ព័ត៌មានជាតិ
កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងមានអានុភាព អនុវត្តដូចសាលក្រមស្ថាពរ
នៅពេលដ៏ខ្លីខាងមុខនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.)នឹងចុះMOU ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ហើយក្រោយចុះMOUជាមួយគ្នាហើយ រាល់កំណត់ហេតុ ព្រមព្រៀង បញ្ចប់វិវាទដែលធ្វើឡើងដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ មានអានុភាព អនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ។

នេះបើតាមការបញ្ជាក់អោយដឹងពីលោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ តំណាងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ខណៈលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “បេសកកម្ម នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” ជូនដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ នៃរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។
លោកបណ្ឌិត ជិន ម៉ាលីនបានមានប្រសាសន៍ថា សិក្ខាសាលាផ្សព្វផ្សាយស្តីពី “បេសកកម្ម នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” យើងបានធ្វើឡើងចំនួន៩ខេត្តហើយ និងបានចុះMOUជាមួយខេត្តចំនួន៣រួចហើយ នោះគឺខេត្តកណ្តាល បាត់ដំបង និងខេត្តកំពង់ឆ្នាំង។

លោកបណ្ឌិតបន្តថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.) ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/១១២៣/២៣៨១ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) គឺជាផ្នែកមួយនៃកម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា និងជាការអនុវត្តនូវកិច្ចការអាទិភាព១ ក្នុងចំណោមកិច្ចការអាទិភាពទាំង៣ នៃវិធានការគន្លឹះទី៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការថ្មីមួយបំពេញបន្ថែមឱ្យយន្តការដោះស្រាយវិវាទដែលមានស្រាប់នៅកម្ពុជា ដែលមានបេសកកម្មជួយដោះស្រាយ វិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទ។តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការនេះ មានសារសំខាន់៣ ៖ ជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី។ បង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន។ ធានាបាននូវភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ។

លោក កើត ឆែ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញថ្លែងថា សិក្ខាសាលានេះគឺ ដើម្បីបញ្ជ្រៀបការយល់ដឹងជាសាធារណៈ ជូនដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដើម្បីពង្រឹងប្រសិទ្ធភាព និងប្រសិទ្ធផល នៃការផ្តល់សេវា ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

លោកកើត ឆែ បញ្ជាក់ថា រដ្ឋបាលសង្កាត់ និងរដ្ឋបាលខណ្ឌទាំង១៤ មានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទ មូលដ្ឋាន ជាសេនាធិការ នៅតែដើរតួនាទីសំខាន់ ឬជាអង្គភាពដើមទី ក្នុងការទទួលដោះស្រាយវិវាទជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ដោយឡែក អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការ ឬជាជម្រើសបន្ថែមសម្រាប់ជួយដោះស្រាយវិវាទជូនប្រជាពលរដ្ឋ កាន់តែមានប្រសិទ្ធភាព ដោយហេតុថារាល់កំណត់ហេតុព្រមព្រៀង បញ្ចប់វិវាទដែលធ្វើឡើងដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ មានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។

លោក កើត ឆែ បន្តថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទបច្ចុប្បន្ននៅកម្ពុជា ដោយប្រើប្រាស់យន្តការសម្រុះសម្រួល ផ្សះផ្សារក្រៅប្រព័ន្ធតុលាការ តាមរយៈ សូចនាករចំនួន ២ រួមមាន (ទី១) ការរក្សាបាននូវចរិតនៃការដោះស្រាយ វិវាទក្នុងមូលដ្ឋាន ស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និង (ទី២) ការបញ្ចប់វិវាទ ឬ ការរំលត់វិវាទដែលកើតមានឡើងនៅមូលដ្ឋាន ជាក់ស្តែង សំដៅចូលរួមចំណែកកាត់បន្ថយសំណុំរឿងនៅតាមសាលា ជម្រះក្តីគ្រប់កម្រិត៕
អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី