Connect with us

ព័ត៌មានជាតិ

រយៈពេល៣ថ្ងៃ​ ទស្សនិកជនជាង១៣ម៉ឺននាក់ បានចូលទស្សនាពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យាដោយសេរី

បានផុស

នៅ

ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យាឆ្នាំ២០២៤ ដែលរៀបចំឡើងរយៈពេល៣​ថ្ងៃ នៅមូលដ្ឋានទ័ពអាកាសកម្ពុជា ​ បានបិទបញ្ចប់ជាស្ថាពរនៅរាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ដោយប្រមូលបានអ្នកចូលរួមទស្សនាជាង១៣ម៉ឺននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទំព័រហ្វេសប៊ុកផ្លូវការពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យាសរសេរបង្ហាញពីចំនួនអ្នកចូលទស្សនាដូច្នេះ៖«ទស្សនិកជន ដែលបានមកចូលរួមទស្សនា ក្នុងព្រឹត្តិការណ៍ ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា លើកទី៤ ឆ្នាំ២០២៤ សរុបទាំង៣ថ្ងៃ ចំនួន ១៣៩,២០០នាក់។ »។

តាមទិន្នន័យបានឱ្យដឹងថា នៅថ្ងៃសុក្រទី១៣​ ខែធ្នូ សិស្សានុសិស្ស និស្សិត ពលរដ្ឋ ចំនួន៨ ២១៨នាក់បានចូលរួមទស្សនាពិព័រណ៍។ សម្រាប់ថ្ងៃទី២ នៃពិព័រណ៍ គឺថ្ងៃសៅរ៍ទី១៤ គឺមនុស្សចំនួន២៧ ៥៩៥នាក់ បានចូលទស្សនា និងនៅថ្ងៃអាទិត្យ ទី១៥ ដែលជាថ្ងៃចុងក្រោយ នៃកម្មវិធីគឺមនុស្សចំនួន១០៣ ៣៨៧នាក់ បានចូលទស្សនា។

លោក អេង ប៊ុនថេង ប្រតិបត្តិករ និងជាប្រធានគ្រប់គ្រងព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា បានឱ្យដឹងថាក្នុងចំណោមអ្នកចូលរួមទស្សនាពិព័រណ៍ គឺភាគនិងច្រើនរស់នៅរាជធានីភ្នំពេញ និងមួយចំនួនធ្វើដំណើរមកពីបណ្ដាខេត្ត ដោយចំណាយពេលវេលា និងថវិកាជិះឡានឈ្នួល ដើម្បីចូលរួមទស្សនាក្នុងបំណងទទួលបានចំណេះដឹងពីបច្ចេកវិទ្យា និងយន្តហោះ ក៏ដូចជាបានទស្សនា ប៉ះ និងជិះសាកល្បង ព្រោះកន្លងមកធ្លាប់តែឃើញហោះនៅលើអាកាស។

តាមរយៈចំនួនអ្នកចូលរួមទស្សនាច្រើនបែបនេះ លោក អេង ប៊ុនថេង បានចាត់ទុកថា ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យាឆ្នាំ២០២៤ គឺទទួលបានជោគជ័យធំបំផុត ក្នុងចំណោមព្រឹត្តិការណ៍ពិព័រណ៍យន្តហោះដែលបានរៀបចំ៣លើកកន្លងមក ត្បិតកាលពីពេលកន្លងមករយៈពេល៣ថ្ងៃ នៃពិព័រណ៍ គឺទទួលបានអ្នកចូលរួមទស្សនាមិនលើសពី៥ម៉ឺននាក់ឡើយ។

គួរឱ្យដឹងថា ពិពរណ៍យន្តហោះ និងបច្ចេកវិទ្យា គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យ មានតែមួយគត់ក្នុងប្រទេសកម្ពុជា ជាព្រឹត្តិការណ៍ដាក់តាំងបង្ហាញប្រភេទយន្តហោះផ្សេងៗ និងការប្រកួតស្នាដៃបច្ចេកវិទ្យាប្លែកៗ ជាមួយគំនិតច្នៃប្រឌិតឥតដែនកំណត់របស់យុវជនកម្ពុជា។

ព្រឹត្តិការណ៍ ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា (Air & Tech Show) ធ្លាប់ធ្វើឡើងចំនួន ៣លើករួចមកហើយ ពោលគឺក្នុងឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២១ ចំណែកនៅឆ្នាំ២០២៤នេះ​ គឺជាលើកទី៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម