ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ ការរើសអើង ប្រមាថមាក់ងាយ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ជនមានពិការភាព
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា ការរើសអើង ការប្រមាថមាក់ងាយ ការផាត់ចេញពីសហគមន៍ ការមិនរាប់អាន ការមិនទទួលស្គាល់ ការមិនផ្តល់សេវា ការមិនផ្តល់ឱកាស និងមិនមានសិទ្ធិពេញលេញនៅក្នុងសង្គម ដែលនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ជនមានពិការភាព។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី ២៦ និងអន្តរជាតិលើកទី ៤២ និងជួបសំណេះសំណាលជាមួយកុមារ មានពិការសតិបញ្ញា និងអូទីស្សឹម នៅវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៤ នេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម-លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា ប្រតិភូអមដំណើរ លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្ត ព្រមទាំងមន្ទីរជុំវិញខេត្តផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត បានផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាព ជនពិការ និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះជនមានពិការភាពទាំងអស់ ដែលលោកទាំងទ្វេ តែងតែខ្វល់អំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបទាំងអស់ ជាពិសេសគឺពលរដ្ឋដែលមានពិការភាព ជនមានពិការភាពសតិបញ្ញា និងអូទីស្សឹម ដោយមិនទុកឲ្យអ្នកណានៅឯកានោះទេ។

សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ទិវាជនមានពិការភាពអន្តរជាតិ ត្រូវបានប្រារព្ធឡើងនៅគ្រប់ប្រទេសទូទាំងពិភពលោកនៅថ្ងៃទី ៣ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិចូលរួមសកម្មភាពនានាក្នុងសង្គមរបស់ជនមានពិការភាពប្រមាណ ១,៥ ពាន់លាននាក់ នៃប្រជាជនសរុបនៅក្នុងពិភពលោក ដែលជាជនមានពិការភាពកាយសម្បទា ញាណដឹង សតិបញ្ញាជាដើម ដោយសារតែការរស់នៅរបស់ពួកគេតែងតែប្រឈមជាមួយឧបសគ្គរារាំងនានាដូចជា ៖ ការរើសអើង ការប្រមាថមាក់ងាយ ការផាត់ចេញពីសហគមន៍ ការមិនរាប់អាន ការមិនទទួលស្គាល់ ការមិនផ្តល់សេវា ការមិនផ្តល់ឱកាស និងមិនមានសិទ្ធិពេញលេញនៅក្នុងសង្គម ដែលនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍បន្តថា សម្រាប់កម្ពុជា ការប្រារព្ធទិវាជនមានពិការភាពនេះឡើង ដើម្បីរំលឹកពីមហាវិនាសកម្មដែលបានកើតឡើងដោយសារភ្លើងសង្គ្រាម ជាពិសេសដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើនដល់សង្គមរួមមានស្ត្រីមេម៉ាយ កុមារកំព្រា ជនមានពិការភាព ព្រមទាំងបានបន្សល់នូវគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមស្ទើរតែពាសពេញផ្ទៃប្រទេស។ នេះជាសោកនាដកម្មមួយរបស់កម្ពុជា ដែលប្រជាជនកម្ពុជាធ្លាប់ទទួលរងពីការទម្លាក់គ្រាប់បែករាប់លានតោន ដែលបានធ្វើឲ្យប្រជាជនរបួស ពិការ ស្លាប់រាប់លាននាក់ ដោយគ្មានការទទួលខុសត្រូវ ហើយបន្ទុកទាំងនេះក៏បានធ្លាក់មកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងសម័យកាលជាបន្តបន្ទាប់មកនេះ។ ដូចនេះ ការធានាបាននូវសន្តិភាព នឹងជួយបង្ការការវិលត្រឡប់មកវិញ នៃជម្លោះ និងសង្គ្រាម ដែលជាកត្តាដ៏ចម្បងនៅក្នុងការកាត់បន្ថយពិការភាពរបស់មនុស្សជាតិនៅលើភពផែនដីនេះ ក៏ដូចជាការកសាងលក្ខខណ្ឌ សម្រាប់លើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ជនមានពិការភាពផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានខិតខំគ្រប់បែបយ៉ាង សំដៅកែលម្អជីវភាពរស់នៅ និងធានាដល់ការធ្វើអន្តរកម្មជនមានពិការភាពគ្រប់សកម្មភាព ការលើកកម្ពស់ការងារ និងធុរកិច្ច តាមបរិការណ៍ នៃបរិវត្តកម្មឌីជីថល។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏បាននិងកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម និងកម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក្នុងគោលបំណងរក្សាលំនឹងជីវភាព និងសេដ្ឋកិច្ចផងដែរ។

នាឱកាសនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំសាលា ដែលបានយកចិត្តទុកដាកក្នុងការមើលថែ និងជួយបង្រៀនដល់កុមារមានពិការភាពសតិបញ្ញា និងអូទីស្សឹម ព្រោះថា ពួកគាត់មានលក្ខណៈខុសពីកុមារធម្មតា ដែលមិនងាយក្នុងការគ្រប់គ្រង និងបង្ហាត់បង្រៀនឡើយ ដែលទាមទារឲ្យលោកគ្រូ អ្នកគ្រូ ត្រូវធ្វើនូវសកម្មភាពដដែលៗ ជាច្រើនលើកច្រើនសា ទើបសិស្សអាចចាប់បាន រួមជាមួយនឹងភាពអត់ធ្មត់របស់លោកគ្រូ អ្នកគ្រូ គឺធ្វើដោយការពេញចិត្ត និងពោរពេញទៅដោយទឹកចិត្តស្រលាញ់ចេញពីបេះដូង៕
អត្ថបទ ៖ វិមាន




-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?