ព័ត៌មានជាតិ
អន្ទិត កក្កដា សោភ័ណ្ឌ និងបុរសម្នាក់នៅបឹងកេងកង មិនអាចគេចផុតពីច្បាប់ថ្មីទេ
លោកស្រីវេជ្ជបណ្ឌិត ឳ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងថា បុគ្គលដែលយកសំណាកទៅពិនិត្យរួចហើយ និងកំពុងតែរង់ចាំលទ្ធផល ប៉ុន្តែបែរជាមិនអនុវត្តការធ្វើចត្តាឡីស័ក បែរជាទៅចូលរួមមង្គលការ ឬពិធីផ្សេងៗ ហើយនៅពេលលទ្ធផលចេញមកវិជ្ជមាន មានន័យថា បុគ្គលនោះមិនគោរពច្បាប់ មិនគ្រប់វិធានការសុខាភិបាល ដូច្នេះច្បាប់ដែលចេញមកហើយត្រូវយកមកអនុវត្ត។

ការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត ឳ វណ្ណឌីន បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នេះ នៅទីស្តីការក្រសួងសុខាភិបាល ទាក់ទងច្បាប់ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងជាការឆ្លើយតបសំណួរអ្នកសារព័ត៌មាន ទាក់ទងអន្ទិត កក្កដា សោភ័ណ្ឌ ដែលមានវិជ្ជមានកូវីដ-១៩ ហើយទៅចូលរួមមង្គលការនៅស្រុកសំរោង ខេត្តតាកែវ និងបុរសម្នាក់នៅបឹងកេងកង ដែលមានវិជ្ជមានកូវីដ-១៩ដូចគ្នាដែរ បានទៅចូលរួមមង្គលការនៅខេត្តស្រុកឈូក ខេត្តកំពត។

លោកស្រីវេជ្ជបណ្ឌិត ឳ វណ្ណឌីន បានបញ្ជាក់ថា “ខ្លួនត្រូវធ្វើចត្តាឡីស័ក យកសំណាកទៅមើលរួចហើយ កំពុងតែរង់ចាំលទ្ធផល ស្រាប់តែទៅចូលរួមមង្គលការ លទ្ធផលចេញមកវិជ្ជមាន ហើយបើចេញលទ្ធផលវិជ្ជមាន តើត្រូវធ្វើយ៉ាងម៉េច មនុស្សមួយរោងការមែនតិចទេ ។ បើរោងធំអាចពាន់នាក់ ការតូចខ្ទង់រយនាក់ដែរ តើវានឹងទៅជាយ៉ាងណា ? ហ្នឹងហើយដែលខ្ញុំតែងតែរំឭកថា កុំឲ្យរោងការរបស់យើង រោងបុណ្យរបស់យើង ការជួបជុំរបស់យើង ឬហាងរបស់យើងក្លាយទៅជាកន្លែងផ្ទុះចេញនូវការចម្លងនៃវីរុស Covid-19”។
លោកស្រីបញ្ជាក់ទៀតថា “ខ្ញុំនិយាយជារឿយៗ ចំណុចនេះ ហើយចុះឥឡូវប្រសិនបើបុគ្គលនោះមិនមានភាពស្មោះត្រង់ វានឹងបង្កហានិភ័យធំណាស់ទៅដល់អ្នកដទៃ ទៅដល់សង្គមរបស់យើង អញ្ចឹងចាំបាច់នៅពេលនេះ ពីព្រោះច្បាប់មានហើយ អញ្ចឹងអាជ្ញាធរមូលដ្ឋានចាំបាច់ត្រូវតែអនុវត្តច្បាប់ ពីព្រោះបុគ្គលនោះ មិនមែនមិនដឹងនោះទេ ពីព្រោះច្បាប់បានផ្សាយចេញរួចទៅហើយ”។

បើតាមលោកស្រីវេជ្ជបណ្ឌិត ឳ វណ្ណឌីន នៅក្នុងព្រឹត្តិការណ៍ខាងលើនេះ ក៏មិនត្រូវមានការលើកលែងដែរ ពីព្រោះការនិយាយ គឺនិយាយហើយ ការអប់រំ គឺអប់រំហើយ ច្បាប់ចេញមក គឺបានពន្យល់ច្បាស់ហើយ នៅឡើយតែបុគ្គល ដែលត្រូវអនុវត្តតែប៉ុណ្ណោះ ប៉ុន្តែបុគ្គលមិនអនុវត្ត នៅពេលយកសំណាកហើយ តម្រូវឲ្យធ្វើចត្តាឡីស័កនៅដាច់ដោយឡែកពីគេ ដើម្បីរង់ចាំលទ្ធផល ហើយប្រសិនបានលទ្ធផលវិជ្ជមានត្រូវយកទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ តែបើអវិជ្ជមានជននោះត្រូវបន្តធ្វើចត្តាឡឺស័ក១៤ថ្ងៃ ប៉ុន្តែបើបុគ្គលនោះមិនធ្វើ មានន័យថា បុគ្គលនោះមិនគោរពច្បាប់ មិនគ្រប់វិធានការសុខាភិបាល ដូច្នេះច្បាប់ដែលចេញមកហើយត្រូវយកមកអនុវត្ត។

គួររំលឹកថា លោក កក្កដា សោភ័ណ្ឌ ចេញលទ្ធផលវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១៤ ខែមីនា ក្រោយពីយកសំណាកទៅពិនិត្យ ប៉ុន្តែកាលពីថ្ងៃទី១២ ខែមីនា គេបានទៅចូលរួមពីធីអាពាហ៍ពិពាហ៍ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ក្រោយមកអាជ្ញាធរ ក៏ដូចជាមន្ទីរសុខាភិបាលខេត្តតាកែវ បានរកឃើញអ្នកជាប់ពាក់ព័ន្ធជិត៤០០នាក់ និង៣០ នាក់ ជាប់ពាក់ព័ន្ធផ្ទាល់ និងបានយកសំណាក់និងដាក់ឲ្យនៅដាច់ដោយឡែក។
ដោយឡែកករណីមួយទៀត បុរសម្នាក់ទៀត នៅខណ្ឌបឹងកេងកង វិជ្ជមានកូវីដ-១៩ បានទៅចូលរួមមង្គលការមួយនៅស្រុកឈូក ខេត្តកំពត កាលបីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត