ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ លើកទឹកចិត្តអ្នកអប់រំ បញ្ជ្រាបបញ្ហាបរិស្ថាន និងការបម្រែបម្រួលអាកាសធាតុ ដល់កុមារតូចឱ្យចេះការពារខ្លួន និងដោះស្រាយបញ្ហា
មន្ត្រីជាន់ខ្ពស់ នៃក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តដល់អ្នកអប់រំបញ្ជ្រាបបញ្ហាបរិស្ថាន និងបញ្ហាបម្រែបម្រួលអាកាសធាតុដល់កុមារតូច ដើម្បីឱ្យពួកគេមានភាពធន់ចេះការពារខ្លួន និងដោះស្រាយបញ្ហាផ្សេងៗ នៅជុំវិញខ្លួនពេលជួបឧបសគ្គ។

លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ បណ្ណសរសើរ និងអាហារូបករណ៍ ជូនដល់សិស្សពូកែប្រចាំឆ្នាំសិក្សា ២០២៣-២០២៤ នៃសាលាអន្តរជាតិអាស៊ាន កាលពីពេលថ្មីៗ នេះថា ការអប់រំកុមារតូច គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សានុសិស្ស ឱ្យទទួលបានទាំងជំនាញរឹង និងជំនាញទន់ ការសិក្សាពេញមួយជីវិត និងបំណិនសតវត្សទី ២១ ដូចជាការគិតស៊ីជម្រៅ និងជំនាញដោះស្រាយបញ្ហាជាដើម ដែលទាំងអស់នេះគឺជាស្ពានដើម្បីឱ្យក្មួយៗ ត្រៀមខ្លួនរួចរាល់ក្នុងដំណើរសិក្សាបន្តបន្ទាប់ទៀត។

បន្ថែមពីនេះ លោកស្រី បានលើកឡើងពីវិធីសាស្ត្របង្រៀនកុមារតូចគឺ “ការរៀនតាមរយៈការលេង” ដោយការលេងនេះគឺគោរពទៅតាមគោលការណ៍ នៃការអភិវឌ្ឍកុមារទាំងប្រាជ្ញា បំណិនសង្គម និងការអភិវឌ្ឍរាងកាយជាដើម ដោយទាំងអស់ជួយឱ្យពួកគាត់មានបំណិនក្នុងការសិក្សាពេញមួយជីវិត និងបំណិនសង្គម ដូចជាមានភាពក្លាហាន ចេះចែករំលែក ចេះធ្វើការងារជាក្រុម ឈានទៅរកភាពជោគជ័យក្នុងការសិក្សាបន្តបន្ទាប់ទៀត ទាំងក្នុងកម្រិតថ្នាក់បឋមសិក្សា មធ្យមសិក្សា ឧត្ដមសិក្សា ក៏ដូចជាការសិក្សាពេញមួយជីវិតផងដែរ។

លោកស្រីបានបន្ថែមថា មានប្រទេសអភិវឌ្ឍន៍មួយចំនួនបានប្រែក្លាយទីកន្លែងលេងទៅជាកន្លែងលេងដែលមានការប្រឈមនឹងហានិភ័យដូចជានៅបរិវេណសាលាសុទ្ធតែកន្លែងគ្រោះថ្នាក់ ដូចជាដីមិនស្មើ មានទួល ជង្ហុក មានឈើដាក់របាំងឱ្យក្មេងឆ្លងកាត់ បើសាលាមានក្រាលបេតុងយកថ្មដាក់ពង្រាយពេញទីធ្លា ស្ពានមិនមានក្ដារស្មើ ឬ មានក្តារពុកផុយ ដើម្បីឱ្យក្មេងដើរឆ្លងកាត់ជាដើម។ ការអនុវត្តបែបនេះ គឺចង់ឱ្យកុមារចេះគិតពិចារណា និងដោះស្រាយបញ្ហានៅចំពោះមុខ នៅពេលមានឧបសគ្គកើតឡើងណាមួយ។

លោកស្រីបានលើកទឹកចិត្តដល់អ្នកអប់រំ គួរបញ្ជ្រាបបញ្ហាបរិស្ថាន និងការបម្រែបម្រួលអាកាសធាតុដល់កុមារតូចឱ្យចេះការពារខ្លួន និងដោះស្រាយបញ្ហានានា។

លោកស្រីបានលើកឡើងថា «ហេតុអ្វីក្មេងៗ មតេ្តយ្យសិក្សានៅតូចហ្នឹងម៉េចបានជាយើងត្រូវបញ្ជ្រាបឱ្យគាត់រៀនច្រើនម្ល៉េះទាក់ទិននឹងបញ្ហាបរិស្ថាន និងបញ្ហាការបម្រែបម្រួលអាកាសធាតុនេះ ដោយសារវាជាបញ្ហាប្រឈមមួយរបស់ពិភពលោកទាំងមូល»។

លោកស្រីបានពន្យល់ថា ក្មេងតូចៗ មានភាពចង់ដឹងចង់ស្វែងយល់ចង់រៀន។ ដូចនេះនៅពេលយើងបញ្ជ្រាបនូវបំណិន នៃការយល់ដឹង និងស្រលាញ់ និងការថែរក្សាបរិស្ថាន និងបំណិន នៃការចេះការពារខ្លួននៅពេលមានការបម្រែបម្រួលអាកាសធាតុដូចជាអាកាសធាតុក្តៅខ្លាំង និងត្រជាក់ខ្លាំងពេលមានខ្យល់មានភ្លៀងធ្វើឱ្យពួកគាត់មានភាពធន់ ប្រឈមនឹងឧបសគ្គផ្សេងៗ ដែលបានជួបហើយអាចមានគំនិតផ្ដួចផ្ដើមក្នុងការដោះស្រាយបញ្ហាផ្សេងៗ ពេលជួបឧបសគ្គផ្សេងៗ នៅជុំវិញខ្លួនគាត់តាំងពីនៅវ័យកុមារតូច។
លោកស្រីបានបន្ថែមថា «ប្រសិនជាយើងមិនបណ្តុះកុមារ ឬយុវជនមិនស្ថិតក្នុងបរិបទមួយប្រឈមនឹងហានិភ័យដើម្បីឱ្យពួកគាត់មានការប្រុងប្រយ័ត្ន និងមានគំនិតក្នុងការដោះស្រាយបញ្ហាប្រឈមនៅពេលដែលជួបឧបសគ្គជុំវិញខ្លួនគាត់ដែលមិនដឹងកើតឡើងពេលណា និងកើតឡើងរបៀបណានោះ យុវជន និងកុមារយើង នឹងប្រឈមហើយ»។
លោកស្រីបានបញ្ជាក់ថា នេះជាផ្នត់គំនិតមួយដែលជាអ្នកអប់រំត្រូវចូលរួមទាំងអស់គ្នា ដើម្បីដុសខាត់ ពន្យល់ដល់អ្នកពាក់ព័ន្ធ ពិសេសមាតាបិតា ដើម្បីបានយល់ដឹង និងគាំទ្រចូលរួមអភិវឌ្ឍន៍ដល់បុត្រធីតាឱ្យមានភាពធន់ និងបំណិនក្នុងការដោះស្រាយបញ្ហាដែលជាបំណិនមួយដ៏សំខាន់ក្នុងសតវត្សទី ២១ នេះ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?