ព័ត៌មានជាតិ
មន្រ្តីជំនាញ៖ ទឹកមានសម្រាប់ពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃនារដូវប្រាំងខាងមុខ តែមិនមានគ្រប់គ្រាន់ក្នុងការស្រោចស្រពដំណាំទេ
ផលដំណាំស្រូវរបស់ប្រជាកសិករនៅស្រុករុក្ខគិរី និងស្រុកមោងឬស្សី កំពុងប្រឈមនឹងភាពរាំងស្ងួនជាបណ្តើរៗ ដែលជាក្តីបារម្ភរបស់ប្រជាកសិករអំពីការខូចខាត ទើបប៉ុន្មានថ្ងៃមកនេះ កសិករបានប្រមូលផ្តុំគ្នា ដើម្បីសំណូមពរដល់អាជ្ញាធរខេត្ត និងមន្ត្រីនៃមន្ទីរធនធានទឹក ឲ្យទម្លាក់ទឹក ដើម្បីស្រោចស្រពលើផលដំណាំស្រូវរបស់ពួកគេដែលកំពុងប្រឈមនឹងការខ្វះខាតទឹកស្រោចស្រព ខណៈតាមបឹង ឬស្រះ តូចៗនៅជិតផ្ទះ ក៏រីងជាបណ្ដើរៗ។

ក្រោយពីការប្រមូលផ្តុំគ្នារបស់កសិករតវ៉ាឲ្យមានការទម្លាក់ទឹក កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ គេសង្កេតឃើញមានមន្ត្រីជាច្រើនរូប រួមនិងអាជ្ញាធរមូលដ្ឋាន បានចុះដល់គោលដៅ នៅចំណុចអាងស្តុកទឹកបាសាក់ ស្ថិតក្នុងភូមិច្រាំងខ្ពស់ ឃុំបាសាក់ ស្រុករុក្ខគីរី។
ក្នុងនោះគេសង្កេតឃើញមានអនុប្រធានមន្ទីរ ទទួលបន្ទុកក្តាប់រួម នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង រួមនិងមន្រ្តីជំនាញ បានចុះពន្យល់ដល់កសិករទាំង ២ ស្រុក ជុំវិញមូលហេតុនៃការរក្សាទឹកទុកប្រើប្រាស់ប្រចាំថ្ងៃរបស់កសិករនារដូវប្រាំងខាងមុខ ដោយឡែកចំពោះការផ្គត់ផ្គង់សម្រាប់ស្រោចស្រពដំណាំស្រូវ មិនអាចផ្គត់ផ្គង់បន្តបានទេ។

តំណាងប្រជាពលរដ្ឋទាំង ២ ស្រុក លោក ទូច គឿន បានឲ្យដឹងថា បើទោះបីជាហេតុផលយ៉ាងណាក្តី លោកក៏បានធ្វើការស្នើសុំឲ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ក៏ដូចជាអាជ្ញាធរស្រុកមេត្តាបើកទឹកដល់ពួកគេ ដើម្បីយកទៅបំពេញអាង ស្រះ អណ្តូង ដែលស្ថិតនៅជិតផ្ទះ សម្រាប់ទុកប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ឆ្លើយតបភ្លាមៗជាមួយតំណាងពលរដ្ឋ លោក ខៃ សុដា អនុប្រធានមន្ទីរទទួលបន្ទុកក្តាប់រួមនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្ត តបទៅតំណាងប្រជាពលរដ្ឋ ដោយលើកឡើងថា ខាងមន្ទីរ ក៏ដូចជាក្រសួង អាជ្ញាធរស្រុក ខេត្ត ទាំងអស់មានភារកិច្ចរក្សាទឹក សម្រាប់ចែកជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងជីវិភាពរស់នៅប្រចាំថ្ងៃ។
ដោយឡែក ចំពោះការជួយផ្គត់ផ្គង់ដល់ការស្រោចស្រពផលដំណាំស្រូវ គឺពិតជាមានការខ្វះខាត ដោយការអនុវត្តការធ្វើស្រែរបស់ប្រជាពលរដ្ឋយើងមានទំហំធំ លើសពីផែនការកំណត់ ខណៈមន្ទីរធនធានទឹក និងឧតុនិយម បានធ្វើការគណនាទៅ ឃើញថា ការបន្តផ្គត់ផ្គង់សម្រាប់ស្រោចស្រពមិនអាចជួយបានតទៅទៀតទេ គឺត្រូវរក្សាទឹកទុក សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅរបស់កសិករយើងទាំងពីរស្រុកវិញ។

លោកបន្តថា ឆ្លងកាត់ការពិភាក្សាគ្នារយៈពេលមួយព្រឹកនេះឃើញថា កសិករទាំងអស់បានឯកភាពគ្នាថា មិនយកទឹកសម្រាប់ស្រោចស្រពដំណាំស្រូវទេ ផ្តល់តែទឹកសម្រាប់បំពេញអណ្តូង ឬអាងទឹកតូចៗដែលនៅជិតផ្ទះរបស់ពួកគេសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃវិញ។

លោកថា ក្រោយពីខាងមន្ទីរយល់ព្រម លើការឯកភាពគ្នារបស់កសិករ ទាំងពីរស្រុកខាងលើនេះ លោកថា ខាងមន្ទីរត្រូវពឹងផ្អែកទៅលើអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ជាអ្នកអនុវត្តផ្ទាល់លើកិច្ចការងារនេះឲ្យបានសមស្របផង គឺជួយទប់ស្កាត់ នៅពេលខាងមន្ទីរបានបើកទឹកទៅតាមសំណើ ដើម្បីបំពេញអណ្តូង បំពេញស្រះ ដែលនៅជិតផ្ទះ របស់ប្រជាពលរដ្ឋហើយ ត្រូវទប់ស្កាត់អ្នកមួយចំនួនឆ្លៀតបូមទឹកទៅស្រោចស្រពស្រូវ ឲ្យមានប្រសិទ្ធភាព ចៀសវាងមានការខ្វះខាតទឹកប្រើប្រាស់នារដូវប្រាំង ដោយយកថាហេតុ៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ