៍ឆ្នាំមុន គឺបានសល់បន្តិចបន្តួចពីការរៀបចំ ដែលអាចឱ្យគណកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជា ពង្រឹងលើវិស័យពិព័រណ៍សៀវភៅ ដោយបញ្ជូនក្រុមគណកម្មការស្ម័គ្រចិត្តមួយចំនួនទៅទស្សនាពិព័រណ៍សៀវភីនៅប្រទេសថៃ ដើម្បីរៀបសូត្រ និងយកបទពិសោធថ្មីៗមកពិព័រណ៍នៅកម្ពុជា។ យ៉ាងណាមិញ គិតចាប់ពីពិព័រណ៍មុនៗរហូតមកដល់បច្ចុប្បន្ន លោកបានវាយតម្លៃខ្ពស់ ចំពោះការពិព័រណ៍សៀវភៅនេះ ដោយទទួលបានជោគជ័យពីមួយឆ្នាំទៅមួយឆ្នាំ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម