ព័ត៌មានជាតិ
ការអភិរក្សបេតិកភណ្ឌអង្គរ និងអភិវឌ្ឍន៍ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានភាពចាំបាច់ដូចគ្នា
ស្ថាប័នជំនាញនៃរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយអង្គការ UNESCO បានលើកឡើងថា ការទប់ស្កាត់បញ្ហាប្រឈមនៃកំណើនសាងសង់លំនៅឋានថ្មី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ គឺជាករណីចាំបាច់បំផុត ដើម្បីពារការអភិរក្ស និងថែរក្សាសម្បត្តិវប្បធម៌បេតិកភណ្ឌ នៅក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យបានគង់វង្ស។

តំណាងអង្គការ UNESCO ប្រចាំកម្ពុជា លោក Sada Umar Alam បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពេញអង្គលើកទី៣១ របស់គណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក កាលពីថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាបថា តំបន់អង្គរគឺជាសម្បត្តិបេតិកភណ្ឌរស់ ដែលត្រូវការពារកុំឱ្យមានការរំលោភបំពាននានា ហើយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរក៏មានសារៈសំខាន់ដូចគ្នា។
លោក Sada Umar ALam បញ្ជាក់ទៀតថា ដោយសារតែតំបន់អង្គរមានសារៈសំខាន់នៃតម្លៃបេតិកភណ្ឌ ដូច្នេះរាល់ការអភិវឌ្ឍន៍នានា របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរ គឺត្រូវតែគិតគូរទៅលើបញ្ហាប្រឈមនានាដែលអាចនឹងប៉ះពាល់ចំពោះតម្លៃនៃបេតិកភណ្ឌទាំងនោះ។

ការលើកឡើងរបស់តំណាងអង្គការ UNESCOនេះ ខណៈដែលចំនួនប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរ នៅតែកើនឡើង ជាហេតុធ្វើឱ្យមានការបារម្ភចំពោះបញ្ហាប្រឈមនានាទៅលើបេតិកភណ្ឌពិភពលោក។
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងនៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៩ របស់គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប កាលពីថ្ងៃទី១១ខែធ្នូថា អង្គរគឺជាកន្លែងបុរាណវិទ្យា ដែលត្រូវការពារ ដោយសារតែបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ១៩៩២។
លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋចំនួនជាង១០០ភូមិ កំពុងរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាតំបន់ការពារ។ បច្ចុប្បន្ននេះចំនួនពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរមានការកើនឡើងជាប្រចាំ ដែលបង្កើតជាសម្ពាធយ៉ាងខ្លាំង ធ្វើឱ្យមានឧបសគ្គដល់កិច្ចការពារអង្គរ។

ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ កំពុងពិគ្រោះយោបល់ជាមួយក្រសួងពាក់ព័ន្ធ ជាមួយអាជ្ញាធរជាតិអប្សរាព្រមទាំងបានដាក់សំណើរចូលទៅក្នុងកិច្ចប្រជុំនៃទីស្ដីការគណរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាលផង ដើម្បីរកដំណោះស្រាយសមរម្យលើបញ្ហាជាច្រើន ដែលកំពុងតែប្រឈមទាំងនោះ។
លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា តាំងតែពី២ឆ្នាំមុន រដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ដោះស្រាយលើបញ្ហាប្រឈមនៃសំណង់កើនឡើងនៅក្នុងតំបន់អង្គរនេះ ដោយបានរៀបចំដីថ្មីចំនួន២កន្លែង ១កន្លែងនៅ ក្រុងរុនតាឯក និងមួយកន្លែងទៀតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ដើម្បីដោះដូរឱ្យពលរដ្ឋណាដែលព្រមចាកចេញពីតំបន់អង្គរទៅរស់នៅមានដីកម្មសិទ្ធិស្របច្បាប់។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា មានប្រសាសន៍បញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពេញអង្គលើកទី៣១របស់គណកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក កាលពីល្ងាចថ្ងៃទី១៣ខែធ្នូថា បច្ចុប្បន្នការរៀបចំដីធ្លីនៅតំបន់ពាក់ស្នែង ដើម្បីឱ្យប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរ ទៅតាំងទីលំនៅថ្មី នៅមិនទាន់រួចរាល់នៅឡើយដោយមិនទាន់មានប្រព័ន្ធទឹកស្អាត និងថាមពលអគ្គីសនីប្រើប្រាស់ជាដើម។
លោកស្រីបានបញ្ជាក់ថា នៅពេលណាដែលតំបន់ដីនៅឃុំពាក់ស្នែង បានរៀបចំរួចរាល់ គឺរដ្ឋាភិបាលនឹងផ្ដល់ជូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរ ឱ្យទៅរស់នៅទីនោះ បន្តបន្ទាប់៕
អត្ថបទ៖ គឿនវេត

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត